ខេត្តសៀមរាប ៖ បុរសម្នាក់មកពីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយបានជិះម៉ូតូមកស្រុកប្រាសាទបាគង ឃើញផ្ទះចាក់សោរចោលឱកាសល្អ ម្ចាស់មិននៅចេញលក់ដូរលួចចូលគាស់ផ្ទះយកទ្រព្យសម្បត្តិ ត្រូវបានប៉ូលិសស្រុកចាប់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ ពីជនរងគ្រោះដាក់ពាក្យ ករណីលួចដោយមានស្ថានទម្ងន់ទោស ។

ហេតុការណ៍គាស់បង្អួចផ្ទះចូលលួចទ្រព្យសម្បត្តិបានកើតឡើងនៅវេលាម៉ោង០៩និង៣០ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចស្រុកប្រាសាទបាគងបានប្រាប់ នៅល្ងាច ថ្ងៃទី២៣ខែមករា ឆ្នាំ២០២១នេះថា ជនរងគ្រោះ (ម្ចាស់ផ្ទះ ) មានឈ្មោះ ឆេង សារ៉េត ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ដោយបានបាត់បង់សម្ភារ រួមមាន ៖ ទូរទស្សន៍មួយគ្រឿង រូបចាក់មួយផ្ទាំង និងទូរស័ព្ទដៃ១គ្រឿង ។

ប្រភពបានបញ្ជាក់ថា បន្ទាប់ពីមានករណីនេះ និងមានពាក្យបណ្ដឹងរបស់ជនរងគ្រោះប៉ូលិសស្រុកប្រាសាទបាគង និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តសៀមរាប រួមជាមួយប្រជាការពារភូមិធ្វើការដេញស្ទាក់ចាប់បានជនសង្ស័យភ្លាមៗ នៅចំណុចភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ។ នឹងដកហូត បានម៉ូតូ១គ្រឿងម៉ាក nex ពណ៌ស គ្នានស្លាកលេខ រួចយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

ប្រភពបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ តែ ម៉េងសួង ហៅ ញ៉ាញ់ អាយុ២៩ឆ្នាំ រស់នៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បច្ចុប្បន្នរស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកបាគង រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ។
