ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ «សុខ សំណាង» ស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ អះអាងថា អាជ្ញាធរបានគំរាមចាប់ខ្លួន និងឈូសឆាយលំនៅឋានរបស់ពួកគាត់ចោល ប្រសិនបើពួកគាត់មិនព្រមរុះរើផ្ទះចេញពីដីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាងកម្លាំងសន្តិសុខ និងកម្លាំងសមត្ថកិច្ចការពារដីក្រុមហ៊ុនចម្ការកៅស៊ូ «សុខ សំណាង» ជាមួយប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់ និងអាស្រ័យផលនៅលើដីមានជម្លោះ ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខណៈអាជ្ញាធរចុះឈូសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋ។
ពលរដ្ឋម្នាក់ អ្នកស្រី អូន ធី ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍ថា កាលពីថ្ងៃម្សិលមិញ អាជ្ញាធរចម្រុះ រួមមាន កងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានចុះទៅប្រាប់ពលរដ្ឋម្តងទៀត ឱ្យរុះរើផ្ទះ និងចេញពីដីកំពុងជម្លោះជាមួយក្រុមហ៊ុន ហើយគំរាមថា ប្រសិនបើអ្នកភូមិមិនព្រមរើចេញ អាជ្ញាធរនឹងចាប់ខ្លួន និងឈូសឆាយផ្ទះពលរដ្ឋទាំងនោះចោលផងដែរ។
ពលរដ្ឋរូបនេះអះអាងថា គ្រួសារអ្នកស្រី និងពលរដ្ឋផ្សេងទៀត បានចូលទៅអាស្រ័យផលលើដីកំពុងមានជម្លោះតាំងពីឆ្នាំ២០១២ ដោយដាំដំឡូងមី ចេក ស្វាយ ខ្នុរ និងដំណាំហូបផ្លែផ្សេងទៀត ប៉ុន្តែនៅឆ្នាំ២០២១ អាជ្ញាធរខេត្តឧត្ដរមានជ័យបានចុះមកហាមប្រជាពលរដ្ឋមិនឱ្យបង្កបង្កើនផល ដោយថា ពលរដ្ឋរស់នៅលើដីក្រុមហ៊ុន សុខ សំណាង ដោយខុសច្បាប់ទៅវិញ។
អ្នកស្រី អូន ធី បន្តថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុនរយៈពេលជាង១ឆ្នាំមកនេះ គឺធ្លាប់មានការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងសមត្ថកិច្ច ហើយមានពលរដ្ឋប្រមាណ២០នាក់ហើយត្រូវបានចាប់ខ្លួន។
អ្នកស្រីបន្ថែមថា៖ «ម្សិលមិញ គេ[អាជ្ញាធរ]បានចុះមកឱ្យប្រជាជនហ្នឹងរុះរើខ្លួនឯង បើគេចុះមកម្តងទៀតមានតែរើ និងដុត។ ហើយខ្ញុំប្រាប់វិញថា ខ្ញុំមិនដឹងរើទៅណាទេ បើខ្ញុំគ្មានដីមួយចំអាមនៅផង។ មកដល់ពេលនេះ គេចាប់ពលរដ្ឋដាក់ពន្ធនាគារ២០នាក់ហើយ គេដេញចាប់ពលរដ្ឋដូចគោហ្វូង ដេញបាញ់ប្រជាពលរដ្ឋ គ្នារត់ដាច់បាយដាច់ទឹក ដេញបាញ់ប្រជាជនហើយដុតផ្ទះគ្នាចោលទៀត»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហ៊ាង ធីវ និយាយថា អ្នកភូមិកំពុងព្រួយបារម្ភពីការចាប់ខ្លួនបន្តទៀត និងបារម្ភពីការបាត់បង់ផ្ទះសម្បែង និងដីធ្លីសម្រាប់បង្កបង្កើនផល។ អ្នកស្រីថា នៅថ្ងៃពុធនេះ អ្នកភូមិមួយចំនួនកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។
