Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

១០​ថ្ងៃ ៖ លិខិតអញ្ជើញ​ជិត ៥ លាន​សន្លឹក ត្រូវបាន​ចែកជូន​ដល់​អ្នក​មានឈ្មោះក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១

Views: 2

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លិខិតអញ្ជើញ​ជិត ៥ លាន​សន្លឹក ត្រូវបាន​ចែកជូន​ដល់អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ នៅតាម​ភូមិ ក្នុង​ឃុំ សង្កាត់ ទូទាំងប្រទេស រយៈពេល ១០ ថ្ងៃ គឺ​ចាប់់ពី​ថ្ងៃទី ២០-២៩ ខែកញ្ញា ឆ្នាំ​២០២២ ។ នេះបើ តាមការបញ្ជាក់​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​។​

​ផ្អែក​តាម​ចំនួន​នៃ​អ្នក​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ផលិត​លិខិតអញ្ជើញ​ជាង ៩​លាន ២​សែន​សន្លឹក ដើម្បី​ចែកជូន​ដល់​អ្នក​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការឆ្នាំ​២០២១ នៅតាម​ភូមិ​ក្នុង​ឃុំ សង្កាត់ ទូទាំងប្រទេស​។ ការចែក​នេះ បាន​ចាប់ពី​ថ្ងៃទី​២០ ខែកញ្ញា រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​។​

អាជ្ញាធរចែកលិខិតអញ្ជើញ ជូនដល់អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (រូបថតៈគ.ជ.ប.)

​គ​.​ជ​.​ប​. បាន​បង្ហាញថា លទ្ធផល​បណ្តោះអាសន្ន នៃ​ការផ្តល់​លិខិតអញ្ជើញ អ្នកមានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ចាប់​ព​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ បាន​ចំនួន ៤.៥៨០.៦០៣ សន្លឹក ស្មើនឹង ៤៩,៧៦%​។​

​គ​.​ជ​.​ប​. បាន​បញ្ជាក់ថា យោងតាម​ប្រតិទិន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត ឆ្នាំ​២០២២ ដំណើរការ​នៃ​ការផ្ដល់​លិខិតអញ្ជើញ ជូន​អ្នកមានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ នៅតាម​ភូមិ​ក្នុង​ឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២​។

​ការចែក​លិខិតអញ្ជើញ​នេះ មាន​រយៈពេល ៣០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ខែកញ្ញា រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ ហើយ​ប្រសិនបើ​មាន​លិខិតអញ្ជើញ​នៅសល់ ត្រូវ​រក្សាទុក​នៅ​សាលាឃុំ សង្កាត់ ដើម្បី​ផ្ដល់​បន្ត រហូតដល់​ថ្ងៃ​បញ្ចប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។​

អាជ្ញាធរចែកលិខិតអញ្ជើញ ជូនដល់អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (រូបថតៈគ.ជ.ប.)

​គ​.​ជ​.​ប​. បានបញ្ជាក់​ទៀតថាៈ គោលបំណង​នៃ​ការផ្ដល់​លិខិតអញ្ជើញ​នេះ គឺ​ដើម្បីជម្រាប ជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គឺ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ ហើយ​ដែល​បាន​ប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ដែល​អស់​សុពលភាព ឬ​ឯកសារ​បញ្ជាក់ អត្តសញ្ញាណ បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត (​ឯ​.​អ​) កន្លងមក ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​មក​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ ក្នុង​បញ្ជី​បោះឆ្នោត​តាម អ​.​ខ ដែលមាន​សុពលភាព ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ។​

​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ ហើយ​ដែល​បាន​ប្រើ អ​.​ខ ដែលមាន​សុពលភាព ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​កន្លងមក ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន ក្នុង​បញ្ជី​បោះឆ្នោត​។ ប្រសិនបើ​ពិនិត្យ ឃើញថា មានការ​កត់ត្រា​មិនបាន​ត្រឹមត្រូវ​តាម អ​.​ខ ដែលមាន​សុពលភាព អាច​ស្នើសុំ​កែតម្រូវ ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។​

​គួរ​បញ្ជាក់ថា បើទោះបីជា​អ្នកបោះឆ្នោត​មិន​បានទទួល​លិខិតអញ្ជើញ ដោយ​មូលហេតុ ណាមួយ ឬ​អ្នកបោះឆ្នោត ដែល​ទទួលបាន​លិខិតអញ្ជើញ​ហើយ ប៉ុន្តែ​ខកខាន​មិនបាន មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន តាម​ការអញ្ជើញ ក៏​ឈ្មោះ​របស់​ពួកគាត់ នៅ​រក្សា​ដដែល ក្នុង​បញ្ជី​បោះឆ្នោត​៕/V​

អាជ្ញាធរចែកលិខិតអញ្ជើញ ជូនដល់អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (រូបថតៈគ.ជ.ប.)

អាជ្ញាធរចែកលិខិតអញ្ជើញ ជូនដល់អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (រូបថតៈគ.ជ.ប.)

Post navigation