ប្រែសម្រួលៈវាសនា/ញូវ ដេល្លី៖ ឥណ្ឌាបានចូលដល់ការដើរថយក្រោយតាមបច្ចេកទេស នៅពេលផលិតសរុបក្នុងស្រុក(GDP)ធ្លាក់ចុះ៧,៥ភាគរយនៅត្រីមាសទី២នៃឆ្នាំ សារពើពន្ធ២០២០-២០២១ ក្រោយធ្លាក់ចុះខ្លាំងបំផុតមិនដែលមានចំនួន ២៣,៩ភាគរយនៅត្រីមាសទី១ នេះបើតាមរបាយការណ៍របស់ក្រសួងស្ថិតិឥណ្ឌាដែលត្រូវបានបញ្ចេញកាលពីថ្ងៃសុក្រ។
កាលពីថ្ងៃ១១វិច្ឆិកា ធនាគារបំរុងឥណ្ឌាក៏បានព្រមានថាឥណ្ឌាទំនងជានឹងឈានចូលឱនភាពតាមបច្ចេកទេសមួយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីមានកំណើនអវិជ្ជមាន២ត្រីមាសជាប់គ្នា។
យោងតាមទិន្នន័យរបស់ក្រសួងខាងលើ កំណើនមាននៅក្នុងវិស័យកសិកម្ម(៣,៤%) អគ្គិសនី ហ្គាសនិងការផ្គត់ផ្គង់ទឹក(៤,៤%) និងកម្មន្តសាល(ផលិតកម្មឧស្សាហកម្ម)ចំនួន០,៦% ទោះជាយ៉ាងណា វិធានការទប់ស្កាត់ជំងឺកូវីដ១៩ បានប៉ះពាល់ខ្លាំងដល់វិស័យពាណិជ្ជកម្ម សណ្ឋាគារ គមនាគមន៍និងសេវា ដែលធ្លាក់ចុះ១៥,៦ភាគរយ។
មុននេះធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចឥណ្ឌានឹងមានឱនភាព៩ភាគរយនៅឆ្នាំនេះ ដោយសារកូវីដ១៩។
តាមពិតសេដ្ឋកិច្ចឥណ្ឌាមានកំណើនយឺត សូម្បីតែមុនការផ្ទុះជំងឺកូវីដ១៩ ដោយGDPមានកំណើនតែ៤,១ភាគរយនៅត្រីមាសទី៣ឆ្នាំ២០១៩ ដែលជាកំណើនទាបបំផុតធៀបនឹងកំណើននានាចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨មក៕