Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​អស្ថិរភាព​សកល និង​បំណុល​អចលនទ្រព្យ

របាយការណ៍របស់ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងវិស័យមួយចំនួន ក៏ប៉ុន្តែអស្ថិរភាពជុំវិញពិភពលោកបានគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលមានចំណងជើងថា «Navigating Global Economic Headwinds» បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងកើនឡើងដល់ ៤,៨% នៅឆ្នាំ២០២២ ដោយសារការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ទៅកាន់សហរដ្ឋអាមេរិក។ ប្រាក់ចំណូលពន្ធមានការកើនឡើងបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយការទុកចិត្តពីអ្នកប្រើប្រាស់នៅតែមានកម្រិតខ្ពស់។ ទោះជាយ៉ាងណា របាយការណ៍បានបន្ថែមថា ស្ថានភាពនេះប្រឈមនឹងហានិភ័យ ដោយសារសេដ្ឋកិច្ចពិភពលោកប្រឈមនឹងបញ្ហាធំៗនាពេលខាងមុខ៖

  • កម្ពុជាពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងការវិនិយោគពីប្រទេសចិន។ ទោះយ៉ាងណា ការនាំចេញទៅកាន់ប្រទេសទាំងនេះកំពុងប្រឈមនឹងហានិភ័យនៃការថយចុះ។ ទោះបីជាការនាំចេញបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ នៃឆ្នាំ២០២២ក៏ដោយ ក៏កំណើននេះបានចាប់ផ្តើមថយចុះ។
  • បំណុល​គ្រួសារ​នៅ​តែ​បន្ត​កើន​ឡើង​ខ្លាំង ខណៈ​វិស័យ​អចលន​ទ្រព្យ​ធ្លាក់​ចុះ។ ធនាគារពិភពលោក បាននិយាយអំពី «ការប៉ាន់ប្រមាណនៃការកើនឡើងក្នុងវិស័យអចលនទ្រព្យ» និង «ការពង្រីកឥណទានយ៉ាងឆាប់រហ័សដែលអាចបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុ»
  • ភ្ញៀវទេសចរអន្តរជាតិ ដែលកាលពីមុន ភាគច្រើនជាជនជាតិចិន តែឥលូវនេះភាគច្រើនជាជនជាតិថៃ និងវៀតណាមដែលមានចំនួន ៥៨%។ ការ​លក់​សំបុត្រ​ចូល​ទស្សនាប្រាសាទ​អង្គរវត្ត ភ្ញៀវទេសចរទៅទស្សនាខេត្តសៀមរាប និងអ្នកដំណើរតាមយន្តហោះ នៅតែមានកម្រិតទាប បើ​ទោះ​ជា​ចំនួន​ភ្ញៀវ​ទេសចរកើន​ឡើង​ក៏​ដោយ។

ក្នុង​កិច្ច​ពិភាក្សា​ជា​ក្រុម​ក្នុង​ការ​ដាក់​ចេញ​របាយការណ៍​នេះ ​សេដ្ឋវិទូរបស់​ធនាគារ​ពិភពលោក និង​មន្ត្រី​កម្ពុជា​ ក៏​បាន​ពិភាក្សា​អំពី​ហានិភ័យ​នៃ​ភាព​ក្រីក្រ​ផង​ដែរ។ អ្នកជំនាញកសិកម្មបាននិយាយថា អតិផរណាកំពុងរុញច្រានគ្រួសារជាច្រើននៅតាមជនបទឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ ហើយកសិករមានជម្រើសតិចតួច ដូច្នេះត្រូវបង្ខំចិត្តឈប់ប្រើប្រាស់ជីគីមីនៅពេលដែលតម្លៃជីឡើងថ្លៃ។

ការពឹងផ្អែកលើបរទេស

ពីរភាគបីនៃការនាំចេញរបស់កម្ពុជា គឺទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈការនាំទំនិញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៣៧% ពីមួយឆ្នាំទៅមួយឆ្នាំ។

ការនាំចេញភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ផលិតផលធ្វើពីឈើ គ្រឿងសង្ហារិម សម្ភារអគ្គិសនី និងគ្រឿងបន្លាស់យានយន្ត និងកង់។

ទន្ទឹមនឹងនេះ ប្រទេសចិននៅតែជាប្រភពសំខាន់នៃការវិនិយោគបរទេស [៩០% នៃចំនួនសរុបដែលបានអនុម័ត] ដែលមានការវិនិយោគដ៏ធំនៅកំពង់ផែដឹកជញ្ជូន។ ប្រទេសចិន ជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញកសិផលដែលមានទំហំសរុប ៤០%។ ទោះយ៉ាងណា ការនាំចេញទៅកាន់ប្រទេសចិន នៅតែមានទំហំតូច គឺត្រឹមតែ ៦%។

