Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Arsenal, Man U, Liverpool រំពឹង​ឈ្នះ​ក្នុង EPL ថ្ងៃ​សៅរ៍​នេះ​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​កាំភ្លើង​ធំ​រំពឹងថា​នឹង​អាច​យកឈ្នះ​លើ Everton នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​រក្សា​ពិន្ទុ​ខ្ពស់​លើ​កំពូល​តារាង EPL ស្រប​ពេល​នេះ​ដែរ បិសាច​ក្រហម Man U ក៏​រំពឹង​ឈ្នះ​លើ Crystal Palace ផងដែរ ដើម្បី​បន្ថយ​គម្លាត​ពិន្ទុ​ពី​កាំភ្លើង​ធំ​។ ទន្ទឹមនេះ Liverpool ក៏​រំពឹង​យកឈ្នះ​លើ Wolves ផងដែរ​ដើម្បី​ប្រជែង​តំណែង​កំពូល​ទាំង​បួន​ក្នុង Premier League​។​

​ការព្យាករណ៍ ៖

– Everton vs Arsenal

* Arsenal ឈរ​នៅ​កំពូល​តារាង Premier League ដោយ​ឈ្នះ ១៦ ប្រកួត​ពី ១៩ ប្រកួត​ក្នុង​លី​ក​។​
* Arsenal បាន​កត់ត្រា Clean Sheet ចំនួន ៩ លើក​នៅក្នុង Premier League រដូវ​កាល​នេះ​។​
* Everton កំពុង​ស្ថិតក្នុង​តំបន់​កាត់ចោល​ដោយ​ឈ្នះ​ក្នុង​លី​ក​តែ​៣​ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​។​
* Eddie Nketiah រកបាន ៤ គ្រាប់​ក្នុង Premier League នៅ​រដូវ​កាល​នេះ​។​

​លោក Sean Dyche ត្រូវបាន​ប្រកាស​ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់ Everton នៅ​ដើម​សប្តាហ៍​នេះ ហើយ​ត្រូវ​ប្រឈម​តេស្តិ៍​ដ៏​លំបាក​លើកដំបូង​នៅក្នុង​បន្ទុក ខណៈ​ក្រុម​របស់​គាត់​ស្វាគមន៍​ក្រុម​កំពូល​តារាង Premier League Arsenal មកកាន់​កីឡដ្ឋាន Goodison Park នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​បរាជ័យ​ក្នុង​លទ្ធផល ២-០ ក្រោម​ស្នាដៃ​ក្រុម West Ham ក្នុង​លី​ក​បាន​បញ្ចប់​តំណែង​របស់​លោក Frank Lampard ហើយ​អតីត​គ្រូបង្វឹក​ក្រុម Burnley លោក Dyche បាន​ទទួល​មរតក​ក្រុម​ដែល​កំពុង​តស៊ូ​ងើប​ចេញពី​តំបន់​កាត់ចោល​។​

​ការ​ចាញ់​ក្រុម​ញញួរ​ធំ​គឺ​ជា​ការប្រកួត​ចាញ់​លើក​ទី​៤​ជាប់ៗ​គ្នា​របស់ Everton នៅ​គ្រប់​ការប្រកួត​ទាំងអស់ ហើយ​ពួកគេ​ចូលមក​ក្នុង​ការប្រកួត​ទល់​នឹង​ក្រុម Arsenal ក្រោយ​កត់ត្រា​ជ័យជម្នះ​ក្នុង​លី​ក​តែ ៣ ដង​ប៉ុណ្ណោះ​ពី​ការប្រកួត​លី​ក​ចំនួន ២០ ដង​។​

​លោក Dyche ដែល​បាន​ដឹកនាំ​ក្រុម Burnley ទៅកាន់​ទ្វីបអឺរ៉ុប​ជា​លើកដំបូង​ក្នុង​រយៈពេល ៥១ ឆ្នាំ ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើឱ្យ Everton កាន់តែ​ការពារ​រឹង​ជាង​មុន​ពី​វិធីសាស្ត្រ​គ្រប់គ្រង​បែប​គណនា​របស់គាត់ ប៉ុន្តែ​វា​អាច​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ដាក់ចេញ​វិធីសាស្ត្រ​របស់​គាត់​លើ​ក្លិប​នេះ​។​

