Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្មាន់កាំភ្លើង​ប៉ាឡេ​ស្ទីន​បាញ់សម្លាប់​ជនជាតិ​អ៊ីស្រាអែល ៧ នាក់​នៅ​សាលប្រជុំ​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ខ្មាន់កាំភ្លើង​ប៉ាឡេ​ស្ទីន​ម្នាក់​បាន​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​នៅ​ខាងក្រៅ​សាលា​ប្រជុំ​មួយ​នៅ​ជាយក្រុង​ហ្ស៊េ​រុយ​សាឡិម​ភាគ​ខាងកើត​ក្នុងអំឡុងថ្ងៃ​ឈប់សម្រា​ក​​របស់​ជនជាតិជ្វី​ហ្វ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មករា​នៅក្នុង​ការវាយប្រហារ​ដ៏​សាហាវ​បំផុត​មួយ​សំដៅលើ​ជនជាតិ​អ៊ីស្រាអែល​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​ប្រថុយ​បង្ក​ឱ្យមាន​អំពើ​ហិង្សា​រីក​រាលដាល​។​

​ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​ការកើនឡើង​ដ៏​ធំ​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល​-​ប៉ាឡេ​ស្ទីន រួម​ទាំង​ការ​វាយ​ឆ្ម​ក់​របស់​កងទ័ព​នៅ​តំបន់​កាន់កាប់​វេស​ប៊ែង​ដែល​សម្លាប់​មនុស្ស​ប្រាំបួន​នាក់ ការបាញ់​គ្រាប់​រ៉ុក្កែត​ពី​តំបន់​ហ្គា​ហ្សា និង​ការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល​។​

​មេ​ប៉ូលិស​អ៊ីស្រាអែល លោក កូ​ប៊ី សាប​តៃ (Kobi Shabtai) បាន​ហៅ​ការបាញ់ប្រហារ​នៅ​តំបន់​នី​វ​យ៉ា​កូវ (Neve Yaakov) ថា​ជា​”​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​មួយ​ដែល​យើង​មិន​ធ្លាប់​​ជួបប្រទះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​”​។ រឿង​នេះ​ក៏​បាន​កើតឡើង​ក្នុង​ទិវា​រំលឹក​ដល់​ការសម្លាប់​រង្គាល​ជនជាតិជ្វី​ហ្វ​ជា​អន្តរជាតិ​ផង​ដែរ​។​

​ប៉ូលិស​បាន​និយាយថា “​នៅ​ម៉ោង​ប្រហែល ៨៖១៥ នាទី​យប់ ភេរ​វករ​បាន​មកដល់​សាលា​ប្រជុំ​មួយ​នៅ​មហាវិថី​នី​វ​យ៉ា​កូវ​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម​ហើយ​បាន​បាញ់ប្រហារ​ទៅលើ​មនុស្ស​មួយចំនួន​នៅក្នុង​​តំបន់​”​។​

​ប៉ូលិស​បាន​និយាយថា “​ជា​លទ្ធផល​នៃ​ការវាយប្រហារ​ភេរវកម្ម​នេះ ជន​ស៊ីវិល​ប្រាំពីរ​នាក់​ត្រូវបាន​ប្រកាស​ស្លាប់ ហើយ​ជន​ស៊ីវិល​បី​នាក់​ទៀត​បានរ​ង​របួស​”​។​

​ពួកគេ​បាន​និយាយថា ខ្មាន់កាំភ្លើង​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​តាម​រថយន្ត ប៉ុន្តែ​ត្រូវ​បាន​តាម​យ៉ាង​រហ័ស ហើយ​ត្រូវបាន​សម្លាប់​នៅក្នុង “​ការបាញ់ប្រហារ​” ជាមួយ​ប៉ូលិស​។​

​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​នោះ​ថា​ជា​ជនជាតិ​ប៉ាឡេ​ស្ទីន​រស់នៅ​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម​ខាងកើត ដែល​ត្រូវបាន​កាត់​យក​ដោយ​អ៊ីស្រាអែល បន្ទាប់​ពី​សង្គ្រាម​ប្រាំ​មួយថ្ងៃ​ក្នុង​ឆ្នាំ ១៩៦៧​។​

​អំពើហិង្សា​កើនឡើង​នេះ​បាន​កើតឡើង​មួយ​ខែ​បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ជើងចាស់ បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ឡើង​កាន់​អំណាច​។​

​អ្នកកាសែត AFP នៅ​កន្លែងកើតហេតុ​បាន​និយាយថា លោក​ណេ​តាន់​យ៉ា​ហ៊ូ​និង​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ស្តាំនិយម​បំផុត​របស់​លោក គឺ លោក អ៊ី​តា​ម៉ា បិ​ន​ជីវៀ (Itamar Ben-Gvir)​បាន​ចុះ​ទៅ​​កន្លែងកើតហេតុ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ហ្វូង​មនុស្ស​បាន​ស្រែកថា “​ស្លាប់​ទៅ​ពួក​អារ៉ាប់​”​។​

​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​បន្ទាប់ពី​បាន​ចុះ​ទៅ​មើល​កន្លែង​កើតហេតុ លោក​ណេ​តាន់​យ៉ា​ហ៊ូបាន​និយាយថា គណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់​លោក​នឹង​ប្រកាស​ពី “​វិធានការ​ជាបន្ទាន់​” ជា​ការឆ្លើយតប ហើយ​បាន​ជំរុញ​ប្រជាជន​អ៊ីស្រាអែល​កុំឱ្យ “​យក​ច្បាប់​ដាក់​ក្នុង​ដៃ​របស់​ពួកគេ​”៕

​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ដាក់ពង្រាយ​នៅ​កន្លែងកើតហេតុ​

Post navigation