Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពង្រីកការអនុវត្ត «កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូង» ត្រូវបានរៀបចំនៅទូទាំងខេត្តកំពង់ធំ

Views: 2

ដោយៈសន្ទុក/កំពង់ធំ៖វគ្គបំប៉នស្ដីពី«វិធីសាស្រ្តបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី១ ឆមាសទី១» ដល់គ្រូបង្រៀនថ្នាក់បឋមសិក្សា(ថ្នាក់ទី១) គ្រូប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងទីប្រឹក្សាគរុកោសល្យជំនាញ ទូទាំងខេត្តកំពង់ធំចំនួន ១.០៥០នាក់ត្រូវបានប្រារព្ធបើកនៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកាឆ្នាំ២០២២។វគ្គបំប៉នក្នុង រយៈពេលប្រាំថ្ងៃនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនគណិតវិទ្យាកម្រិតថ្នាក់ដំបូងតាមរយៈវិធីសាស្រ្តបង្រៀនថ្មីៗនិងជាការអនុវត្តនូវយុទ្ធសាស្រ្តដែលក្រសួងបានរៀបចំក្នុងការពង្រឹងវិធីសាស្រ្តបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនទៅដល់លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេសសម្រាប់កម្រិតបឋមសិក្សា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងអប់រំ យុវជន និងកីឡា និង អង្គការវីវីអូប៊ី (VVOB)ដែលជាដៃគូ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាវគ្គនេះបានរៀបចំឡើងដោយនាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ អង្គការវីវីអូប៊ី (VVOB) ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេស​ប៊ែលហ្ស៊ិក។

បណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងឱ្យដឹងថាក្រោមកិច្ចសហការ រវាងក្រសួងជាមួយអង្គការVVOBការអនុវត្តសកម្មភាពបំប៉នដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅកម្រិតថ្នាក់បឋមនេះគឺជាការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងដែលផ្ដោតសំខាន់លើការពង្រឹងនិងលើកកម្ពស់វិធីសាស្រ្តបង្រៀនដើម្បីឱ្យលោកគ្រូអ្នកគ្រូបង្រៀនទាំងអស់មានសមត្ថភាពបន្ថែមក្នុងការបង្រៀនដល់សិស្សានុសិស្សកម្រិតបឋមថ្នាក់ទី១ ទី២ និងទី៣ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបណ្ឌិតបន្តថា «បន្ថែមពីវគ្គបំប៉នវិធីសាស្រ្តបង្រៀន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំឯកសារជំនួយ សិស្សជាវីដេអូខ្លីៗដើម្បីជូនទៅអាណាព្យាបាលសិស្សឱ្យជួយជំរុញកូនៗរបស់គាត់រៀននៅផ្ទះ បន្ថែមទៀត។»

កញ្ញា ម៉េរ៉ល លូវហ្ចីស (Merel Luichies) ប្រធានគម្រោងនៃអង្គការ VVOB ប្រចាំប្រទេសកម្ពុជាបានបង្ហាញនូវក្ដីរពឹង ទុកថា សិក្ខាកាមនឹងទទួលបានចំណេះដឹង និង ជំនាញបន្ថែម ដើម្បីបំប៉នសមត្ថភាពពួកគេ ក្នុងការអនុវត្តវិធីសាស្រ្តរៀន និងបង្រៀនកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូងនេះ ទៅដល់សិស្សានុសិស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ អនាគតនៃការសិក្សានិងការងាររបស់ពួកគេ។

កញ្ញាបានបន្ថែមថា៖«វគ្គបំប៉នដែលធ្វើឡើងដោយផ្ទាល់នេះគឺជាសកម្មភាពស្នូលមួយក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន។ លើសពីនេះទៅទៀតនោះក្រសួងនឹងបំប៉នដល់គ្រូប្រឹក្សាគរុកោសល្យប្រចាំសាលារៀនបន្តទៀតហើយគ្រូប្រឹក្សា គរុកោសល្យនេះនឹងផ្ដល់ការប្រឹក្សាគរុកោសល្យដល់គ្រូបង្រៀនដែលបានមកទទួលវគ្គបំប៉ននេះក្នុងការអនុវត្តសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀនផ្ទាល់របស់ពួកគេ។ នាងខ្ញុំសូមបញ្ជាក់ផងដែរថាវគ្គបំប៉នដែល កំពុងតែធ្វើឡើងនេះ គឺត្រូវបានបង្ហាញដោយក្រុមគ្រូឧទ្ទេសថ្នាក់ជាតិ ដែលទទួលបានការបណ្ដុះបណ្ដាលពីសំណាក់គ្រូគណិតថ្នាក់ជាតិ ដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេសដោយអង្គការ VVOB ក្រោមជំនួយឧបត្ថម្ភដោយ មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ(CDPF)។ នាងខ្ញុំសូមធ្វើការថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំ សម្រាប់ជំនឿជឿជាក់មកលើ អង្គការVVOB ក្នុងនាមជាដៃគូអភិវឌ្ឍវិស័យអប់រំ។ នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ នាយកដ្ឋានបឋមសិក្សា, នាយកដ្ឋានបណ្ដុះបណ្ដាលគ្រូបង្រៀន និង នាយកដ្ឋានធានាគុណភាពអប់រំ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ដើម្បីរៀបចំអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការពង្រឹងវិស័យអប់រំកម្រិតបឋមសិក្សា»។

សូមបញ្ជាក់ផងដែរថាបន្ទាប់ពីការដាក់ឱ្យអនុវត្តវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូងសម្រាប់ថ្នាក់ទី១ និងទី២ នេះរួច ក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងរៀបចំមាតិកាថ្នាក់ទី៣បន្តទៀត។ បន្ថែមពីការបំប៉នសមត្ថភាពនេះ ក្រសួងក៏នឹងត្រៀមរៀបចំស្តង់ដារគណិតវិទ្យាថ្នាក់ដំបូង ដើម្បីជួយអោយលោកគ្រូ អ្នកគ្រូ មានលទ្ធភាពក្នុងការវាយតម្លៃការសិក្សារបស់សិស្សជាប្រចាំនៅក្នុងកម្រិតថ្នាក់ដំបូងផងដែរ៕សរន

វគ្គបំប៉នស្ដីពី«វិធីសាស្រ្តបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី១ ឆមាសទី១» ដល់គ្រូបង្រៀនថ្នាក់បឋមសិក្សា​(ថ្នាក់ទី១) គ្រូប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងទីប្រឹក្សាគរុកោសល្យជំនាញ ទូទាំងខេត្តកំពង់ធំចំនួន ១.០៥០នាក់ត្រូវបានប្រារព្ធបើកនៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកាឆ្នាំ២០២២(រូបថតអង្គការវីវីអូប៊ី (VVOB))

Post navigation