​កាំភ្លើង​ធំ Arsenal កំពុង​មាន​ប្រៀប​លើ​ក្រុម Manchester City ចំនួន ៥ ពិន្ទុ​លើ​កំពូល​តារាង Premier League ជាមួយនឹង​មួយ​ប្រកួត​ក្នុង​ដៃ​។​

​កូនក្រុម​របស់លោក Mikel Arteta បាន​ទទួល​ជ័យជម្នះ​ធំៗ​ចំនួន​ពីរ​លើ​គូ​ប្រជែង​របស់​ពួកគេ​នា​ពេល​ថ្មីៗ​នេះ ដោយ​បាន​ផ្តួល​ក្រុម Tottenham និង Manchester United ក្នុង​លី​ក​ក្នុង​ខែ​មករា ហើយ​ពួកគេ​គឺជា​ក្រុម​មាន​ប្រៀប​ជាងគេ​ក្នុង​ការលើក​ពាន Premier League យ៉ាង​ភ្ញាក់ផ្អើល​។​

​ធនធាន​កីឡាករ​នឹង​ក្លាយជា​កង្វល់​ទៅ​ថ្ងៃមុខ​សម្រាប់​អ្នកគាំទ្រ Arsenal ខណៈ​ពួកគេ​បាន​បរាជ័យ​ក្នុង​ការប៉ុនប៉ង​ទិញ​កីឡាករ Moises Caicedo នៅ​ចុងបញ្ចប់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ មុន​ពេល​ងាក​មក​ចាប់អារម្មណ៍​កីឡាករ Jorginho ហើយ​ការ​ជ្រុះ​ចេញពី FA Cup ក្រោម​ថ្វីដៃ​របស់ Manchester City អាច​ជា​ពរ​ជ័យ​របស់​ពួកគេ​សម្រាប់​លទ្ធភាព​លើ​កពាន EPL ទៅវិញ​ទេ​។​

​ដោយ​ដឹងថា​ត្រូវ​ប៉ះ Man City នៅ​ចុងខែ​កុម្ភៈ​នេះ Arsenal ដឹង​ច្បាស់​ថា នេះ​គឺជា​ប្រភេទ​ការប្រកួត ដែល​ពួកគេ​មិន​អាច​របូត​ពិន្ទុ​បានឡើយ ហើយ​ការទទួល​ជ័យជម្នះ​ជា​វិធី​តែ​មួយគត់​ដើម្បី​លទ្ធភាព​ឈ្នះ​ពាន​។​

​លទ្ធផល​ព្យាករណ៍ Arsenal ឈ្នះ ២-០​។​

– Manchester United vs Crystal Palace

* Manchester United បានឈ្នះ ៧ ប្រកួត​ក្នុងចំណោម​ការប្រកួត​លី​ក​ចំនួន ៩ លើ​ក​របស់​ពួកគេ​នៅ Old Trafford ក្នុង​រដូវ​កាល​នេះ​។​
* ក្នុង​ការប្រកួត​ក្នុងផ្ទះ​ក្នុង​លី​ក​ចំនួន ៩ លើក​ក្នុង​រដូវ​កាល​នេះ Man United បាន​រក្សា Clean Sheet ចំនួន ៥​។​
* Crystal Palace មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Marcus Rashford រក​គ្រាប់​បាល់​បាល​១​គ្រាប់​ជា​មធ្យម​រៀងរាល់ ១៨០ នាទី​ក្នុង Premier League រដូវ​កាល​នេះ​។​

​ការ​ប្រឹង​ដណ្តើមពាន​របស់ Manchester United ត្រូវ​បាន​វាយ​សំពង​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ចុង​ម៉ោង​ពី Crystal Palace នៅពេល​ក្លិប​ទាំងពីរ​បាន​ជួបគ្នា​កាលពីដើម​ខែ​មករា ប៉ុន្តែ​បិសាច​ក្រហម​សុំ​សងសឹក​លើ​ក្រុម​ឥន្ទ្រី​ដែក​វិញ នៅ​ពេល​ពួកគេ​ជួប​គ្នា​ម្តង​ទៀត​នៅ​កីឡដ្ឋាន Old Trafford ។​

​ក្រោយ​ទើប​ទទួល​ជ័យជម្នះ​ដ៏​ធំ​លើ​ក្រុម Manchester City ក្រុម​បិសាច​ក្រហម​បាន​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Selhurst Park កាលពី​ថ្ងៃ​ពុធ​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់ ហើយ​ប៊ិះ​តែ​នឹង​ទទួល​ជ័យជម្នះ ដែល​នឹង​កាត់បន្ថយ​គម្លាត​រវាង​ពួកគេ​និង​ក្រុម​នាំមុខ Arsenal ។​

​នោះ​គឺ​រហូត​ដល់​កីឡាករ Michael Olise រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ជាមួយនឹង​ការ​ស៊ុត​បាល់​ពិន័យ Free-kick ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅ​នាទី​ទី ៩១ ដែល​មានន័យថា ក្រុម​ទាំង​ពីរ​ស្មើគ្នា ១-១ និង​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​។​

​សម្រាប់ United ការ​ស្មើ​នោះ​កើតឡើង​ក្រោយ​ទើប​តែ​ចាញ់ ៣-២ ក្រោម​ស្នាដៃ Arsenal នៅ​កីឡដ្ឋាន Emirates ហើយ​ក្តី​សង្ឃឹមដ៏​ស្រពេចស្រពិល​របស់លោក Erik ten Hag ក្នុង​ការលើក​ពាន​លី​ក ឥឡូវនេះ​បាន​រលាយ​បាត់​ទៅ​ហើយ​។​

​ទោះយ៉ាងណា ពួកគេ​នៅតែ​ស្ថិត​ក្នុង​ការ​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន ហើយ​បាន​កត់ត្រា​ការ​ឈ្នះ​ខាប់​សំខាន់ៗ​មួយចំនួន​លើ Nottingham Forest និង Reading ចាប់តាំងពី​ការ​ចាញ់​នោះ​មក​។​

​ហើយ​ពួកគេ​មើល​ទៅ​មាន​លទ្ធភាព​ខ្ពស់​ណាស់​ដើម្បី​ផ្តួល Crystal Palace ក្នុង​ទីក្រុង Manchester នៅ​ថ្ងៃ​សៅរ៍​។​

​រំពឹងថា Rashford នឹង​បង្ក​ព្យុះភ្លៀង ហើយ​ជួយ Man U ឈ្នះ​ក្នុង​លទ្ធផល​ទស្សនទាយ ២-០​។​

– Wolves vs Liverpool

* Wolves រក​បាន​គ្រាប់​បាល់​តិច​បំផុត​ក្នុងចំណោម​ក្រុម​ទាំងអស់​ក្នុង Premier League រដូវ​កាល​នេះ គឺ ១២ គ្រាប់​។​
* Liverpool ឈ្នះ ៨ លើក​ក្នុង​ការប្រកួត EPL ១៩ លើក​។​
* ១១ ប្រកួត​ចុងក្រោយ​របស់ Wolves មាន​គ្រាប់​បាល់​តិចជាង ២,៥​។​

Liverpool បាន​រង​បរាជ័យ​មួយ​ផ្សេង​ទៀត​កាលពី​ចុង​សប្តាហ៍ ដោយ​ចាញ់ Brighton ២-១ ខណៈ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ Kaoru Mitoma បាន​ទម្លាក់​ម្ចាស់​ជើងឯក FA Cup នេះ​។ ហង្ស​ក្រហម​នឹង​សម្លឹង​ងើប​ឡើង​វិញ​ពេល​ប៉ះ Wolves បន្ទាប់​ពី​ឈ្នះ​តែ​១​ប្រកួត​គត់​ក្នុង​ចំណោម​ការប្រកួត​៧​លើកចុងក្រោយ​។​