ម្យ៉ាងទៀត ទីផ្សារទាំងបីនេះមិនមានភាពប្រាកដប្រជាឡើយ ជាពិសេសចំពេលតម្លៃថាមពល និងអតិផរណាខ្ពស់ ដោយសារតែសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។

ធនាគារពិភពលោកបាននិយាយថា៖ «ការផលិតដែលផ្តោតលើការនាំចេញរបស់កម្ពុជា គឺងាយរងគ្រោះទៅនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក។ ដូចគ្នានេះដែរ ការធ្លាក់ចុះនៅក្នុងប្រទេសចិន […] ប្រសិនបើការធ្លាក់ចុះនេះនៅតែបន្ត វានឹងប៉ះពាល់ជាអវិជ្ជមានដល់ការវិនិយោគ និងលំហូរចូលនៃមូលធន»។

របាយ​ការណ៍​បាន​បន្ថែម​ថា កំណើន​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​នៅ​ឆមាស​ទី​ពីរ​នៃឆ្នាំ២០២២។

មាសក៏បានកើនឡើងខ្លាំងផងដែរនៅក្នុងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយមានការនាំចូលមាសចំនួន៤ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២២ ដែលជាតួលេខខ្ពស់ជាងការនាំចេញកសិផលសរុបចំនួន ៧១៥លានដុល្លារ

លោក លី សុដេត សេដ្ឋវិទូរបស់ធនាគារពិភពលោក បានឆ្លើយតបនឹងសំណួរ ដោយនិយាយថា ដោយហេតុនេះ មាសមិនត្រូវបានរាប់បញ្ចូលនៅក្នុងការគណនាមួយចំនួននៃឱនភាពគណនីចរន្ត។ លោកថា នេះគឺចាំបាច់ នៅពេលមាសត្រូវបាននាំចូល មានការកត់ត្រា ប៉ុន្តែនៅពេលនាំចេញ មិនមានការកត់ត្រា។

លោកបន្ត​ថា៖ «យើង​ត្រូវ​ពិនិត្យ​មើល​ទិន្នន័យ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ការ​នាំ​ចូល​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​ការ​អនុម័ត អាជ្ញាបណ្ណ និង​ការ​អនុញ្ញាត។ ជាធម្មតា នៅពេលដែលមាសត្រូវបាននាំចូល មានការកត់ត្រាយ៉ាងត្រឹមត្រូវ។ ប៉ុន្តែ​នៅ​ពេល​នាំ​ចេញ មិនមានការកត់ត្រាត្រឹមត្រូវឡើយ»។

លោកបន្ត​ថា លោក​មិន​ដឹង​ថា​អ្វី​ដែល​ជំរុញ​ឱ្យ​មាន​ការ​ជួញ​ដូរ​មាសឡើយ។

លោកថា៖ «មាសទើបតែកើនឡើង [នាំចូល] កាលពីឆ្នាំមុន។ យើង​នៅ​តែ​ពិនិត្យ​មើល​រឿង​នោះ ហើយ​ពិភាក្សា​ជាមួយ​ធនាគារ​កណ្ដាល។ គ្រប់​គ្នា​ហាក់​មាន​ការ​ភ្ញាក់​ផ្អើល ​ពេល​ឃើញ​ការ​នាំ​ចូល [មាស] ​កើន​ឡើង»។

នៅពេលដែលការជួញដូរមាសបានចាប់ផ្តើមធ្លាក់ចុះក្នុងអំឡុងពេលជំងឺកូវីដ-១៩ អ្នកសង្កេតការណ៍មួយចំនួនបានកត់សម្គាល់ពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជាក្នុងការរត់ពន្ធមាសទៅកាន់ប្រទេសវៀតណាម។

បំណុលអចលនទ្រព្យ

របាយការណ៍របស់ធនាគារពិភពលោក បានឆ្លើយតបទៅនឹងសំណួរថា «តើហានិភ័យពីការកើនឡើងបំណុលឯកជនជាក្តីកង្វល់ដែរឬទេ?»​ ធនាគារពិភពលោក មិន​ឆ្លើយ​ថា​ជាក្តីកង្វល់ឬយ៉ាងណានោះទេ ​ប៉ុន្តែ​បានបង្ហាញ​ភស្តុតាង​មួយចំនួនដូចខាងក្រោម៖

  • ឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី ១៤% នៃ GDP ក្នុងឆ្នាំ២០១២ ដល់ ១៤៥% នៅឆ្នាំ២០២១ ដោយមិនរាប់បញ្ចូលការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ។
  • បំណុលគ្រួសារ «កើនឡើង» ពី ២,៥% នៃGDP ក្នុងឆ្នាំ២០១០ ដល់ ៣៤% នៅឆ្នាំ២០២១។
  • សមាមាត្របំណុលគ្រួសារទៅនឹងការប្រើប្រាស់ «កើនឡើង» ពី ២០% ក្នុងឆ្នាំ២០១៤ ដល់ ៦៥% ក្នុងឆ្នាំ២០១៩។
  • ភស្តុតាងនោះបាននិយាយថា «គេមិនឃើញប្រាក់កម្ចីគ្រួសារត្រូវបានប្រើប្រាស់ប្រកបដោយផលិតភាពទេ» ដោយប្រាក់កម្ចីដែលមានផលិតភាពមានត្រឹមតែ ២៨% នៃចំនួនសរុប។
  • ដោយផ្អែកលើទិន្នន័យ ប្រាក់កម្ចីមានការកើនឡើងខ្លាំងក្នុងវិស័យអចលនទ្រព្យ ហើយ «មានចំនួនប្រាក់កម្ចីអចលនទ្រព្យមិនទាន់ទូទាត់ដែលផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអចលនទ្រព្យ»។

បំណុល​គ្រួសារ​នៅក្នុងប្រទេស​កម្ពុជា ​ចំនួន ៣៤% នៃ GDP ត្រូវ​បាន​​កត់​សម្គាល់ថាមានចំនួនខ្ពស់ជាង បើធៀប​នឹងប្រទេស​ប្រ៊ុយណេមាន ១៦% ហើយប្រទេសស្រីលង្កា ហ្វីលីពីន និង​ឥណ្ឌូនេស៊ីមាន ១០%។

របាយ​ការណ៍​បន្តថា៖ ​«​មាន​តម្រូវ​ការ​ក្នុង​ការ​ទប់​ស្កាត់​កំណើន​ឥណទាន​ខ្ពស់ ​និង​ការ​ប្រមូល​ផ្តុំ​ឥណទាន​ក្នុង​វិស័យ​អចលន​ទ្រព្យ​។ អត្ថន័យមួយនៅក្នុងសេដ្ឋកិច្ច […] ចាត់ទុកការកើនឡើងយ៉ាងឆាប់រហ័សនៃឥណទាន ថាជាហេតុនាំឱ្យមានវិបត្តិហិរញ្ញវត្ថុ»។

របាយ​ការណ៍បន្តថា ឥណទាន​ក្នុង​ស្រុក​សម្រាប់​អចលន​ទ្រព្យ​បាន​កើន​ឡើង ទោះ​បី​ជា​សកម្មភាព​សំណង់​មានការធ្លាក់ចុះក៏ដោយ។

របាយការណ៍បន្ត​ថា​៖ «​នេះ​អាច​បង្ហាញ​ថា សកម្មភាពលើវិស័យ​អចលនទ្រព្យ​អាចមានការកើនឡើង​។ ការកែតម្រូវទីផ្សារអចលនទ្រព្យ ប្រហែលជាបានចាប់ផ្តើមរួចទៅហើយ»។

របាយការណ៍បន្តថា អត្រាប្រាក់កម្ចីដែលមិនដំណើរការនៅតែមានកម្រិតទាប ប៉ុន្តែការថយចុះគុណភាពទ្រព្យសម្បត្តិអាចត្រូវបានទប់ស្កាត់ដោយការរៀបចំរចនាសម្ពន្ធប្រាក់កម្ចីយ៉ាងទូលំទូលាយក្នុងអំឡុងពេលកូវីដ-១៩។

ទោះយ៉ាងណា នៅពេលសួរអំពីរបាយការណ៍របស់ប្រទេសអាល្លឺម៉ង់នាពេលថ្មីៗនេះ ស្តីពីការជំពាក់បំណុល​​វ័ណ្ឌកចំពោះមីក្រូហិរញ្ញវត្ថុ លោក លី សុដេត បាននិយាយថា ធនាគារពិភពលោកមិនបានសិក្សាថាតើការវិនិយោគនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គួរបន្តឬយ៉ាងណានោះទេ។

លោក លី សុដេត បាន​មាន​ប្រសាសន៍​ថា៖ «ទីផ្សារ​អាចធ្វើការសម្រេចចិត្ត។ វាជាសេដ្ឋកិច្ចទីផ្សារ។ ការប្រកួតប្រជែង គឺជាគន្លឹះ»។​

