ដោយៈ ប.ជ័យ-អូរស្មាច់ / ឧត្តរមានជ័យៈ ទោះជាការរីករាលដាល នៃជំងឺកូវីដ ១៩ បង្កផលវិបាក ជាសាកលក្តី តែរបរតម្បាញក្រមា និងកន្ទេល របស់អ្នកភូមិខ្លះ នៅសហគមន៍មួយថា អាចរកប្រាក់ចំណូល បានបន្ថែមខ្លះដែរ ។ សហគមន៍នោះ មានប្រជាពលរដ្ឋ ប្រហែលជា ៣០ គ្រួសារ រស់នៅភូមិឆ្កែស្រែង ឃុំ-ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋទាំងនោះ បានបង្កើតជាសហគមន៍ មុខរបរផ្នែកត្បាញក្រមា និងត្បាញកន្ទេល នៅនឹងមូលដ្ឋានរបស់ខ្លួន បន្ទាប់ពីធ្វើស្រែចំការ រួច ដើម្បីបង្កើននូវប្រាក់ចំណូល បន្ថែមទៀត សំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ របស់ពួកគាត់ ក្នុងអំឡុងពេលស្ថានភាពជំងឺកូវីដ-១៩ នេះ ។
អ្នកស្រី ដូង សាវឿន តំណាងប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ ភូមិឆ្កែស្រែង ឃុំ-ស្រុកចុងកាល់ នេះ បានអោយដឹងថាៈ ដើម្បីបន្តការថែរក្សា ឲ្យបាននូវទំនៀមទំលាប់ ប្រពៃណីយតម្បាញខ្មែរ ពួកគាត់ប្រកបរបរនេះ អាចធ្វើឲ្យសហគមន៍របស់ពួកគាត់ រកប្រាក់ចំណូលបានដែរ នៅនឹងផ្ទះ ពោលគឺបន្ទាប់ពីទំនេរ ពីការងារធ្វើស្រែ ចំការរួច ។
អ្នកស្រី បានបន្តថាៈ ការបង្កើតជាសហគមន៍ត្បាញក្រមា និងត្បាញកន្ទេលនេះ គឺមានការគាំទ្រ ផ្គត់ផ្គង់សំភារ ពីមជ្ឃមណ្ឌមអភិវឌ្ឃន៍ស្ត្រី ខេត្តឧត្តរមានជ័យ។ កន្លងមក មន្ត្រីក្រុមការងារ របស់មជ្ឈមណ្ឌលថ្នាក់ខេត្ត បានចុះមកជួយបង្ហាត់បង្រៀន និងផ្តល់ជាគ្រឿងឧបករណ៍ សំភារបច្ចេកទេសផ្សេងៗ ដើម្បីជួយដល់ការត្បាញក្រមា និងកន្ទេល ពោលគឺ បើទោះបីជាស្ថិត ក្នុងស្ថានភាពកូវីដ-១៩ យ៉ាងណាក្តី ក៏ពួកគាត់មានលទ្ធភាព រកប្រាក់ចំណូលផ្អត់ផ្គង់ ទ្រទ្រង់ជីវភាពគ្រួសារ បានសមរម្យដែរ ។
ចំណែកអ្នកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ បានអោយដឹងថាៈ ការត្បាញនៅនឹងមូលដ្ឋាន គឺក្នុងមួយខែៗ ប្រជាពលរដ្ឋ អាចរកប្រាក់ចំណូលបាន ពីការត្បាញនេះ ជិត ១ ពាន់ដុល្លារដែរ ក្នុងមួយគ្រួសារៗ ពោលគឺ សហគមន៍ មានមុខរបរ នៅនឹងមូលដ្ឋានដូច្នេះ គឺវាអាចធ្វើឲ្យមានការកាត់បន្ថយ ការចំណាកស្រុក និងបានកាត់បន្ថយ នូវអំពើហិង្សាក្នុងគ្រួសារ ៕/V