Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការយល់ឃើញអំពីសុខភាពសាធារណៈ របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំអូរសណ្តាន់

Views: 11


ដោយៈសុខ វណ្ណៈ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា/ពោធិសាត់៖ក្រុមការងារ «គម្រោងលើកកម្ពស់សិទ្ធិនិងធ្វើឱ្យ ប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ​២០២២ជួបសំណេះសំណាលនិងសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥៣នាក់ ក្នុងនោះមានស្រីចំនួន៣៦​នាក់ នៅវិហារអ៊ីស្លាម ស្ថិតនៅក្នុងភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នៅក្នុងកម្មវិធីនេះ លោក រស់ សៃហ៊ុត ជំទប់ទី២ ឃុំអូរសណ្តាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់និយាយទៅកាន់អ្នកចូលរួម ទាំងអស់ថា «បើទោះបីជាយើងពិបាកខ្លាំង និងមានកំហឹងចំពោះខ្មែរក្រហមក៏ដោយ ក៏យើងមិនត្រូវចងកំហឹងនិងសន្សំ កំហឹងនោះនៅក្នុងចិត្តខ្លាំងពេកទេ។ ការចងកំហឹងនឹងរបបនោះគឺរឹតតែធ្វើឱ្យយើងឈឺខ្លាំងនិងប៉ះពាល់ដល់សុខភាព យើង។ យើងត្រូវរសាយកំហឹង ប៉ុន្តែយើងត្រូវចង់ចាំ។ ពេលនេះយើងត្រូវតែថែរក្សាសុខភាពរបស់យើងឲ្យរឹងមាំ កុំឲ្យមានជំងឺ។ យើងត្រូវហូបអាហារទាំងបីពេលឲ្យបានទៀងទាត់។

ប្រសិនបើយើងមានជំងឺយើងត្រូវព្យាបាលឲ្យទាន់ពេលវេលា។បើនិយាយអំពីសុខភាពគឺមិនមែននិយាយតែអំពីសុខភាព របស់យើងម្នាក់ឯងទេ គឺសុខភាពរបស់កូនចៅយើង គ្រួសារយើង និងសហគមន៍យើង»។

លោក សៃហ៊ុត បានលើកឧទាហរណ៍អំពី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់នៅក្នុងភូមិចុងខ្លុងថាគាត់មាន អាយុ៦០ឆ្នាំ បានផ្តល់បទសម្ភាសន៍ឲ្យអ្នកស្ម័គ្រចិត្តកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រោម«គម្រោងការលើកកម្ពស់ សិទិ្ធនិងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។
គាត់ទទួលបានការពិនិត្យសុខភាពនៅគ្លីនិកឯកជនមួយនៅក្រុងពោធិ៍សាត់ដែលឧបត្ថម្ភដោយមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២១។ តាមលទ្ធផលពិនិត្យបញ្ជាក់ថាគាត់មានជំងឺក្រិនថ្លើម។
គាត់បានទទួលការព្យាបាលមួយរយៈដោយការប្រើប្រាស់ថ្នាំពេទ្យ ហើយបានធ្វើដំណើរទៅពិនិត្យម្តងទៀតនៅភ្នំពេញ ប៉ុន្តែគាត់មិនបានជួបជាមួយគ្រូពេទ្យជំនាញទេ ដូច្នេះគាត់ក៏វិលត្រឡប់មកផ្ទះវិញ។

