Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្លៀង​ច្រើន​ខ្យល់​ខ្លាំង រលក​ខ្ពស់ នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃនេះ

Views: 6

ដោយៈ ប​.​ខុន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ៗ នៅ​ខេត្ត​ព្រះសីហនុ ទូក​អ្នកនេសាទ និង​ទូក​ដឹក អ្នកដំណើរ​ទៅតាម​បណ្តា​កោះ ត្រូវបាន​ហាមឃាត់ ដោយ​អាជ្ញាធរ មិនឱ្យ​ចេញពី​ផែ​។

​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ​ចាប់ពី​ម៉ោង ៩ ដល់​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៧ ខែកញ្ញា នៅ​ក្រុងព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត ៤៨ មី​លី​ម៉ែត្រ ហើយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជាមួយនឹង​ខ្យល់​បក់បោក​ខ្លាំង​លើ​ផ្ទៃសមុទ្រ មាន​រលក​ខ្ពស់ៗ ចាប់តាំងពី​ព្រឹក​រហូត​មកដល់​ពេល​រសៀល​នេះ​។

​ប្រធាន​មន្ទីរជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ បញ្ហា​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​ខ្លាំង​លើ​ផ្ទៃសមុទ្រ​នេះ មន្ទីរ​បាន​ជូន​ព័ត៌មាន​ទៅ​រដ្ឋបាលខេត្ត​រួចហើយ​។ ពេលនេះ គ្មាន​ទូក​ណា​ហ៊ាន​ចេញទៅ​នេសាទ ឬ​ធ្វើដំណើរ​ទៅតាម​បណ្តា​កោះ​នោះទេ បន្ទាប់ពី​អាជ្ញាធរ បាន​ជូនដំណឹង អំពី​ស្ថានភាព​អាកាសធាតុ រួចមក​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​៤ ខែតុលា ថាៈ នៅ​ថ្ងៃទី​២៨ និង ២៩ ខែកញ្ញា ប្រទេស​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ទី​១៦ ឈ្មោះ​ណូ​រុ (NORU) ។ ព្យុះ​នេះ នឹង​ចូល​លើ​ប្រទេស​វៀតណាម ភាគ​កណ្ដាល នៅវេលា​ម៉ោង​១​យប់​ថ្ងៃទី​២៨​ខែកញ្ញា​ក្នុង​កម្រិត​ជា​(STS) រួច​បន្ថយឥទ្ធិពល​ទៅជា​វិ​សម្ពាធ (TD) ដើរ​លើ​តំបន់​អាង​ទន្លេមេគង្គ​មុននឹង​ថមថយ​ឥទ្ធិពល ទៅជា​សម្ពាធ​ទាប (LOW) ។ បន្ទាប់មក ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​មធ្យម ។

​សេចក្តីជូនដំណឹង ខាងលើ បាន​សរសេរ​ទៀតថាៈ ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។​នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែកញ្ញា បណ្ដា​ខេត្ត​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំដែន​ថៃ អាចមាន​ភ្លៀង ក្នុង​កំរិត​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។ រីឯ​រាជធានី និង​បណ្តា​ខេត្ត​ដទៃទៀត អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ​។ បន្ទាប់ពីនោះ ភ្លៀង​អាច​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

​សម្រាប់​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី ២១ ទៅ ២៣ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ ។ នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែកញ្ញា អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា​ទៅ ភ្លៀង​អាច​ធ្លាក់​ក្នុង​កំរិត​ពី​ខ្សោយ​ទៅ​បង្គួរ​។

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី ២៨ ទៅ ៣០ អង្សា​សេ ។ អាចមាន​ភ្លៀង ក្នុង​កំរិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង​លាយឡំ និង​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​ខ្ពស់ៗ បន្ត​រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា​។

​យោង​លើ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕/V​

Post navigation