Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជួយមន្ទីរពេទ្យគន្ធបុប្ផាតាមរយ:ការប្រណាំងកង់និងរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅលើភ្នំបូកគោ

Views: 9

ដោយ:បូកគោ/កំពត៖ កាលពីចុងសប្តាហ៍កន្លងទៅសណ្ឋាគារឋានសួគ៌សុខាបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៧នៅលើភ្នំបូកគោ រយៈពេលពីរថ្ងៃដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ជា។ អ្នកចូលរួមប្រកួតបានបង្ហាញក្តីរីករាយ និងគាំទ្រពេញទំហឹងដោយពួកគាត់ទទួលបានទាំងសុខភាព និងចូលរួមលើកម្ពស់សកម្មភាពសប្បុរសធម៌។

តំណាងសណ្ឋាគារឋានសួគ៌សុខាបានប្រាប់ឱ្យដឹងថានេះជាលើកទី៧ដែលសណ្ឋាគារបានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅលើភ្នំបូកគោ ដើម្បីប្រមូលថវិកាជូនទៅមន្ទីរពេទ្យ គន្ធបុប្ផា។ ក្រៅពីការប្រគំតន្រ្តីដ៏ធំ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងការប្រណាំងកង់បានក្លាយជាវិញ្ញាសាមួយដ៏ពេញនិយម ព្រមទាំងទាក់ទាញអ្នកចូលរួមបានជាង៧០០នាក់។ តំណាងសណ្ឋាគារដដែលបានបន្តថា ការរត់ប្រណាំងមានចម្ងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់កម្សាន្តលក្ខណៈគ្រួសារបីគីឡូម៉ែត្រ។ ចំណែកឯការប្រណាំងកង់មានចម្ងាយ៣២គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីផ្លូវបំបែកផ្លូវជាតិលេខ៣ដល់សណ្ឋាគារសុខា។

អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យថែមទៀតផង។ចំណែកអ្នកចូលរួមរត់ប្រណាំងបានរៀបរាប់ថាពួកគាត់ពិតជាសប្បាយចិត្តដោយបានមកជួបជុំគ្នា លេងកីឡានៅកន្លែងមួយដែលមានទេសភាព និងខ្យល់អាកាសបរិសុទ្ធ។ ការរៀបចំព្រឹត្តិការណ៍នេះពិតជាធ្វើបានល្អ និងមានអត្ថន័យសម្រាប់ជួយមនុស្សដោយផ្ទាល់ និងប្រយោល។

រីឯអ្នកឈ្នះការប្រណាំងកង់ចំណាត់ថ្នាក់លេខ១ និងលេខ២បានប្រាប់ឲ្យដឹងដែរថាការដែលក្រុមហ៊ុននានាចេះសហការគ្នារៀបចំការប្រកួតកីឡាដើម្បីសុខភាព និងដើម្បីប្រមូលថវិកាទៅជួយមន្ទីរពេទ្យគន្ធបុប្ផាពិតជាល្អមែនទែន។ ទីមួយបានលើកទឹកចិត្ត និងជំរុញដល់វិស័យកីឡាជាតិ។ ទីពីរបានជួយលើកកម្ពស់ដល់ដល់ការថែទាំសុខភាព។ ទីបីលើកទឹកចិត្តឲ្យមនុស្សទាំងអស់ចេះស្រឡាញ់ និងសាមគ្គីគ្នាក្នុងការចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីជួយសង្គមជាតិ៕សរន / N

Post navigation