Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Camsoc ប្រជុំជាមួយនាយកបច្ចេកទេសសហព័ន្ធកីឡាជាតិ

Views: 4

ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: នៅថ្ងៃទី៨ កុម្ភ: ម្សិលមិញនេះ លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (Camsoc) បានប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីបញ្ជាក់ពីភារកិច្ច តួនាទី ការត្រៀមខ្លួន និងដោះស្រាយបញ្ហប្រឈម ដែលសេសសល់នានា។

កិច្ចប្រជុំ បានផ្ដោតសំខាន់លើការងារ ដែលចាំបាច់ចំពោះមុខជាច្រើន ថាតើសហព័ន្ធជាតិត្រូវធ្វើអ្វីខ្លះ ដឹកនាំអ្វីខ្លះ និងមានបញ្ហាអ្វីខ្លះដែលត្រូវដោះស្រាយទាំងអស់គ្នា ឲ្យទាន់ពេលវេលា ព្រោះការរៀបចំភាគច្រើន មានការពាក់ព័ន្ធគ្នា រវាងសហព័ន្ធជាតិ គណ:កម្មការជំនាញ Camsoc និងសហព័ន្ធអន្តរជាតិ។
ហេតុនេះ ភាគីទាំង ៣ ត្រូវទទួលខុសត្រូវរួមគ្នាដោយសហការរៀបចំការប្រកួតប្រភេទកីឡានីមួយៗ ឲ្យដំណើរការដោយរលូន ស្របតាមស្ដង់ដារអន្តរជាតិ។

សហព័ន្ធជាតិ ត្រូវយល់ដឹងពីលក្ខន្ដិក: តម្រូវការច្បាស់លាស់តាមផ្នែកនីមួយៗ និងយល់ដឹងពីយន្តការរបស់ហ្គេម ដែលខុសពីយន្តការ នៃការប្រកួតជើងឯក នៃប្រភេទកីឡានីមួយៗ។ ត្រូវមានការទទួលខុសត្រូវ លើបទបញ្ញត្តិហ្គេមនៃការប្រកួតពហិកីឡា។

កម្លាំងសំខាន់មួយទៀត គឺការគាំទ្រដល់ដំណើរការប្រកួត ដោយមានអ្នកស្ម័គ្រចិត្តអ្នកពិធីការ ក្នុងពិធីផ្សេងៗ ដូចជា ពិធីរៀបចំការប្រកួត ពិធីបំពាក់មេដាយ ដែលត្រូវបែងចែកភារកិច្ច តួនាទីគ្នារវាង Camsoc និងសហព័ន្ធកីឡាជាតិ។

មជ្ឈមណ្ឌលប្រតិបត្តិការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាសេនាធិការ តែមួយគត់ក្នុងការបញ្ជាការងារទាំងអស់ នៅក្នុងហ្គេម។ ហេតុនេះ សហព័ន្ធកីឡាជាតិ ត្រូវមាននាយកបច្ចេកទេស មកប្រចាំការ និងមានការទទួលខុសត្រូវ ដោយ Camsoc ។

Camsoc បានជំរុញឲ្យសហព័ន្ធជាតិ ត្រូវរៀបចំ និងអភិវឌ្ឍន៍អត្តពលិក និងស្វះស្វែងរកកីឡាករ កីឡាការិនី នៅក្រៅប្រទេស ដែលមានឈាមជ័រជាខ្មែរ ឲ្យចូលខ្លួនមកហ្វឹកហាត់ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ តទៅ នៅភូមិកីឡា ក្នុងខណ:ដែលអត្តពលិកមួយចំនួន នឹងមកដល់កម្ពុជា ចន្លោះពីថ្ងៃទី២៤ ឬ ២៥ ខែមេសា ខាងមុខនេះ ៕/V-PC

Post navigation