Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជាង​៤០.០០០​នាក់​ទៀត​ឆ្លងកូវី​ដ​១៩​នៅ​ចិន ក្រោយ​ផ្ទុះ​ការតវ៉ា​ប្រឆាំង​នៅ​ទីក្រុង​ចិន​ជា​ច្រើន​(វីដេអូ)

Views: 5

​ប្រែ​សម្រួលៈ​បំណង​(REUTERS, BLOOMBERG,Straitstimes)៖ ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​២៨​វិច្ឆិកា​នេះ​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​មួយ​កំរិត​ទៀត​បន្ទាប់​ពី​ផ្ទុះ​ការតវ៉ា​ប្រឆាំង​ដ៏​កម្រ​​នៅ​ទូទាំង​ប្រទេស​កាលពី​ចុង​សប្តាហ៍​ប្រឆាំង​នឹង​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​នេះ​ដ៏​តឹងរ៉ឹង​ជាងគេ​ក្នុង​លោក​។​

​ចិន​បាន​ជួប​ការឆ្លង​ច្រើន​បំផុត​ដល់​ថ្ងៃទី​ប្រាំ​ជាប់​គ្នា ដោយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៨​វិច្ឆិកា​នេះ​អាជ្ញាធរ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ទាំង​ចេញ​រោគសញ្ញា​និង​មិន​ចេញ​រោគសញ្ញា​សរុប​ចំនួន​៤០.៣៤៧​នាក់​​សំរាប់​ថ្ងៃអាទិត្យ ដោយ​ទីក្រុង​ប៉េកាំង ក្រុង​ចុងឈី​ញ​និង​ខេត្ត​ជីលីន​(Jilin)​មាន​កំណើន​នៃ​ការឆ្លង​លឿន​ជាងគេ​។​

​ការឆ្លង​នៅក្នុង​រដ្ឋធានី​ប៉េកាំង​បន្ត​នៅ​ខ្ពស់​បន្ទាប់ពី​កើន​ឡើង​មួយ​ជា​ពីរ​កាលពី​ចុង​សប្តាហ៍ គឺ​វា​មាន​អ្នក​ឆ្លង​ថ្មី​៣.៨៦០​នាក់​សំរាប់​ថ្ងៃ​២៧​វិច្ឆិកា​។​

​កំណើន​ការឆ្លង​ជា​បន្ត​នេះ​កើតឡើង​ចំពេល​ពួក​មន្ត្រី​ខិតខំ​រឹតបន្តឹង​ការប្រើប្រាស់​បណ្តាញ​សង្គម​ក្នុងស្រុក​ដើម្បី​រារាំង​កុំអោយ​អ្នក​ក្រុង​ប៉េកាំង​ធ្វើ​ចរាចរណ៍​ចុះឡើង​ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​ការ​​បិទ​ខ្ទប់​ទាំងស្រុង​នៅ​បណ្តា​សង្កាត់​កណ្តាល​រដ្ឋធានី​ចិន​ខណៈ​ផ្ទុះ​ការតវ៉ា​ប្រឆាំង​ផង​និង​ផ្ទុះ​ជំងឺឆ្លង​ផង​។​

​អ្នក​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​បាន​ថត​រូបភាព​ស្តីពី​ប្រជាជន​មិន​ស្តាប់​បទបញ្ជា​អោយ​ពួកគេ​ធ្វើ​ចត្តា​ឡី​ស័ក ហើយ​កាលពី​ដើម​ថ្ងៃ​ចន្ទ​នេះ ក្រុម​មួយ​បាន​ស្រែក​ថា «​យើង​មិន​ចង់​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ទេ​! យើង​ចង់បាន​សេរីភាព​!»​ពេល​ពួកគេ​កាន់​គ្រវី​ក្រដាស​ស ដែល​ជា​និម្មិត​រូប​នៃ​ការប្រឆាំង​នៅ​ចិន​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​

​ក្នុងពេល​ជាមួយគ្នា ពួក​អ្នក​បើក​រថយន្ត​ក៏​បាន​ចូលរួម​ជាមួយ​ពួក​គេ​ដោយ​ចុច​ស៊ី​ផ្លេ​និង​លើក​មេដៃ​ដាក់​អ្នក​ប្រឆាំង​តវ៉ា​។​

​ពួកគេ​ត្រូវបាន​ដាន​ដោយ​ប៉ូលិស​ឯកសណ្ឋាន​និង​បុគ្គលិក​សន្តិសុខ​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​ដែល​នៅ​លាយឡំ​ក្នុង​ហ្វូង​មនុស្ស​នៅ​ពេល​រថយន្ត​ប៉ូលីស​បើក​ល្បាត​ក្បែរ​នោះ​។​

