Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កេរដំណែលរបស់អ.ស.ប៖នៅក្នុងប្រទេសកម្ពុជា៖អ៊ុនតាក់,សាលាក្តីខ្មែរក្រហមនិងការអប់រំដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ខណៈពេលដែលសាលាក្តីខ្មែរក្រហមឈានមកដល់ទីបញ្ចប់ ការអប់រំគឺជាជំហានបន្ទាប់ឈានទៅ កាន់ការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ

Views: 1

ដោយៈ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ៖មជ្ឈមណ្ឌលឯកសារកម្ពុជារួមសហការជាមួយនឹង ការិយាល័យប្រឹក្សាពិសេសនៃអង្គការសហប្រជាជាតិ(អ.ស.ប)ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍មានមោទកភាពក្នុងការបិទបញ្ចប់ផ្នែកចុងក្រោយនៃកម្មវិធីបណ្តុះបណ្តាលបីជំហានស្តីអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅតាមរយៈការអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។សិក្ខាសាលារយៈពេលបីថ្ងៃនេះគឺជាផ្នែកទីបីនៃកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ ដែលត្រូវបង្កើតឡើងក្នុងគោលបំណងបំពេញបន្ថែមនូវតម្រូវការក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ស្តីអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ ដល់បុគ្គលិកផ្នែកអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកគ្រូ-អ្នកគ្រូកម្រិតវិទ្យាល័យនិងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកផ្នែកអប់រំ ចំនួន២០រូបអញ្ជើញមកពីប្រទេសវៀត ណាម,ប្រទេសថៃនិងប្រទេសកម្ពុជាទទួលបានចំណេះដឹងនិងបានចែករំលែកការយល់ឃើញផ្សេងៗស្តីពីវិធីសាស្ត្រក្នុងការដាក់បញ្ចូលការអប់រំស្តីពីឧក្រិដ្ឋកម្មឃោរឃៅទៅក្នុងកម្មវិធីសិក្សានៅតាមបណ្តាប្រព័ន្ធអប់រំដោយ ប្រើប្រាស់វិធីសាស្ត្របង្រៀនបែបសិស្សមជ្ឈមណ្ឌល។

បន្ថែមពីលើការទទួលបានការបណ្តុះបណ្តាលអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅបុគ្គលិកផ្នែកអប់រំទាំងអស់ខាង លើក៏ទទួលបានវិធីសាស្ត្របង្រៀនព្រមទាំងអនុវត្តដោយផ្ទាល់លើរបៀបបង្រៀននិងបណ្តុះបណ្តាលដល់គ្រូដទៃទៀត។ នេះគឺជាគំរូនៃកម្មវិធីសិក្សាតាមបែបផែននៃការបណ្តុះបណ្តាលដើម្បីបណ្តុះបណ្តាលបន្ត។

ផ្នែកទីមួយនៃកម្មវិធីបណ្តុះបណ្តាលបីជំហាននេះ រួមបញ្ចូលនូវសិក្ខាសាលារយៈពេល៦ម៉ោងតាមប្រព័ន្ធអនឡាញ ដែលផ្តល់ជូនបុគ្គលិកអប់រំនូវសេចក្តីផ្តើមនៃនិយមន័យផ្លូវច្បាប់ដែលទទួលស្គាល់ជាអន្តរជាតិចំពោះឧក្រិដ្ឋកម្មឃោរឃៅ និងកត្តាហានិភ័យពាក់ព័ន្ធជុំវិញឧក្រិដ្ឋកម្មទាំងនេះ ដូចដែលបានចែងនៅក្នុង«ក្របខ័ណ្ឌនៃការវិភាគ របស់អង្គការសហប្រជាជាតិចំពោះឧក្រិដ្ឋកម្មឃោរឃៅ៖ ឧបករណ៍សម្រាប់ទប់ស្កាត់»។ ផ្នែកទីពីរនៃកម្មវិធី រួមបញ្ចូលសិក្ខាសាលាកូនកាត់រយៈពេលបីថ្ងៃ (ពាក់កណ្តាលអនឡាញនិងដោយផ្ទាល់)ដែលផ្តល់ជូនអ្នកចូលរួម នូវការយល់ដឹងជាសកលទូលំទូលាយជាងមុនអំពីឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រក៏ដូចជាការបន្ស៊ាំខ្លួនទៅនឹងវិធីសាស្ត្របង្រៀន,មេរៀននិងសម្ភារឧបទេសបែបស៊ីជម្រៅពាក់ព័ន្ធនឹងការបង្រៀនប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មឃោរឃៅ ដោយផ្តោតទៅលើប្រវត្តិសាស្ត្ររបបខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។ ផ្នែកទីបីនៃវគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តឡើងនៅទីក្រុងបាងកកប្រទេសថៃនាថ្ងៃទី១៦ដល់១៨ខែកញ្ញាកន្លងទៅដោយផ្តោតទៅលើការហ្វឹកហាត់ទៅលើលំហាត់គោលដែលអ្នកចូលរួមត្រូវបានតម្រូវឲ្យបង្កើតនិងធ្វើបទបង្ហាញលើកិច្ចតែងការបង្រៀនអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅនានាដែលអាចដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំតាមបណ្តាសាលារៀនក្នុងប្រទេសរបស់ខ្លួន។

