Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខេត្តត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពល​រដ្ឋ​ប្រមាណ​១៣០​គ្រួសារ នៅព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ ​ស្នើ​អភិបាលស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ​​ឱ្យចេញបណ្ណកម្មសិទ្ធិដីធ្លី​​​ និង​អនុញ្ញាតឱ្យពលរដ្ឋ​អាស្រ័យផលលើដី​របស់ពួកគេ​វិញ​។

ពលរដ្ឋទាំងអស់នោះមកពីឃុំ​ទន្លូង និង​ឃុំជាំក្រវៀន ជាង១០០គ្រួសារ ​បានស្នើឱ្យអាជ្ញាធរស្រុកចេញបណ្ណកម្មសិទ្ធិ​លើដី​របស់ពួកគេចំនួន​១៧៦,៨ហិក​តា ​ដែលពួកគេថា រដ្ឋាភិបាល​បាន​កាត់ឆ្វៀល​ចេញ​ពី​ដីក្រុមហ៊ុន ​«ម៉ែន​ សារ៉ុន​» តាំងពី​ឆ្នាំ២០១២ ខណៈដែលបច្ចុប្បន្ន​ អាជ្ញាធរ​នៅតែបដិសេធ​ចេញ​បណ្ណ​កម្មសិទ្ធិឱ្យពលរដ្ឋ​។

ពលរដ្ឋម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ​ដោយបារម្ភពីសុវត្ថិភាព ឱ្យដឹងថា ដីដែលស្ថិតនៅ​ឃុំ​ទន្លូង និងឃុំ​ជាំក្រវៀន​ ដែលរដ្ឋាភិបាលធ្លាប់ផ្ដល់ដីសម្បទានសង្គមកិច្ចមានទំហំជាង​១ ៧០០ហិកតានោះ អាជ្ញាធរ​មិនទាន់ផ្ដល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋនោះទេ ដោយសារតែ​មាន​អ្នកមានអំណាច​រារាំង និងទាមទារ​​យក​​ចំណែកខ្លះ​នៃដីនោះផងដែរ​។

ហេតុដូច្នេះ​ លោកសង្ឃឹមថា ​រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយពន្លឿន​ការផ្ដល់បណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពលរដ្ឋ​។

លោកថា៖ «មានតែ​ការស្នើសុំ​ឱ្យ​រដ្ឋាភិបាលគាត់ជួយពន្លឿនកិច្ចការប្លង់រឹង​ហ្នឹង​ ដើម្បីក្លាយជាដីស្របច្បាប់ ដើម្បីដោះស្រាយជីវភាព​»។​

ចំណែកឯ​ពលរដ្ឋប្រមាណ២០គ្រួសារទៀត គឺ​មកពីឃុំ​ចាន់មូល បានអះអាងថា ​ដីស្រែរបស់ពួកគេ​ស្ថិតនៅភូមិចាន់មូល និងភូមិស្អំ ស្រុកមេមត់ ជាប់ព្រំដែនប្រទេសវៀតណាម​ ​ដែលពលរដ្ឋធ្លាប់​អាស្រ័យផល​ចំនួន​៣០ហិកតា ត្រូវបានអាជ្ញាធរខ្មែរ​រារាំងមិនឱ្យពួកគេ​បង្កបង្កើនផល​ បើទោះជាដីនោះ​ស្ថិតក្នុងទឹកដីកម្ពុជាក៏ដោយ​។​

ពលរដ្ឋ​​នៅឃុំចាន់មូល​ ជាប់ព្រំដែន​វៀតណាម​ លោក​ អាន សាអ៊ុន បានឱ្យដឹង​ថា តាមពិត ពលរដ្ឋនៅភូមិចាន់មូល និងភូមិស្អំ មានរហូតដល់៥០ គ្រួសារដែលធ្លាប់បានរស់នៅលើផ្ទៃដីសរុបប្រមាណ៨០ហិកតា​ តាំងពី​ឆ្នាំ​១៩៨០មក ​ប៉ុន្តែអាជ្ញាធរវៀតណាម​បានដេញពលរដ្ឋ​ខ្មែរ​មិនឱ្យទៅធ្វើស្រែចម្ការ​ក្នុងភូមិទាំងពីរនេះទេ ​រហូតដល់​មានការបោះបង្គោលព្រំដែនរួចរាល់​។ បែបនេះក្តី លោកថា មានតែពលរដ្ឋ២០គ្រួសារប៉ុណ្ណោះដែលហ៊ានចេញមុខតវ៉ា ចំណែក៣០គ្រួសារទៀតមិនហ៊ានតវ៉ាទេ ព្រោះខ្លាចការគំរាមកំហែង។

