Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទីក្រុង​ម៉ានីល​បិទ​ខ្ទប់​នៅពេល​ព្យុះ​ណូ​រូ ធ្វើដំណើរ​មក​ដល់​ដី​គោក​

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​រដ្ឋធានី​ម៉ានីល​ដ៏​លាតសន្ធឹង​របស់​ហ្វីលីពីន បាន​ចូល​ក្នុងស្ថានភាព​បិទ​ខ្ទប់​តាំង​ពី​ថ្ងៃអាទិត្យ​ទី​២៥​កញ្ញា​នៅពេល​ព្យុះ​ធំ​មួយ​បក់​កាត់​កោះ​លូ​ហ្សុន​ជាមួយនឹង​ខ្យល់​និង​ភ្លៀង​​ដ៏​ខ្លាំង ដែល​មុខ​ជា​បង្ក​ការបា​ក់ដី​ដ៏​អន្តរាយ​។​

​ព្យុះ ណូ​រូ​(Noru)បាន​ធ្វើដំណើរ​ចូល​ដីគោក​នៅ​ម៉ោង​ប្រមាណ​៥​កន្លះ​ព្រឹកថ្ងៃអាទិត្យ​នៅ​ទីប្រជុំជន​បួរ​ដេ​អូស​( Burdeos)​នៅលើ​កោះ​ប៉ូ​លី​ល​ឡូ​(Polillo)​នៅ​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ខាងកើត​រដ្ឋធានី​​ម៉ានីល ជាមួយនឹង​ល្បឿន​ខ្យល់​១៩៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ណូ​រូ ដែល​ជា​ព្យុះ​ទី​១១​និង​ជា​ព្យុះ​ខ្លាំង​បំផុត​ដែល​វាយប្រហារ​ហ្វីលីពីន​នៅ​ឆ្នាំ​២០២២​នេះ បាន​ចុះ​ថយកម្លាំង​បន្តិច​នៅពេល​វា​មក​ដល់​ដីគោក​ជា​ថ្មី​នៅ​ម៉ោង​ប្រមាណ​៨​និង​២០​នាទី​យប់​នៅក្នុង​ខេត្ត​អូរ៉ូ​រ៉ានៅ​​ប៉ែក​ខាងកើត​កោះ​លូ​ហ្សុន​។​វា​បាន​វាយប្រហារ​កោះ​នេះ​ទាំង​កណ្តាលយប់ ដោយ​នាំមក​ទឹកភ្លៀង​យ៉ាងច្រើន​នៅ​តំបន់​ក្រុង​ម៉ានីល ទីក្រុង​ដែល​ប្រជុំ​ដោយ​ទីក្រុង​តូចៗ​ចំនួន​១៦​។​កោះ​លូ​ហ្សុន​ជា​ជម្រក​នៃ​ប្រ​​ជា​ជន​ពាក់កណ្តាល​ក្នុងចំណោម​ប្រជាជន​​ហ្វីលីពីន​ប្រមាណ​១១០​នាក់​។​

​រូបភាព​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​មែកឈើ​និង​កំទេចកំទី​នៅ​រាយប៉ាយ​តាម​ដងផ្លូវ​ក្នុង​ទីប្រជុំជន​មួយ​លើ​កោះ​ប៉ូ​លី​ល​ឡូ ដែល​រង​ការវាយប្រហារ​នៅ​ពេល​ព្រឹក​ថ្ងៃអាទិត្យ​ខណៈ​តំបន់​ជាច្រើន​នៅលើ​​កោះ​លូ​ហ្សុន​ស្ថិតក្នុង​ស្ថានភា​ពប្រុង​ជើង​ការ​ខ្ពស់បំផុត គឺ​កំរិត​ទី៥​នៅពេល​ក្រុង​ម៉ានីល​នៅក្នុង​កំរិត​ព្រមាន​ទី​៤​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ បាន​បញ្ជា​អោយ​បិទ​សាលារៀន​និង​ការិយាល័យ​ទាំងអស់​នៅ​តំបន់​ក្រុង​ម៉ានីល រួម​ទាំង​តំបន់​ចំនួន​ប្រាំពីរ​ទៀត​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា​។​ការ​​ជម្លៀស​មនុស្ស​ក៏​ត្រូវបាន​បញ្ជា​សំរាប់​តំបន់​នៅតាម​ឆ្នេរ ទន្លេ​និង​តំបន់​ទំនាប​។​

​មនុស្ស​រាប់លាន​នាក់​នៅ​ចំ​ផ្លូវ​ព្យុះ​ណូរូ ត្រូវ​បាន​ប្រាប់​អោយ​សម្ងំ​នៅ​ក្នុងផ្ទះ ខណៈ​អាជ្ញាធរ​ក៏​ចេញ​ការព្រមាន​អំពី​ទឹក​ជំនន់​នៅ​ទីក្រុង​សំខាន់ៗ​នៅ​តំបន់​ក្រុង​ម៉ានីល ដែល​នៅ​តាម​ប្រព័ន្ធ​ទន្លេ​ចំនួន​បី​។​ជើង​​ហោះហើរ​ក៏​ត្រូវបាន​លុប​ចោល​ហើយ​កំពង់ផែ​និង​ផ្លូវ​ដែកទាំងអស់​បាន​បិទ​។​

​ព្យុះ​នេះ​ត្រូវ​រំពឹងថា​នឹង​ថយកម្លាំង​នៅ​ថ្ងៃ​ចន្ទ មុន​ពេល​វា​ធ្វើ​ដំណើរ​មក​កាន់​វៀតណាម​។​

​សូមបញ្ជាក់​ថា ហ្វីលីពីនជាប់​ក្នុងចំណោម​ប្រទេស​ងាយ​នឹង​រងគ្រោះ​ខ្លាំង​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុដោយក្នុង​មួយឆ្នាំ ប្រទេស​នេះ​ជួប​ព្យុះ​ជា​មធ្យម​២០ ។​កាលពី​ឆ្នាំ​២០១៣ ព្យុះ​ហាយ​យ៉ាន​(Haiyan)​បាន​សម្លាប់​មនុស្ស​អស់​យ៉ាងតិច​៦.០០០​នាក់​។​

​ណូ​រូ ស្រដៀង​គ្នា​នឹង​ព្យុះ​កេត​សាណា​(Ketsana)​កាលពី​ឆ្នាំ​២០០៩ ដែល​បាន​បង្ក​ទឹកជំនន់​លិច​ទីក្រុង​ម៉ានីល​មួយ​ភាគ​បី សម្លាប់​មនុស្ស​រាប់រយ​នាក់​នៅ​ពេល​ទឹក​ឡើង​បាក់​ច្រាំង​ទន្លេ​ហូរ​ចូល​ពន្លិច​សហ​​គ​មន៍​ទាំងមូលៗ​៕

Post navigation