​ជ័យជម្នះ​តែមួយគត់​នៅក្នុង​ការប្រកួត​ទាំងនោះ​គឺ​ការ​ឈ្នះ ១-០ លើ Wolves នៅក្នុង​ជុំ​មុនៗ​នៃ FA Cup ហើយ​លោក Jurgen Klopp សង្ឃឹមថា កូនក្រុម​របស់​លោក​នឹង​អាច​ទទួលបាន​ទំនុកចិត្ត​ពី​ជ័យជម្នះ​នោះ​នៅ​ក្នុង​ការប្រកួត​នេះ​។​

​ការបញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​ឥឡូវ​នេះ​គឺជា​អាទិភាព​កំពូល​របស់​ហង្ស​ក្រហម​នៅ​ក្នុង​លី​ក ហើយ​ពួកគេ​ត្រូវតែ​ប្រឹង​ឱ្យ​ខ្លាំង​ចាប់ពី​ឥឡូវ​ទៅ មិន​អ៊ីចឹង​ទេ​នឹង​ហួសពេល ព្រោះ​គូប្រជែង​កំពុង​មាន​សន្ទុះ​ទៅមុខ​លឿន​ណាស់​។​

Wolves បាន​បណ្តេញ​អ្នក​ចាត់ការ​ទូទៅ Bruno Lage កាលពី​ឆ្នាំមុន ហើយ​បាន​ជំនួស​គាត់​ដោយ​អតីត​អ្នក​ចាត់ការ​ទូទៅ​របស់អេ​ស្ប៉ាញ​និង Sevilla លោក Julen Lopetegui ខណៈ Wolves បាន​ប្រឹង​គេច​ពី​តំបន់​កាត់ចោល​។​

​បញ្ហា​លេខ​មួយ​សម្រាប់​លោក Lopetegui គឺ​កង្វះ​គ្រាប់​បាល់ ដោយ​ក្រុម​របស់​គាត់​ស៊ុត​បញ្ចូល​ទី​បានត្រឹមតែ ១២ គ្រាប់​ប៉ុណ្ណោះ​ក្នុង ២០ ប្រកួត​ក្នុង Premier League ដែល​ជា​ការ​ស៊ុត​ចូល​តិចជាងគេ​បំផុត​។​

​ខណៈ Liverpool ធ្វើ​មិន​បាន​ល្អ​ក្នុង​រដូវ​កាល​នេះ ពួកគេ​អាច​ទទួលបាន​ទំនុកចិត្ត​ច្រើន​ពី​កំណត់ត្រា​ដ៏​រឹងមាំ​របស់​ពួកគេ​ទល់​នឹង​គូប្រជែង​មួយ​នេះ​។ ពួកគេ​បាន​ឈ្នះ​ចំនួន ៨ លើក​ក្នុងចំណោម ៩ លើកចុងក្រោយ​ជាមួយនឹង Wolves ហើយ​ការ​ឈ្នះ ៦ លើក​ក្នុងចំណោម​នោះ​គឺ​ឈ្នះ​ទល់នឹង​សូន្យ​។​

​ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះគ្នា​រួចហើយ​ក្នុង​រដូវ​កាល​នេះ​ក្នុង FA Cup ដោយ​ហង្ស​ក្រហម​បាន​ឈ្នះ​ក្នុង​លទ្ធផល ១-០​។ កូនក្រុម​របស់លោក Jurgen Klopp ត្រូវតែ​ចាប់ផ្តើម​ឈ្នះ​ការប្រកួត​លី​ក ប្រសិនបើ​ពួក​គេ​ចង់​ជោគជ័យ​ក្នុង​ការ​ប្រជែង​យក​ចំណាត់​កំពូល​ទាំង​៤ ហើយ​ពួកគេ​អាច​ទាញយក​ប្រយោជន៍​ពី​ក្រុម​ម្ចាស់ផ្ទះ ដែល​ពិបាក​រក​គ្រាប់​បាល់​មួយ​នេះ​។​

​លទ្ធផល​ទស្សនទាយ Liverpool ឈ្នះ ១-០៕

Arsenal នឹង​កាន់តែ​ដាច់​ពិន្ទុ​លើ​កំពូល​តារាង ប្រសិនបើ​ឈ្នះ Everton

Post navigation