Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល «គំនិត​ផ្ដួចផ្ដើម​អ្នកដឹកនាំ​វ័យក្មេង​នៅ​អាស៊ីអាគ្នេយ៍» ជា​លើក​ដំបូង

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលកម្មវិធី «គំនិតផ្ដួចផ្ដើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ឬ YSEALI» ជាលើកដំបូង ក្នុងឆ្នាំ២០២២ ដោយផ្ដោតលើការពង្រឹងវិស័យសេដ្ឋកិច្ច ផ្ដល់ចំណេះដឹងពីវាគ្មិនក្នុងតំបន់និងសហរដ្ឋអាមេរិក។

កម្មវិធីនេះត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ ដោយរាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ។

អ្នកសម្របសម្រួលកម្មវិធី «គំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ឬ YSEALI» នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក សារីម ម៉ារឌី លើកឡើងថា នេះជាលើកទី១ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រជុំកំពូល «YSEALI Summit» ក្រោយកម្មវិធី YSEALI មានវត្តមាននៅកម្ពុជាតាំងពី២០១៣មក។

លោកថា ការប្រជុំនេះផ្តោតសំខាន់លើការពង្រឹងវិស័យសេដ្ឋកិច្ច រួមទាំងការផ្តល់បទពិសោធ ចំណេះដឹងថ្មីៗរបស់វាគ្មិនពីសហរដ្ឋអាមេរិក និងពីតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងអតីតអ្នកចូលរួមកម្មវិធី YSEALI ផងដែរ។

យ៉ាងណា លោកថា អ្នកចូលរួមនៅឆ្នាំនេះ គឺជ្រើសរើសតែតំណាងចំនួន១៥០នាក់ប៉ុណ្ណោះ មកពី១១ប្រទេស រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម ទីម័រឡេស្ត និងសមាជិកអាស៊ាន៦ប្រទេសទៀត។

បើតាមលោក សារីម ម៉ារឌី កម្មវិធីប្រជុំកំពូល YSEALI គឺរៀបចំទៅតាមលំដាប់លេខរៀងប្រទេសដូចកិច្ចប្រជុំកំពូលអាស៊ានដែរ ដូច្នេះកម្ពុជាត្រូវរង់ចាំ១០ឆ្នាំទៀត ទើបអាចធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះម្តងទៀត។

លោក សារីម ម៉ារឌី ថា៖ «បន្ទាប់ពីចប់កិច្ចប្រជុំកំពូលហ្នឹងទៅ សិក្ខាកាមទាំង១៥០នាក់មកពី១១ប្រទេសហ្នឹង គាត់មានឱកាសបានទទួលបទពិសោធ ក៏ដូចជាចំណេះដឹងថ្មីៗដែលទាក់ទងទៅនឹងការពង្រឹងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ទី២ គឺគាត់នឹងយកចំណេះដឹងទាំងអស់ហ្នឹងទៅបង្ហាត់បន្ថែមជាមួយកិច្ចការដែលគាត់កំពុងធ្វើសព្វថ្ងៃនៅប្រទេសរបស់គាត់។ និងទី៣ គឺគាត់មានឱកាសកសាងបណ្តាញថ្មីៗ មានឱកាសជួបថ្នាក់ដឹកនាំកំពូលៗនៅក្នុងតំបន់ផងដែរ»។

អ្នកសម្របសម្រួលកម្មវិធី YSEALI ប្រចាំកម្ពុជារូបនេះ បន្ថែមថា YSEALI នេះ គាំទ្រដោយស្ថានទូតអាមេរិក។ ក្នុងនោះមានយុវជនខ្មែរជាង ៣០០នាក់ដែលមានអាយុពី១៨-៣៥ឆ្នាំ ជាសិក្ខាកាមដែលធ្លាប់បានចូលរួមកម្មវិធីនេះនាពេលកន្លងមក។

បើតាមលោក ម៉ារឌី YSEALI ជ្រើសរើសសិក្ខាកាម ២ដង ឬ១៨នាក់ ក្នុងមួយឆ្នាំ ហើយផ្តល់ឱកាសសម្រាប់យុវជនដែលមានទំនុកចិត្តប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស ខណៈការផ្សព្វផ្សាយជ្រើសរើសសិក្ខាកាម គឺមាននៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក។

