Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកជំនន់​ទឹកភ្លៀង ចាប់ផ្តើម​ហូរ​កាត់​ផ្លូវជាតិ​លេខ​៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៣៤ និង ២៣៥

Views: 1

​ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំ ៖ ទឹកជំនន់​ទឹកភ្លៀង បានចាប់ផ្ដើម​ហូរ​កាត់​ផ្លូវជាតិ​លេខ​៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៣៤ និង​២៣៥ ត្រង់ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​អាជ្ញាធរ សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការបើកបរ​។

​លោក ងួន រតនៈ អភិបាលខេត្ត​កំង់​ធំ លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​ភិ​បាល​ស្រុក​ស្ទោង បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​កំពុង​លិចលង់​យ៉ាងគំហុក នៅ​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ថ្លែង​នៅក្នុង​ឱកាស​នេះ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ បង្កើន​ការយកចិត្តទុកដាក់ ដល់​ពលរដ្ឋ​កំពុងរ​ង​គ្រោះ ដោយ​ជំនន់​ទឹកភ្លៀង យ៉ាងគំហុក ដោយសារ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅក្នុង​ស្រុក​ស្ទោង ពិសេស​នៅ​ភូមិសាស្ត្រ ឃុំ​ប្រឡាយ បាន​រង​នូវ​ឥទ្ធិពល​ទឹកភ្លៀង​ជាប់ៗ​គ្នា​ខ្លាំងជាងគេ ដែល​បណ្ដាល​ឲ្យ​មាន ទឹកជំនន់ កំពុង​ជន់​លិច​ភូមិឋាន និង​ផ្លូវលំ មួយចំនួន​ហើយ​។​

​លោក ងួន រតនៈ បាន​បន្ថែមថាៈ ដោយសារ​ស្ថានភាព​អាកាសធាតុ នៅក្នុង​តំបន់ ក៏ដូចជា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​រង​នូវ​ឥទ្ធិពល​ទឹកភ្លៀង ជា​បន្តបន្ទាប់ ថែមទៀត នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ហេតុនេះហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ ប្រយ័ត្ន​ខ្ពស់ ពិសេស​សូម​ប្រុងប្រយ័ត្ន ចំពោះ​កូនចៅ​ក្មេងៗ​តូចៗ កុំ​បណ្ដោយ​ឲ្យ​លេង​ទឹក និង​ប្រយ័ត្ន​សត្វ​អ​សិរ​ពិស និង​បាន​អំពាវនាវ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ ត្រូវ​បង្កើន ការយកចិត្តទុកដាក់​ខ្ពស់ លើ​ផ្នែក​សុខភាព​និង​សុវត្ថិភាព​ចំណីអាហារ ត្រូវ​ពិសា​ទឹក​ឆ្អិន គ្រប់ៗ​គ្នា​។ រដ្ឋបាល​ស្ទោង ត្រូវ​សហការ​ជាមួយ ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ ត្រូវ​តាមដាន និង​ធ្វើ​របាយការណ៍ ស្ថានភាព​ទឹ​ន​ជំនន់​នេះ ឲ្យ​បាន​ជាប់​ជាប្រចាំ រាល់ថ្ងៃ ដល់​រដ្ឋបាលខេត្ត ដើម្បី​បានជា មូលដ្ឋាន ក្នុងការ​ជួយសង្គ្រោះ ឲ្យ​បាន​ទាន់ពេលវេលា បើ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ និង​ធ្វើ​សេចក្តីជូនដំណឹង​ដល់​សាធារណជន ជាពិសេស​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ត្រូវ​ផ្អាក​ការធ្វើដំណើរ​ជា​បណ្តោះអាសន្ន បើ​ស្ថានភាព​ទឹក នៅតែ​បន្ត​កើន​ជន់​ខ្លាំង ។
​លើសពីនេះ លោក​បាន​កោតសរសើ​ខ្ពស់​ដល់ រដ្ឋបាល​ស្រុក​ស្ទោង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​មន្ទីរ​ធនធានទឹក ខេត្តកំពង់ធំ ដែល​បាន​សហការគ្នា ក្នុង​ការកាយ​រំដោះ​ទឹក យ៉ាង​ទាន់ពេលវេលា នៅថ្ងៃនេះ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​គេហដ្ឋាន សូមជួយ​កាយ​លូ​ដែល​ស្ទះ នៅតាម​ភូមិឋាន​របស់ខ្លួន ដើម្បី​ជួយ​បន្ធូរ និង​រំដោះ​ទឹក ឱ្យបាន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​យូរថ្ងៃ​៕/V​

Post navigation