Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងការ​ដាក់លូ​កាត់​ផ្លូវ ចំនួន ៦ កន្លែង នៅ​ឃុំ​ខ្ចាស់ ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ សម្រាប់​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ​

Views: 1

ដោយៈ បាយ័ន / សៀមរាបៈ នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សាលាឃុំ​ខ្ចាស់ ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប មាន​រៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ គម្រោងការ​ដាក់លូ កាត់​ផ្លូវ​ចំនួន ៦ កន្លែង ក្រោម​ការដឹកនាំ​របស់​លោក ផាត់ ដា មេឃុំ​ខ្ចាស់ ដោយមាន​ការចូលរួម ពី​សំណាក់​លោក លោកស្រី ជាម​ន្ត្រី​គណៈកម្មការ​លទ្ធកម្ម​ឃុំ មន្ត្រី​បច្ចេកទេស សាលាខេត្ត​សៀមរាប និង​អ្នកម៉ៅការ ជាច្រើនរូប​ទៀត ។​

​លោក ប៊ិន រដ្ឋ មន្ត្រី​បច្ចេកទេស​សាលាខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថាៈ យោងតាម​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​សៀវភៅ​ណែនាំ ស្តីពី​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ បាន​កំណត់ឱ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន តាមរយៈ​ថវិកា​មូលនិធិ​ឃុំ សង្កាត់ ដែល​បាន​វិភាជន៍​ពី​រាជរដ្ឋាភិបាល ជា​រៀងរាល់ឆ្នាំ តាមរយៈ​កិច្ចលទ្ធកម្ម ជា​សាធារណៈ ហើយ​ដែល​នីតិវិធី នៃ​ការអនុវត្ត​កិច្ចលទ្ធកម្ម​នេះ គឺ​បានកំណត់​នៅក្នុង​សៀវភៅ​ណែនាំ ស្តីពី​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ដែល​ត្រូវបាន​ចុះហត្ថលេខា ឱ្យប្រើ​ប្រាស់ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០០៩ ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​លោក​បាន​បន្តថាៈ សម្រាប់​រដ្ឋបាល​ឃុំ សង្កាត់ ទាំង​១០០ របស់​ខេត្តសៀមរាប ក៏បាន​អនុវត្ត កិច្ចលទ្ធកម្ម​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ទៅតាម​នីតិវិធី ដូច​បានកំណត់​នៅក្នុង​សៀវភៅ​ណែនាំ ខាងលើ ជា​រៀងរាល់ឆ្នាំ​ផងដែរ ហើយ​ថ្ងៃនេះ គឺជា​ការដេញ​មូលនិធិ ឆ្នាំ​២០២២ របស់​ឃុំ​ខ្ចាស់ ដូច្នេះ​ក្នុងឱកាស​នេះ សូម​ណែនាំ​ដល់​អ្នកម៉ៅការ ចូលរួម​ដេញថ្លៃ​ទាំងអស់ ត្រូវគោរព ក្រមសីលធម៌ ដែលមាន​ចែង និង​ដាក់​ក្នុង​សំណើ​ដាក់​ឲ្យ​ដេញថ្លៃ ពិសេស​ត្រូវអនុវត្ត តាម​សំណើ​របស់​ឃុំ ដែលជា​ម្ចាស់​គម្រោង ប៉ុន្តែ​ប្រសិនបើ​អ្នកម៉ៅការ ចូលរួម​ដេញថ្លៃ​រូប​ណា ដែល​មិន​អនុវត្តតាម​ក្រមសីលធម៌​នេះ​ទេ ម្ចាស់​គម្រោង នឹង​ស្នើសុំ​គោលការណ៍​លុប​លទ្ធផល គម្រោង​ដេញ​ថ្ងៃនេះ ។​

​លោក ផាត់ ដា មេឃុំ​ខ្ចាស់ បាន​ឲ្យ​ដឹងថាៈ គម្រោង​ដាក់លូ​កាត់​ផ្លូវ ចំនួន ៦ កន្លែង​នេះ មានតម្លៃ​ប៉ាន់ស្មាន ចំនួន ៥៨.៩២៧.៧០០ រៀល ដែល​នៅពេលនេះ មាន​ក្រុមហ៊ុន​ចំនួន ៤ បាន​ចូលរួម​ដេញថ្លៃ រួមមាន ១. ក្រុមហ៊ុន ELHS , ២. អំ ឡូ , ៣. AMRL និង ៤. ហ៊ួ​រ ឆូ​យ ។​

