ឧត្តរមានជ័យ ៖ ជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឲ្យទឹកជន់លិចប្រឡាយបឹងបួរ និងតាមដងផ្លូវលំ និងផ្លូវជាតិក្នុងខណៈនោះក៏មានប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រីនាំគ្នីគ្នាទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ស្រាប់តែមានក្មេង២នាក់បានរអិលជើងធ្លាក់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ហើយក៏មានទាហាន២នាក់បានចុះទៅជួយសង្គ្រោះតែបែរជាទឹកគួចទាហាន២នាក់នោះលង់ស្លា.ប់ទៅវិញ។
ហេតុការណ៍ក្មេង២នាក់លង់ទឹកក៏មានការភ្ញាក់ផ្អើលឆោឡោឡើងនាំគ្នារត់ទៅជួយធ្វើការសង្គ្រោះក្មេងទាំង២នាក់នោះបែរជាអ្នកជួយស្លា.ប់បាត់បង់ជីវិត២នាក់ ខណៈចុះជួយនោះ ត្រូវបានទឹកគួចទៅកន្លែងជ្រៅទើប បណ្ដាលឱ្យលង់ ហើយទឹកហូរខ្លាំង។ក្នុងចំណោមអ្នកជួយជាច្រើននាក់ផងដែរ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៥០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចំណុចអាងអូរអង្គ្រង ស្ថិតនៅភូមិ កញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តមានជ័យ។
អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ បានបញ្ជាក់ថា ៖«កូនក្មេងហ្នឹងពីរនាក់បងប្អូននៅលេងបង្ហៀទឹក ហើយអាប្អូនក៏រអិលជើងធ្លាក់ ហើយអាបងឃើញក៏ទៅតាមចាប់។ អ៊ីចឹង កងពល ៤២ ដែលគាត់ទៅលេងនោះដែរ ក៏គាត់ទៅជួយ ទៅជួយគាត់បានរុញក្មេងនឹងទៅដល់ច្រាំងហើយ ដោយសារទឹកខ្លាំងក៏បុកគាត់ចូលទៅជ្រៅទៅ ហើយដោយសារសម្លៀកបំពាក់គាត់ជាយោធា អ៊ីចឹងធ្វើឱ្យទឹកដក់ធ្ងន់ គាត់ពិបាកហែលបញ្ច្រាស់មកវិញ។ អ៊ីចឹងធ្វើឱ្យទាហានពីររូបលង់»។
លោកវរៈសេនីយ៍ឯកឃុល ភិន អធិការស្រុកបន្ទាយអម្ពឹលបានឲ្យដឹងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះថា នៅចំណុចកើតហេតុខាងលើមានមនុស្សចាស់ក្មេងប្រុសស្រីជាច្រើននាក់នាំគ្នាទៅ លេងទឹកអូរប្រឡាយបឹងបួរ និងអាងទឹកហើយក៏មានក្មេងប្រុស២នាក់លង់ទឹកមានទាហាន២នាក់ ទៅជួយបែរជាទាហានលង់ខ្លួនឯង ក្មេងរួចផុតពីសេចក្តីស្លា.ប់។
លោកអធិការស្រុកបានបញ្ចាក់ថា ក្មេងប្រុសទាំង២នាក់ ដែលរងគ្រោះលង់ទឹកឈ្មោះ ឈុន ប្រាជិញ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ឈ្មោះ ចាន់ ស៊ីថែន ភេទប្រុស អាយុ១៤ឆ្នាំ ក្មេងប្រុសទាំងពីររស់នៅ កងពលតូចអន្តរាគមន៍លេខ៥ ស្ថិតនៅភូមិ ពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល។
ទាហានដែលទៅជួយជនរងគ្រោះស្លា.ប់បាត់បង់ជីវិតមានឈ្មោះវ៉ាន់ ថុលប្រុស អាយុ២០ឆ្នាំ មុខរបរទាហាន និងម្នាក់ទៀតឈ្មោះ ឈន ស៊ីដេត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទាហាន។ ទាហានទាំង២នាក់ ធ្វើទាហាននៅកងពលតូចថ្មើរជើងលេខ៤២ វរ:សេនាតូចលេខ៤២២ រស់នៅភូមិ តាមទាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ទាក់ទិនហេតុការណ៍ព័ត៌មានទាហានលង់ទឹកស្លា.ប់បាត់បង់ជីវិតនេះនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ ខែតុលាឆ្នាំ២៩២២នេះឯកឧត្តមសេនីយ៍ត្រីនាក់វង្សមេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើជើងលេខ៤២បានឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹករកឃើញម្នាក់ និងវេលាម៉ោង៥រកឃើញម្នាក់ទៀតនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ស.ពត្រូវបានប្រគល់ទៅឲ្យបងប្អូនឪពុកម្តាយយកទៅធ្វើបុណ្យទៅតាមប្រពៃណីហើយ៕