ពលរដ្ឋរូបនេះអះអាងថា ដើមឡើយ មានពលរដ្ឋប្រហែល ៥០០គ្រួសារ ដែលបានអាស្រ័យផលលើដីកំពុងមានជម្លោះនេះ ប៉ុន្តែក្រោយមានការចាប់ខ្លួន និងដុតផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់មក អ្នកភូមិជាច្រើនគ្រួសារទៀតបានបង្ខំចិត្តចាកចេញ ដោយបច្ចុប្បន្ននេះមានពលរដ្ឋប្រហែល ៧០គ្រួសារ ប៉ុណ្ណោះបន្តរស់នៅ និងទាមទារការដោះស្រាយពីអាជ្ញាធរ។
អ្នកស្រីបន្ថែមថា៖ «គេគំរាមកំហែងពលរដ្ឋថា បើសិនជាមិនចេញ គេនឹងចុះមកចាប់ ហើយដុតផ្ទះពលរដ្ឋចោល។ ល្ងាចមិញនេះ ប៉េអឹមមកមួយឡានទៀត មកចាប់មនុស្ស ដល់ពេលមនុស្សរត់គេចអស់ អត់ហ៊ានរុករកទៀតទេ។ ពេលចុះ មានកាំភ្លើងភ្ជង់រហូត កាំបិតផង! បើបុគ្គលឈ្មោះ ឃុត ចន្ថា បញ្ជាឱ្យចាប់អ្នកណា ប៉េអឹមចាប់អ្នកនោះ»។
បើតាមអ្នកស្រី ហ៊ាង ធីវ ឱ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងអាស្រ័យលើដីកំពុងមានជម្លោះនោះ ជាប្រជាពលរដ្ឋក្រីក្រ ដោយកាន់កាប់ដីទំហំចន្លោះពី២ទៅ៥ហិកតាប៉ុណ្ណោះក្នុង១គ្រួសារ សម្រាប់បង្កបង្កើនផលធ្វើកសិកម្ម។
អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍ថា លោកបានដឹងអំពីជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ប៉ុន្តែមិនបានដឹងថាអាជ្ញាធរចុះទៅគំរាមកំហែងចាប់ខ្លួនពលរដ្ឋ និងរុះរើផ្ទះសម្បែងចេញពីដីជម្លោះនោះទេ។
អភិបាលខេត្តរូបនេះបន្តថា រឿងជម្លោះដីធ្លីរវាងក្រុមហ៊ុន សុខ សំណាង និងពលរដ្ឋនេះ គឺភាគីក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថ និងប្រព័ន្ធតុលាការ ដើម្បីចាត់វិធានការជាមួយពលរដ្ឋ ហើយក្រុមហ៊ុនមិនដែលយកបញ្ហាជម្លោះដីធ្លីនេះ មកដោះស្រាយជាមួយរដ្ឋបាលខេត្តនោះទេ។
យ៉ាងណា លោកថា រូបលោក អភិបាលរងខេត្ត និងអភិបាលស្រុកត្រពាំងប្រាសាទ នឹងចុះពិនិត្យស្រាវជ្រាវករណីនេះ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់។
លោកបន្ថែមថា៖ «ចាំខ្ញុំឱ្យអភិបាលរងខេត្ត ដែលទទួលបន្ទុកខាងហ្នឹង ចុះទៅមើល នេះទី១។ ទី២ ខ្ញុំក៏ឱ្យអភិបាលរាយការណ៍មកខ្ញុំដែរ ជុំវិញរឿងនេះ ព្រោះថា យើងមិនអាចប៉ះដៃយកដៃ ប៉ះជើងយកជើងបានទេ យើងត្រូវការសិក្សាស្រាវជ្រាវឱ្យច្បាស់លាស់សិន»។
មន្ត្រីការពារសិទ្ធិមនុស្សនៅសមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន ចាត់ទុកករណីកម្លាំងសមត្ថកិច្ចឱ្យពលរដ្ឋរុះរើផ្ទះ និងគំរាមចាប់ខ្លួននោះ ថាជារឿងមិនត្រឹមត្រូវ និងរំលោភសិទ្ធិមនុស្ស។ លោកថា កម្លាំងអាជ្ញាធរមិនគួរណាប្រើប្រាស់ដើម្បីការងារផលប្រយោជន៍របស់ក្រុមហ៊ុននោះទេ គឺគួរតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះបានទទូចដល់អាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាជម្លោះដីធ្លីនេះតាមនីតិវិធី ដោយចៀសវាងការគំរាមកំហែង និងការចាប់ខ្លួន ដែលធ្វើឱ្យពលរដ្ឋបន្តរងទុក្ខលំបាក ខណៈពួកគេជាពលរដ្ឋក្រីក្រកំពុងខ្វះខាតក្នុងជីវភាពគ្រួសារ។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់ថាមានកម្លាំងអាវុធហត្ថ និងប៉ូលិសហ្នឹង តែងតែទៅគំរាមកំហែងពួកគាត់ ទៅបង្ខំឱ្យពួកគាត់រុះរើផ្ទះ។ ហើយមានការចាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយការចាប់នេះមានការប្រើអំពើហិង្សាលើប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ដែលអាហ្នឹងជារឿងមួយដែលយើងគិតថា វាមិនសមហេតុសមផលដែរ។ អ៊ីចឹងខាងអាជ្ញាធរហ្នឹងគួរតែដោះស្រាយគ្នាទៅតាមសន្តិវិធីទៅ។ បើអាជ្ញាធរនៅតែបំពានច្បាប់អ៊ីចឹងទេ អាហ្នឹងខាងអង្គការសង្គមស៊ីវិលចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សហើយ»។
វីអូឌី មិនអាចរកការឆ្លើយតបពីលោក ឃុត ចន្ថា ដែលអ្នកភូមិប្រាប់ថាជាតំណាងក្រុមហ៊ុន សុខ សំណាង បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីខែមិថុនា ឆ្នាំ២០១២ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំ ១ ៨៦៥ហិកតា ពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដើម្បីសម្បទានទៅឱ្យក្រុមហ៊ុន សុខ សំណាង វិនិយោគលើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ធ្លាប់បានស្ដីបន្ទោសទៅមន្ត្រីក្រោមឱវាទ ជុំវិញភាពអសកម្មក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ។ លោកបានបញ្ជាទៅមន្ត្រីទាំងនោះឱ្យដោះស្រាយជូនពលរដ្ឋ មុនផ្តល់ដីទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ ហើយថាមិនឱ្យពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារដោយសាររឿងជម្លោះដីធ្លីនោះឡើយ។
លោកបន្ថែមថា៖ «គាត់ដាំដុះកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹង ប្រគល់ឱ្យគាត់ទៅ! ខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះហ្អ៎! បើនៅក្នុងគណបក្ស ខ្ញុំបាននិយាយថា ដីហ្នឹង ដីម៉ែលោកឯងហ្អី? បានប្រកាច់ខំទុកធ្វើអី? មិនចែកឱ្យប្រជាជនទៅ? [….] ដល់សួរទៅ អាហ្នឹងដីអ្នកណា? ថាដីគាត់ចូលទៅទន្ទ្រាន គាត់ទៅ[កាន់]កាប់។ ហើយចុះអ្នកណាគេធ្វើអីនៅ? ថាអត់ទាន់ធ្វើអីទេ! ហើយចុះម៉េចមិនវាស់ឱ្យគាត់ទៅ? ហើយបានទៅអ្នកណា? បានទៅប្រជាជនយើងតើ! នយោបាយដីធ្លីយើងផ្តល់ឱកាសធ្វើបែបនេះ ប៉ុន្តែមន្ត្រីរបស់យើងហាក់ដូចជាស្តាប់គ្នាមិនបាន យល់គ្នាមិនបាន។ ខ្ញុំសុំដាស់តឿនសាជាថ្មីម្តងទៀត។ ចេញពីខេត្តណា ខេត្តហ្នឹងត្រូវទទួលខុសត្រូវ»។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លីចំនួន ១៥៧នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្ន ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
សមាគមមួយនេះបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ចោទប្រកាន់ និងចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ាដើម្បីទាមទាររកយុត្តិធម៌តែប៉ុណ្ណោះ៕