ដោយសារមិនមានអាការប្លែកនៅក្នុងខ្លួនគាត់ក៏ឈប់លេបថ្នាំមួយរយៈ។ដោយសារបញ្ហាជីវភាពគាត់បានខិតខំធ្វើការងារ ធ្ងន់ ដូចជា ធ្វើចម្ការដំឡូង។ ជាអកុសលគាត់ទទួលរងគ្រោះថ្នាក់ចរាចរមួយលើក និងត្រូវផ្លែដូងធ្លាក់ចំទ្រូងគាត់ទៀត។ គ្រោះថ្នាក់ទាំងនេះបានធ្វើឲ្យជំងឺរបស់គាត់កាន់តែវិវឌ្ឍន៍លឿន។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក គាត់បានទៅពិនិត្យអេកូនៅពេទ្យជំនាញនៅភ្នំពេញ។ លទ្ធផលបង្ហាញថា ជំងឺរបស់គាត់វិវឌ្ឍន៍ដល់ដំណាក់កាលមហារីកដំណាក់កាលចុងក្រោយ ព្រោះទឹកដក់ក្នុងពោះ ហើយពោះរបស់គាត់ចាប់ផ្តើមហើម។ គ្រូពេទ្យបានប្រាប់ក្រុមគ្រួសារគាត់ថា ប្រសិនបើព្យាបាល និងថែទាំគាត់បានត្រឹមត្រូវ គាត់អាចរស់បានពីចន្លោះ៣ទៅ៦ខែ។ បន្ទាប់ពីវិលត្រឡប់មកផ្ទះវិញ គាត់បានបន្តហូបថ្នាំពេទ្យបានប្រហែលពីរសប្តាហ៍ ហើយហាក់ដូចជាបានធូរបន្តិច។ ប៉ុន្តែកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក គាត់ចាប់ផ្តើមធ្វើទុក្ខខ្លាំង ហូបអ្វីមិនបាន ហើយពោះរបស់គាត់ចាប់ផ្តើមធំនិងតឹងជាងមុន។ លុះដល់វេលាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា គាត់ចាប់ផ្តើមថ្ងូរ ហើយឈឺក្នុងពោះ និងស្ពឹកជើង។

គាត់ត្រូវបានក្រុមគ្រួសារដឹកទៅកាន់គ្លីនិកឯកជនមួយនៅខេត្តពោធិ៍សាត់ដោយសារមិនទាន់អាចដឹកបន្តទៅពេទ្យធំបាន។ទោះបីយ៉ាងណាគ្រូពេទ្យបានបញ្ជូនគាត់ទៅពេទ្យបង្អែកខេត្ត។ប៉ុន្តែមិនទាន់ដល់មន្ទីរពេទ្យផងគាត់បានដាច់ខ្យល់ស្លាប់។

លោក សៃហ៊ុត បន្ថែមថា«ការប្រែក្លាយការឈឺចាប់ឱ្យទៅជាការផ្សះផ្សា»មានន័យថាយើងនាំគ្នានិយាយរឿងរ៉ាវដែល កើត មានឡើងពីអតីតកាលជូរចត់ពីសម័យសង្រ្គាម ជាពិសេសសម័យខ្មែរក្រហមប្រាប់កូនចៅជំនាន់ក្រោយឲ្យយល់ដឹង គឺជារឿងត្រឹមត្រូវបំផុត មិនមែនជាការសងសឹកឬធ្វើឱ្យផ្ទុះកំហឹងឡើយវាគឺជាការផ្សះផ្សាទៅវិញទេ។ដើម្បីឱ្យប្រទេសជាតិ អភិវឌ្ឍន៍ទៅបានលុះត្រាយើងស្គាល់ប្រវត្តិសាស្រ្តខ្លួនឯងដែរ។

ចំណែកលោក ញ៉ែម ខុន អាយុ៧២ឆ្នាំ ប្រធានភូមិអូរតាប្រុក ឃុំអូរសណ្តាន់ មានប្រសាសន៍ថា«ការនិយាយរឿងរ៉ាវ ទុក្ខលំបាកប្រាប់ដល់កូនចៅជំនាន់ក្រោយឱ្យបានដឹងមិនមែនជាការសងសឹកនោះទេគឺនិយាយឲ្យក្មេងដែលកើតមិនទាន់សម័យខ្មែរក្រហមឲ្យបានយល់ និងស្វែងយល់ប្រវត្តិសាស្រ្តពិត។ សព្វថ្ងៃយើងមានសាសនាជាច្រើនកើតឡើងវិញ សាសនាណាក៏ដូចជាសាសនាណាដែរ គឺអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ ចេះយល់ចិត្តគ្នា អធ្យាស្រ័យគ្នា និងមិនត្រូវរើសអើងគ្នាឡើយ»។

បន្ទាប់ពីស្តាប់រួច អ្នកចូលរួមពេញចិត្តនូវការលើកឡើងខាងលើហើយក៏សម្តែងការសោកស្តាយចំពោះអ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហមដែលបានស្លាប់ដោយសារជំងឺ។ ក្រុមការងារ «គម្រោងលើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជាសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព និងអ្នកភូមិរបស់គាត់។

នៅចុងបញ្ចប់នៃកម្មវិធី ក្រុមការងារចែកប្រអប់អនុស្សាវរីយ៍ និងសៀវភៅទស្សនាវដ្តីស្វែងរកការពិតជូនអ្នកភូមិដែល អញ្ជើញមកចូលរួមគ្រប់ៗគ្នា៕សរន

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Post navigation