Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកស្ទឹង​ពោធិ៍សាត់ ឡើងលើសកម្រិត​ប្រកាស​អាសន្ន ហើយ​អាចមានជំនន់!

ខេត្តពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយម បានប្រកាស នៅថ្ងៃទី៦ ខែតុលានេះថា ស្ថានភាព​ទឹក​ស្ទឹងពោធិ៍សាត់ ​​បានកើនឡើង លើស​ចំណុចប្រកាសអាសន្នហើយ គឺកម្រិតកម្ពស់ ៥,០៣ម៉ែត្រ។ ចំណែក​កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ដែលត្រូវប្រកាសអាសន្ន មានកម្ពស់ ៥ម៉ែត្រ​។

តាមសេចក្តីប្រកាស ដើម្បីត្រៀមលក្ខណៈ​ការពារគ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹង ដែលអាចកើតមាន​ក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រកាសថា បន្ទាប់ពី​បានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុ រួចមក ឃើញថា មានភ្លៀងធ្លាក់​ពីតំបន់ជួរភ្នំ​ក្រវាញ ស្ទឹង​អារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកម្រិតខ្ពស់ មកលើ​ដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពល​នៃ​ស្ទឹងខាងលើនេះ នឹងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសម្ទុះកើនឡើង បន្តបន្ទាប់ និងអាចបង្ក​ឱ្យ​មានទឹក​ជំនន់ នៅក្នុងខេត្តពោធិ៍សាត់​។

មន្ទីរធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំង​ខេត្តពោធិ៍សាត់ ពិសេស​ប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹង​ពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ​ សូមបង្កើនការ​យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បី​ជៀសវាង​នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន​ឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព​ សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ៕

PicturePicturePicture