​សូមបញ្ជាក់​ថា ការប្រឆាំង​នឹង​វិធានការ​ទប់ស្កាត់​កូ​វីដនៅ​ចិន​បាន​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃអាទិត្យ​នៅពេល​អ្នកប្រឆាំង​តវ៉ា​ជួបជុំគ្នា​នៅ​ក្រុង​សៀង​ហៃ បរិវេណ​សកលវិទ្យា​​ល័យ​ក្រុង​ណាន​ជី​ញ​និង​រហូត​ដល់​តំបន់​ដាច់ស្រយាល​ស៊ីន​ជាំ​ង​។​

​នៅ​សៀង​ហៃ បាតុករ​និង​ប៉ូលិស​បាន​ប៉ះគ្នា​កាលពី​ថ្ងៃអាទិត្យ ដោយ​ប៉ូលីស​បាន​ចាប់ខ្លួន​អ្នក​ប្រឆាំង​តវ៉ា​មួយ​ឡាន​ចេញទៅ​។​នៅ​ចុង​សប្តាហ៍​នេះ ការប្រឆាំង​តវ៉ា​ក៏​បាន​កើតមាន​នៅ​ទីក្រុង​អ៊ូ​ហាន​និង​ឡាន​​ចូ​វ ហើយ​និស្សិត​បាន​ជួបជុំ​នៅក្នុង​បរិវេណ​សាលា​នៅ​ទីក្រុង​ជាច្រើន​ទៀត​រួម​ទាំង​ទីក្រុង​ប៉េកាំង​។​

​បទ​អត្ថាធិប្បាយ​ក្នុង​កាសែត​People’s Daily​កាលពី​ថ្ងៃ​ចន្ទ បាន​អំពាវនាវ​អោយ​អនុវត្ត​គោលនយោបាយ​កូវី​ដ​១៩​ចុង​ក្រោយ​អោយមាន​ប្រសិទ្ធភាព​ឡើង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​។​

​អាជ្ញាធរ​សុខាភិបាល​ក្នុង​ទីក្រុង​សិន​ចិន​កាលពី​ថ្ងៃអាទិត្យ បាន​រឹតបន្តឹង​នៅតាម​ទីសាធារណៈ​នៅពេល​ចំនួន​ឆ្លងកូវី​ដប​ន្ត​កើនឡើង​។​បណ្តា​ភោជ្ជ​នី​យដ្ឋា​ន​ត្រូវបាន​បញ្ជា​អោយ​កំហិត​ចំនួន​ភ្ញៀវ​មិនអោយ​​លើស​៥០​ភាគរយ​នៃ​សមត្ថភាព​របស់​វា នៅពេល​រោងភាពយន្ត​និង​វិចិត្រសាល​ក៏​ត្រូវ​កំហិត​ដូចគ្នា​។​

​ទីក្រុង​សៀង​ហៃ​មាន​អ្នក​ឆ្លង​ថ្មី​តែ​១៤៤​នាក់​សំរាប់​ថ្ងៃអាទិត្យ តែ​អាជ្ញាធរ​តំរូវ​អោយ​ប្រជាជន​ត្រូវ​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កូ​វីដ​មុន​៤៨​ម៉ោង បើ​ចង់​ចូល​ក្នុងភោ​ជ្ជនី​យដ្ឋា​ន រង្គសាល ផ្សារ​ហាង​កែ​សម្ផស្ស​និង​ទី​​កន្លែង​ដទៃទៀត​ចាប់ពី​ថ្ងៃ​២៩​វិច្ឆិកា​ទៅ​។​

​ការបិទ​ខ្ទប់​ប្រាំ​ថ្ងៃ​ត្រូវបាន​ប្រកាស​នៅ​ក្រុង​ចេងចូ​វ​(Zhengzhou)​កន្លែង​តាំង​រោងចក្រ​ផលិត​iPhone​ធំ​បំផុត​ក្នុង​លោក​។​វា​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក បន្ទាប់​ពី​កម្មករ​រាប់រយ​នាក់​​នៅ​រោងចក្រ​ផលិត​ទូរស័ព្ទ​នេះ​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​ក្រោយ​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដអស់​ពេល​មួយ​ខែ​៕

សកម្មភាពប្រឆាំងវិធានការកូវីដនៅក្រុងសៀងហៃកាលពីថ្ងៃ២៧វិច្ឆិកា

និស្សិតជួបជុំប្រឆាំងវិធានការកូវីដនៅក្រុងប៉េកាំងកាលពីថ្ងៃ២៧វិច្ឆិកា

ប្រជាជនប្រឆាំងវិធានការកូវីដនៅស៊ីនជាំងកាលពីថ្ងៃ២៦វិច្ឆិកា

Post navigation