លោកបន្តថា ​បន្ទាប់ពីបោះបង្គោលព្រំដែនរួចហើយ​ អាជ្ញាធរ​ខ្មែរបែរជាមិនឱ្យប្រជាពលរដ្ឋរបស់ខ្លួនទៅ​ធ្វើស្រែចម្ការលើទឹកដីដូនតាដែលបានធ្វើតាំងពី​ឆ្នាំ​១៩៨០ទៅវិញ​។ ហេតុដូច្នេះ ​លោកស្នើ​ឱ្យ​រដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋធ្វើស្រែចម្ការឡើងវិញ ​ព្រោះតាំងពីភាគី​វៀតណាមមិនឱ្យធ្វើ​ស្រែចម្ការមក ​ពលរដ្ឋមានជីវភាព​ក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ​។

លោកថា៖​ «ខាងខ្ញុំចង់ស្នើសុំថា ​ដី​ពលរដ្ឋអាស្រ័យផលពី​មុនកន្លងមកហ្នឹង​ សុំឱ្យរដ្ឋ​ឱ្យពលរដ្ឋ​ អន្តរាគមន៍ឱ្យពលរដ្ឋ​ចូលទៅធ្វើដី​រៀងៗខ្លួនរបស់គាត់វិញទៅ។ មានការជួបការលំបាក​ កូនក៏មិនបានរៀន​ ហើយអ្នកខ្លះ​ក៏ចំណាកស្រុកដោយសារអត់មានការងារធ្វើ​»។

ពលរដ្ឋ​ម្នាក់ទៀត​ លោក ស៊ុន សូ អាយុ​៤៨ឆ្នាំ បានឱ្យដឹងថា​ តាំងពីមានការបោះបង្គោលព្រំដែនមក ​​ដីភូមិទាំងពីរនេះស្ថិតនៅក្នុងទឹកដីខ្មែរ ហើយក្នុងនោះក៏មានដី​មរតកតមកតាំង​ពី​ឪពុកម្ដាយរបស់លោកដែរ​ ហេតុដូច្នេះ​ លោកគ្រាន់តែ​ស្នើសុំដី​របស់​លោកមកកាន់កាប់​ និងប្រកបមុខរបរឡើងវិញ​ប៉ុណ្ណោះ​។

លោកថា​៖​ «ដល់ពេលពី​ឆ្នាំ​១៩៩៨ ដល់២០២០ហ្នឹង​ ខាងរដ្ឋាភិបាលបោះបង្គោលព្រំដែន​ ថាដី​ហ្នឹងត្រូវបាន​មក​ខ្មែរវិញ​ហើយ​! ខ្ញុំម្ចាស់ដើមហ្នឹង ដែលយួនធ្លាប់សម្លុត​​​គំរាមបាញ់​ បានទៅចូលលើដីហ្នឹង​ ប៉ូលិសព្រំដែន​ថា​​ដី​មិនទាន់ដាច់​ស្រឡះទេ​»។​​​​

ទាក់ទងនឹងករណី​ដែល​ប្រជាពលរដ្ឋទាំង​៣ឃុំ​មកដាក់ញត្តិទាមទារដំណោះស្រាយដីធ្លីនេះ​ អភិបាលស្រុកមេមត់​ លោក ស្រេង លី​ បានឱ្យដឹងថា​ លោកមិនទទួល​​ដោះស្រាយនោះទេ​ ព្រោះ​លោកត្រូវការអ្នកតំណាងពលរដ្ឋមកជជែកគ្នា​ បើ​មិនមានតំណាងដូច្នេះ​ លោក​មិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចនោះទេ​។

លោកថា​៖ «ហើយថាគាត់អត់មាន គាត់មកដោយខ្លួនឯង​ទៅ ខ្ញុំថា​មិនដែលមកដោយខ្លួនឯង មនុស្សជាង១០០នាក់!​ អ៊ីចឹងខ្ញុំអត់ទទួលឯកសារទេ​ មិនទទួលដោះស្រាយរឿងអីទាំងហ្វូងអ៊ីចឹងទេ​»។

