Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គិតក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានចំនួនជាង ៥២ ពាន់លានដុល្លារ កើនជិត ១០ ភាគរយ

Views: 6

ដោយៈ ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ គិតក្នុងរយៈពេលមួយឆ្នាំពេញ ២០២២ ការដោះដូរពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ សរុបចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើន ៩,១ ភាគរយ បើធៀបនឹងទិន្នន័យ ឆ្នាំ២០២១។

នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារ ពាណិជ្ជកម្ម ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កន្លងទៅ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថាៈ គិតក្នុងឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា មានចំនួនប្រមាណ ២២,៤៨ ប៊ីលានដុល្លារ កើនឡើង ១៦ ភាគរយ និងការនាំចូលមាន ចំនួន ២៩,៩៤ ប៊ីលានដុល្លារ គឺមានការកើនឡើង ៤ ភាគរយ។

លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ទៀតថាៈ ចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់ បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច ពិភពលោក ជាគោលនយោបាយពង្រីកទីផ្សារ និងទាក់ទាញវិនិយោគ។ ជាមួយនោះ នៅក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជាក៏បានទទួលរង នូវឥទ្ធិពលនៃសង្រ្គាម នៅអ៊ុយក្រែន ដែលបណ្តាលឲ្យមានការកើនឡើង នូវអត្រាអតិផរណា ដោយសារវិបត្តិថាមពល ប្រេងឥន្ធនៈ និងម្ហូបអាហារ។

លោកបានបន្តថាៈ ទោះជាយ៉ាងនេះក្តី ដើម្បីចូលរួមស្តារឡើងវិញ នូវសេដ្ឋកិច្ចនិងកំណើន ក្រសួងពាណិជ្ជកម្ម បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម តាមរយៈការជំរុញផលិតកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ តាមច្រកទីផ្សារ ត្រូវបានធ្វើពិពិធកម្ម សំដៅជំរុញកំណើន និងបង្កើនល្បឿនសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ និងពិភពលោក។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាៈ តាមរយៈទិសដៅការងារពាណិជ្ជកម្ម ដែលបានដាក់ ចេញ កាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញ កំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើ កំណែទម្រង់ស៊ីជម្រៅ លើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួត ប្រជែងនៃ ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈ ងាយស្រួល និងបង្កើតបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

លោកបានបញ្ជាក់បន្ថែមថាៈ ក្រសួងពាណិជ្ជកម្ម កំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធការងាររបស់ មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន កំណែទម្រង់ស៊ីជម្រៅ និងការកែលម្អសេវាសាធារណៈ ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស កិច្ចការអភិវឌ្ឍន៍ទីផ្សារ និងអភិវឌ្ឍន៍វិស័យឯកជន រួមទាំងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ព្រមទាំងបានរៀបចំ គោលនយោបាយពាណិជ្ជកម្មក្រៅប្រទេសផងដែរ៕ V / N

Post navigation