អតីតសិក្ខាកាមកម្ពុជាមួយរូបដែលធ្លាប់បានចូលរួមកម្មវិធី YSEALI និងមានវត្តមានក្នុងកម្មវិធីប្រជុំកំពូលដែរនោះ កញ្ញា ម៉ុនថា កន្និកា ប្រាប់ថា គាត់ធ្លាប់បានទទួលបានឱកាសទៅសិក្សារយៈពេល៥សប្តាហ៍ នៅសាកលវិទ្យាល័យមួយក្នុងសហរដ្ឋអាមេរិក តាំងពីឆ្នាំ២០១៩។ ក្រៅពីនោះ កញ្ញាមានឱកាសចូលរួមកម្មវិធីមួយចំនួនទៀតផងដែរ។

កន្និកា បន្តថា នាឱកាសបានចូលរួមកម្មវិធីនោះ កញ្ញាបានស្តាប់យោបល់ គន្លឹះ និងសិក្សាពីសិក្ខាកាមដទៃទៀត។ កញ្ញាក៏ទទួលបានថវិកា និងការគាំទ្រក្នុងការដោះស្រាយគម្រោងការងារមួយចំនួនទៀតក្នុងសង្គមផងដែរ។ កន្និកា បន្តថា ក្រោយបានចូលរួមជាមួយ YSEALI កញ្ញាបានដំណើរការគម្រោង ឬ project ចំនួន៥ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។

យុវតីរូបនេះចង់ឃើញយុវជនកម្ពុជាផ្សេងទៀតទទួលព័ត៌មាន និងចូលរួមក្នុងកម្មវិធីនេះ ទាំងក្នុងតំបន់ និងជាមួយស្ថានទូតផងដែរ។

កញ្ញា ម៉ុនថា កន្និកា ថា៖ «YSEALI បានជួយពង្រឹងភាសា ភាពជាអ្នកដឹកនាំ ការដឹកនាំ ការគិតបែបស៊ីជម្រៅ ការបណ្ដុះបណ្ដាលកិច្ចពិភាក្សា ការតស៊ូមតិ បណ្តាញ និងទំនាក់ទំនងសង្គម គឺទទួលបានច្រើន ហើយសំខាន់ខ្លាំងណាស់»។

សុន្ទរកថាបើកកិច្ចប្រជុំកំពូល YSEALI 2022 របស់ឧបការីរងរដ្ឋមន្ត្រីការបទេសនៃការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អ្នកស្រី Camille Dawson លើកឡើងថា ការពង្រឹងនូវចំណងទាក់ទងរវាងអាមេរិក និងប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមានសារៈសំខាន់សម្រាប់គោលនយោបាយការបរទេសអាមេរិក ពីព្រោះអាមេរិកទទួលស្គាល់នូវតម្រូវការក្នុងការធ្វើការរួមគ្នាជាមួយដៃគូ និងសម្ពន្ធភាពក្នុងការដោះស្រាយនូវបញ្ហាប្រឈមជាសកល។

អ្នកស្រីថា៖ «ទាំងនេះជាចំណាប់អារម្មណ៍របស់យើង ក្នុងការធ្វើឱ្យបាននូវអនាគតសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបុគ្គលម្នាក់ៗនឹងមានភាពសេរីក្នុងជីវិតប្រចាំថ្ងៃរបស់គេ និងរស់នៅក្នុងសង្គមបើកចំហ ដែលប្រទេសទាំងនោះនឹងផ្តល់ឱ្យមានជម្រើសនយោបាយឯករាជ្យ ដោយរួចពីការបង្ខំ និងទោះក្នុងកម្រិតតំបន់ណាក៏ដោយ បញ្ហាក៏ត្រូវបានដោះស្រាយដោយស្មោះត្រង់នឹងគ្នា។ ចំណែកច្បាប់នឹងត្រូវដោះស្រាយដោយតម្លាភាព និងផ្តល់ឱ្យដោយយុត្តិធម៌ ខណៈដែលទំនិញ គំនិត និងធនធានមនុស្សនឹងមានលក្ខណៈសេរី»។

មន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ ចង់ឃើញយុវជនអាស៊ីអាគ្នេយ៍បញ្ចេញ​ថាមពល ឬកាន់តែសកម្ម ដើម្បីជំរុញឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែមានសន្តិសុខ និងវិបុលភាព តាមរយៈកិច្ចសហការរួមគ្នា៕