ការផ្លាស់ប្ដូរទៅវិស័យទេសចរណ៍

ភ្ញៀវទេសចរចិន មានចំនួនច្រើនជាងមួយភាគបីនៃភ្ញៀវទេសចរអន្តរជាតិ ក្នុងឆ្នាំ២០១៩។ រហូតមកដល់ឆ្នាំនេះ [២០២២] ភ្ញៀវទេសចរជា​ជនជាតិចិន មានចំនួនតិចជាង ៥%។

ផ្ទុយទៅវិញ ភ្ញៀវទេសចរជាជនជាតិថៃ និងវៀតណាម មានជិត ៦០% នៃភ្ញៀវទេសចរសរុប។

ស្ថិតិភ្ញៀវទេសចរអន្តរជាតិត្រូវបានគេមើលឃើញថាមានការផ្លាស់ប្តូរ។

នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិបានងើបឡើងវិញដល់ជាងពាក់កណ្តាល បើធៀបនឹងខែកញ្ញាដដែលក្នុងឆ្នាំ២០១៩ ដោយបន្តកើនឡើងចាប់តាំងពីខែមេសា។ ទោះយ៉ាងណា ការលក់​សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តបានធ្លាក់ចុះ ដោយ​មាន​ត្រឹមតែ ៧% នៅ​ឆ្នាំ២០១៩ សម្រាប់​រយៈពេល៩ខែ​ដំបូង​ នៃ​ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ភ្ញៀវទេសចរតាមយន្តហោះ បានធ្លាក់ចុះពី ៦៧% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៣៧% នៅឆ្នាំនេះ[២០២២] ហើយភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ធ្លាក់ចុះពី ២៩% មកនៅត្រឹមតែ ៥,៥% ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

ធនាគារពិភពលោក បានផ្តល់អនុសាសន៍ឱ្យបន្តកែលម្អវិស័យទេសចរណ៍ រួមទាំងការតភ្ជាប់កាន់តែប្រសើរឡើងទៅកាន់គោលដៅបន្ទាប់បន្សំ។

ហានិភ័យនៃភាពក្រីក្រ

លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ក្រុមពិភាក្សាថា ថ្មីៗនេះ កសិករបាននិងកំពុងសម្របខ្លួនទៅនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជា ការកើនឡើងនៃតម្លៃជីគីមី និងការធ្លាក់ភ្លៀងយឺត។

កសិករ​បាន​ធ្វើ​ស្រែ​ដោយមាន​រយៈពេល​ប្រមូល​ផល​ខ្លី​ជាងមុន ហើយ​ប្តូរ​ទៅ​ប្រើ​ជីធម្មជាតិ។ លោក សុង សារ៉ន បាន​ថ្លែង​ថា​«​យើង​មិន​មាន​លទ្ធភាព​ទិញ [​ជី] ​គីមី​ទៀត​ទេ​»។

កិច្ចពិភាក្សាត្រូវបានធ្វើឡើងបន្ទាប់ពីបទបង្ហាញរបស់ធនាគារពិភពលោក ស្តីពីអតិផរណាដែលជំរុញឱ្យមានភាពក្រីក្រកាន់តែច្រើន ដោយប៉ាន់ប្រមាណថា អត្រានៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជានឹងកើនឡើងពី ១៨% ទៅ ២២% ដោយសារតែការកើនឡើងនៃអតិផរណា។

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រដ្ឋាភិបាលបាននិងកំពុងកំណត់ប្រភេទថ្មីនៃគ្រួសារក្រីក្រ (IDPoor) ដែលមាន «ហានិភ័យ» និងស្ថិតនៅលើបន្ទាត់ភាពក្រីក្រ ប៉ុន្តែទំនងជានឹងធ្លាក់ចុះក្រោមបន្ទាត់ភាពក្រីក្រចំពេលមានបញ្ហាប្រឈមបច្ចុប្បន្ន និងផ្តល់សាច់ប្រាក់ជាបីដំណាក់កាលនៅឆ្នាំក្រោយ។

ធនាគារពិភពលោក បានអំពាវនាវឱ្យមានការគាំទ្រផ្នែកសង្គមជាបន្តសម្រាប់ជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាណែនាំអំពីទម្រង់នៃការបង់ពន្ធដែលមានភាពប្រសើរឡើងជាងមុន ដូចជាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន៕

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ ​Cambodia Faces Risks in Global Instability, Property Debt