Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គយថាម្ចាស់រថយន្ដចង្កូតស្ដាំជិត៤.០០០ គ្រឿងចង់បងពន្ធតែខ្វះថវិកា

Views: 10

ដោយៈ ជា សីហៈ/ភ្នំពេញៈ ខណៈដែលឱសានវាទនៃយុទ្ធនាការចុះបញ្ជីរថយន្ដចង្កូតស្ដាំ នឹងត្រូវផុតកំណត់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ខាងមុខ លោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងថា អគ្គនាយក នឹងលើកជាជម្រើស និងជាសំណូមពរជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដើម្បីសុំការពន្យារពេលមួយរយៈ ទៀត ជូនដល់ម្ចាស់រថយន្ដចង្កូតស្ដាំដែលនៅសេសសល់ចំនួន ៣.៨៣៨ គ្រឿង ស្វែងរកថវិកាមកបង់ពន្ធ។
លោកបានអះអាងនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងលើកជាជម្រើស និងជាសំណូមពរជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដើម្បីសុំការពន្យារពេលមួយរយៈទៀត ជូនដល់ម្ចាស់រថយន្ដចង្កូតស្ដាំដែលនៅសេសសល់ ដើម្បីផ្ដល់ឱកាសដល់ម្ចាស់រថយន្ដអាចស្វះស្វែងរកថវិកាមកបង់ពន្ធ អាករ ហើយការអនុវត្ដនេះ សម្រាប់តែរថយន្ដចង្កូតស្ដាំដែលបានចុះបញ្ជីរួចតែប៉ុណ្ណោះ។
លោកបានបន្តថា រថយន្ដចង្កូតស្ដាំគឺជាទំនិញហាមឃាត់មិនអាចឱ្យបង់ពន្ធ អាករ ឬពិន័យប៉ុន្មានក៏មិនបានដែរ ពីព្រោះដោយសារតែខុសច្បាប់ ហាមឃាត់ដោយច្បាប់ និងមិនអនុលោមតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្ថែមថា សម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រសិនបើផុតឱសានវាទ តទៅគឺមិនមានជម្រើសក្នុងការអនុវត្ដ ដោយសារតែអត់មានច្បាប់ និងអត់មានគោលការណ៍។
ចំពោះការអនុវត្ដយុទ្ធការកៀរគរចំណូល ដោយយុទ្ធនាការទី១ លោកបានឲ្យដឹងថា អគ្គនាយកដ្ឋានបានប្រមូលពន្ធអាករលើរថយន្ដចង្កូតឆ្វេង រថយន្ដចង្កូតស្ដាំបានប្រមាណជិត១ម៉ឺនគ្រឿង ដោយទទួលបានថវិកាប្រមាណជិត៨០លានដុល្លារ។ សម្រាប់យុទ្ធនាការទី២ រថយន្ដចង្កូតស្ដាំបានប្រមាណជិត ៦.០០០ គ្រឿង ដែលជាប្រភេទរថយន្ដដឹក និងទទួលបានពន្ធអាករប្រមាណជិត២០លានដុល្លារ។
លោកបានបញ្ជាក់បន្ថែម ថា សរុបទាំងពីរយុទ្ធនាការនេះ គឺបានទទួលថវិកាប្រមាណ១០០លានដុល្លារ ដែលបានចូលរួមចំណែកក្នុងការកៀរគរចំណូលចូលថវិកាជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។ N

Post navigation