Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទិវាកាហ្វេតួកគីលើកដំបូងត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជា

Views: 3

ដោយ:ពៅនិមល/ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ទិវាកាហ្វេតួកគីលើកដំបូង ដែលប្រារព្ធរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន, មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកអគ្គរដ្ឋទូតរុស្ស៊ី ប៉ាគីស្ថាន ប៊្រុយណេ ហ្វីលីពីន, តំណាងUNESCO និងវិស័យឯកជនសរុបប្រមាណ ១៥រូប តបតាមការអញ្ជើញរបស់ លោកស្រី អុលគូ កូចាហ្វី ( Ülkü Kocaefe )ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា។

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងកម្មវិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្រ្តី និងតំណាងស្ថាប័ននានា ចំពោះវត្តមានចូលរួមប្រារព្ធទិវាកាហ្វេតួកគីនេះ ព្រមទាំងបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិសាវតា និងអញ្ជើញទស្សនាអំពីរបៀប និងទំនៀមទំលាប់នៃការរៀបចំកាហ្វេ ជាមួយនឹងឱកាសទទួលទានកាហ្វេតួកគី។

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្តល់នូវចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃការបា្ររព្ធទិវាកាហេ្វតួកគីជាលើកដំបូងនៅកម្ពុជា ដែលបានឆ្លុះបង្ហាញឱ្យឃើញពីមេត្រីភាព និងសាមគ្គីភាពក្នុងទំនាក់ទំនងទ្វេភាគីដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងតួកគី ស្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ជាក់ស្តែងសង្គម និងវប្បធម៌តាមរយៈការប្រារព្ធទិវាកាហ្វេតួកគីនេះនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានអបអរសាទរ ចំពោះភាគីតួកគីក្នុងឱកាសគម្រប់ខួបលើកទី៩ នៃការចុះកាហ្វេតួកគីជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនៅខែធ្នូ ឆ្នាំ២០១៣ ផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ភ្ញៀវដែលបានចូលរួមក្នុងពិធីនេះ បានធ្វើការកត់សម្គាល់ពីភាពស្រដៀងគ្នានៃអរិយធម៌ដ៏ឧត្តុង្គឧត្តមរវាងប្រទេសទាំងពីរ ពោលគឺជាប្រជាជាតិសំបូរទៅដោយសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបបិយ៍ និងអរូបបិយ៍គួរជាទីមោទនៈ និងបានធ្វើការអបអរសារទដែលគុណល្បុក្កតោរបស់កម្ពុជា និងតែរបស់តួកគី (និងអាស៊ែបៃហ្សង់) ត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនាពេលថ្មីៗនេះ៕/PC

ចំណងជើងរូបភាព៖ រដ្ឋមន្រ្តីពាណិជ្ជកម្មក្នុងទិវាកាហ្វេតួកគី ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ
រូបភាព៖ ក្រសួងពាណិជ្ជកម្ម

Post navigation