ប្រធានការិយាល័យប្រឹក្សាពិសេសនៃអ.ស.ប ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ លោកស្រី អាលីស វៃរីមូ អេនដេរីធូ (Alice Wairimu Nderitu) បានថ្លែងសុន្ទរកថាបើកសិក្ខាសិលាតាមប្រព័ន្ធអនឡាញបន្ទាប់មក លោកស្រី ម៉ារៀ វេស្ទើហ្គ្រេន (Maria Westergren)អ្នកតំណាងការិយាល័យប្រឹក្សាពិសេសនៃអ.ស.ប ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលបានអញ្ជើញចូលរួមសិក្ខាសាលារយៈពេលបីថ្ងៃនេះដោយផ្ទាល់ បានថ្លែងសុន្ទរកថាបិទបញ្ចប់សិក្ខាសាលានេះ។

ការបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើងស្ថិតនៅចំពេលវេលាដ៏សំខាន់បំផុតស្របពេលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបង្កើតឡើងរួមគ្នាដោយកម្ពុជានិងអ.ស.ប ដែលត្រូវបានស្គាល់ថាជា សាលាក្តីខ្មែរក្រហម កំពុងរៀបចំប្រកាសសេចក្តីសម្រេចចុងក្រោយចំពោះបណ្តឹងសារទុករបស់ខៀវសំផន។សេចក្តីសម្រេចនេះគឺជាការបិទបញ្ចប់ប្រកបដោយប្រសិទ្ធភាពលើការងាររបស់តុលាការនេះ។

អ.ស.ប មានប្រវត្តិសាវតារដ៏យូរលង់នៃការបំពេញការងារសំខាន់ៗជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាពិសេសនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ១៩៩៣អ.ស.បបានស្រវាស្រទេញក្នុងការជំរុញឲ្យខ្មែរក្រហម
ចូលរួមនៅក្នុងការបោះឆ្នោតតាមបែបផែនប្រជាធិបតេយ្យដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាពចំពោះសង្គ្រាមរ៉ាំរ៉ៃជាងមួយទសវត្សរ៍។ទោះបីជាយ៉ាងណាក្តីខ្មែរក្រហមនៅតែរឹងទទឹងក្នុងការបង្កជាសង្គ្រាមតាមគ្រប់រូបភាព។
អ.ស.ប មិនធ្លាប់បោះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការគាំពារដល់សន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ ហើយការប្តេជ្ញាចិត្តនេះបានវិវត្តទៅជាដំណើរស្វែងរកយុត្តិធម៌ដែលប្រព្រឹត្តទៅតាមរយៈការងាររបស់សាលាក្តីខ្មែរក្រហម។ ខណៈពេលដែលសាលាក្តីខ្មែរក្រហមឈានមកដល់ទីបញ្ចប់ នៅក្នុងកាលៈទេសៈជាច្រើន ការបង្កើតជាកម្មវិធីអប់រំពីឧក្រិដ្ឋកម្មឃោរឃៅគឺជាសក្ខីភាពនៃការវិវដ្តទៅមុខដ៏សមស្របឆ្លើយតបនិងលើកឡើងអំពីឧក្រិដ្ឋកម្មឃោរឃៅតាមរយៈកិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលដៅទប់ស្កាត់ឧក្រិដ្ឋកម្មទាំងនេះពីការកើតមានឡើងវិញ។

ចាប់តាំងពីការរៀបចំការបោះឆ្នោតស្ថិតក្រោមការគាំពារពីអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)និងការបង្កើតជាសាលាក្តីខ្មែរក្រហម អ.ស.បតែងតែជាដៃគូឈានមុខនិងជាភាគីពាក់ព័ន្ធដ៏សំខាន់របស់ប្រទេស
កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ក្នុងដំណើរពុះពារដ៏យូរអង្វែងប្រឈមទៅនឹងឥទ្ធិពលបន្សល់ទុកពីរបបខ្មែរក្រហម។

កម្មវិធីបណ្តុះបណ្តាលនេះគឺជាសំអាងនៃជំហានបន្ទាប់ឈានទៅមុខដ៏វិសេសវិសាលនៅក្នុងកេរដំណែលរបស់អ.ស.ប ចំពោះយុត្តិធម៌អន្តរកាលក្រោយជម្លោះនៅក្នុងតំបន់។ ការក្រេបយកចំណេះដឹងពីមេរៀនក្នុងរបបខ្មែរក្រហម និងការដាក់បញ្ចូលចំណេះដឹងទាំងនេះទៅក្នុងកម្មវិធីសិក្សាទូលំទូលាយជាងមុនស្តីពីឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រសបញ្ជាក់អំពីជំហានឆ្ពោះទៅមុខរបស់សហគមន៍អន្តរជាតិក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅទាំងនេះពីការកកើតឡើងវិញ៕

រូបថត៖សិក្ខាសាលាស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅតាមរយៈការអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រៀបចំឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃដោយមជ្ឈមណ្ឌលឯកសារកម្ពុជានិងការិយាល័យប្រឹក្សាពិសេសនៃអ.ស.បដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ការិយាល័យទប់ស្កាត់អំពើប្រល័យពូជសាសន៍និងទំនួលខុសត្រូវក្នុងការការពាររបស់អ.ស.ប

ថ្ងៃទី១៖ ១៦ កញ្ញា ២០២២

https://photos.app.goo.gl/i2CsdxkayzLaQSWB8

ថ្ងៃទី២៖ ១៧ កញ្ញា ២០២២​

https://photos.app.goo.gl/n8ujXh3wWLR19VY5A

ថ្ងៃទី៣៖ ១៨ កញ្ញា ២០២២

https://photos.app.goo.gl/qD4ZCAcBhuyJjTq76

Post navigation