អភិបាលស្រុករូបនេះ​បន្តថា ​ចំពោះ​ពលរដ្ឋ​ដែលស្នើសុំ​សិទ្ធិអាស្រ័យផល​លើ​ដីជាប់ព្រំដែនប្រទេស​វៀតណាមនោះ ​លោកមិនអាចដោះស្រាយបាននោះទេ គឺមានតែគណៈកម្មាធិការព្រំដែនទេ​ដែលមានសិទ្ធិដោះស្រាយ​។

លោកថា៖ ​«អាហ្នឹងទាល់តែសុំទៅថ្នាក់ជាតិបង ព្រោះ​សិទ្ធិសម្រេចនៅលើថ្នាក់ជាតិ ព្រោះគណៈកម្មាធិការព្រំដែន​ អាហ្នឹងផុតសមត្ថកិច្ចថ្នាក់ស្រុកហើយ​ ហើយក៏ផុតសមត្ថកិច្ចថ្នាក់ខេត្តដែរ​ ទាល់តែគណៈកម្មាធិការ​ថ្នាក់ជាតិបានដោះស្រាយបាន​»។

​អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា លោកស្រី​ កុយ ពិសី ថា​គណៈកម្មាធិការ​មិនដោះស្រាយ​ទេ និងមិនមានគម្រោងចុះពិនិត្យកន្លែង​ពលរដ្ឋនោះ​ដែរ​ ព្រោះថា​ ពលរដ្ឋដែលស្នើនោះ​គ្មានឯកសារ​ ហើយលោកស្រីឱ្យ​ខាង​ថ្នាក់ខេត្ត​ជា​អ្នក​ចុះដោះស្រាយ​វិញ​។

លោកស្រីថា​៖​ «​អាហ្នឹងខ្ញុំអត់ដឹងទេ ទាល់តែមានឯកសារ​! រឿងអី[ក៏ដោយ]មិនអាចនិយាយមាត់បានទេ​ បើខ្ញុំអត់ទៅដឹងរឿងអីផង​ សួរ! ខ្ញុំចុះ​[ពិនិត្យ]អី បើខ្ញុំអត់ទៅដឹងរឿងអីផង​! សួរស្រុក កុំសួរបង ព្រោះបងអត់មានដឹងរឿងអីទេ​។ អ៊ីចឹងរឿងស្រុក ឱ្យស្រុកទៅដោះស្រាយទៅ​»។

​អ្នកសម្រប​សម្រួល​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក​ ញិល ភាព ថា​ចំពោះករណី​ដែល​អភិបាលស្រុក​ថា ទាល់តែរកអ្នកតំណាងទើប​ដោះស្រាយជូន​ពលរដ្ឋ​នោះ ​គឺបង្ហាញឱ្យឃើញ​នូវការគេចវេះរបស់មន្រ្តី​ ហើយបើសិនជាមានបំណងគេចវេះនោះ ​គួរតែលាលាងពីតំណែងទៅប្រសើរជាង​។​

លោថា៖​ «ដូច្នេះ គាត់អត់ត្រូវគេចវេះទេ បើគាត់គេចវេះ ​គាត់ត្រូវតែលាលែងឬត្រូវចុះចេញពីតួនាទីហ្នឹងទៅ!​ អាហ្នឹងបើគាត់គេចវេះពីបញ្ហា ហើយមិនដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ​»។

មន្រ្តីសង្គមស៊ីវិលរូបនេះយល់ថា ​ការ​រុញបញ្ហាដាក់គ្នា​ពីស្រុកទៅគណៈកម្មាធិការព្រំដែន​ ពីគណៈកម្មាធិការព្រំដែនទៅ​ស្រុកនេះ​ គឺជាការមិនទទួលខុស​ត្រូវចំពោះរាស្រ្តនិងម្ចាស់ឆ្នោត ព្រោះ​ថា ​គ្រប់មន្រ្តីពាក់ពន្ធទាំងអស់​សុទ្ធ​តែ​មានភារកិច្ច​ដោះស្រាយ​រៀងៗខ្លួន​ និងមិនអាចថា​ខ្លួន​មិនពាក់ព័ន្ធនោះទេ​៕