​លោក ផាត់ ដា បាន​បន្តថាៈ អ្នកដេញថ្លៃ​ដែល​ឈ្នះ ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​គំនូស ប្លង់​បច្ចេកទេស ការបរិយាយ លម្អិត​លក្ខណៈ​បច្ចេកទេស និង​ល័ក្ខខ័ណ្ឌ នៃ​កិច្ចសន្យា ហើយ​ក្នុងករណី​កិច្ចសន្យា ត្រូវបាន​បញ្ឈប់​មុន​កាលកំណត់ ដោយសារតែ​អ្នកទទួលការ មិន​អនុវត្តតាម​ល័ក្ខខ័ណ្ឌ នៃ​កិច្ចសន្យា​នោះ អ្នកទទួលការ នឹងមិន​ទទួលបាន​ការទូទាត់​ឡើយ ហើយ​ប្រាក់​កក់​ធានា​ការអនុវត្ត នឹង​ត្រូវបាន​រឹបអូស ផ្ទេរ​បង្វែរ​បង់​ចូល​ថវិការដ្ឋ ដោយ​បង់​ជា ចំណូល​ថវិកា​រដ្ឋបាល​ឃុំ សង្កាត់​ខណៈដែល​ចំពោះ​កិច្ចសន្យា​សំណង់ អ្នកទទួលការ មាន​កាតព្វកិច្ច​ថែទាំ​លទ្ធផល​កិច្ចសន្យា ក្នុង​រយៈពេល ៦ ខែ បន្ទាប់ពី​បញ្ចប់​ការសាងសង់ បើ​មិន​ដូច្នេះ​ទេ ថវិកា​១០% សម្រាប់​ការទូទាត់​ចុងក្រោយ នឹងមិន​ត្រូវបាន​ទូទាត់​ឡើយ ។​

​បន្ទាប់មក គណៈកម្មការ​លទ្ធកម្ម​ឃុំ បាន​បើក​កញ្ចប់​ឯកសារ​របស់ អ្នកទទួល​ការដេញថ្លៃ ដោយ​ពិនិត្យ និង​ពិភាក្សា​ទៅលើ​ឯកសារ​ទាំងអស់ ព្រមទាំង​ឲ្យ​កែតម្រូវ​ឯកសារ​ណា ដែល​ខុស ឲ្យ​ត្រឹមត្រូវ​តាម​គតិយុត្តិ ។​

​ក្រោយពី​ពិនិត្យ និង​ពិភាក្សា​រួច គណៈកម្មការ​លទ្ធកម្ម​ឃុំ បាន​រកឃើញថា ក្រុមហ៊ុន AMRL ទទួលបាន​តម្លៃ​ទាប​ទី​១ ក្នុង​ទឹកប្រាក់​ចំនួន ៥៨.៤០០.០០០ រៀល , ក្រុមហ៊ុន ELHS ទទួលបាន​តម្លៃ​ទាប​ទី​២ ក្នុង​ទឹកប្រាក់​ចំនួន ៥៨.៧០០.០០០ រៀល និង ក្រុមហ៊ុន អំ ឡូ ទទួលបាន​តម្លៃ​ទាប​ទី​៣ ក្នុង​ទឹកប្រាក់​ចំនួន ៥៨.៩០០.០០០ រៀល ។​

​ក្នុងឱកាស​នោះដែរ លោក គី ពក តំណាង​ក្រុមហ៊ុន AMRL ដែល​ទទួលបាន​តម្លៃ​ទាប​ទី​១ នោះ បាន​ប្ដេជ្ញាចិត្ត ដោយ​សន្យា​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ តាម​ក្បួនច្បាប់​បច្ចេកទេស ដូច​មានចែង ក្នុង​កិច្ចសន្យា​ស្រាប់ ៕/V​

Post navigation