Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​កម្ពុជា​ស្នើ​ចិន​បី​ចំណុច​ទាក់ទង​នឹង​កសិកម្ម

Views: 2

ដោយ​: ជា សីហៈ / ភ្នំពេញ​: នៅក្នុង​ជំនួប​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គណៈប្រតិភូ​ពី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្រៅប្រទេស នៃ​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​ចិន ដែល​ដឹកនាំ​ដោយ​លោក ចាង លូ​ប៉ាវ ( Zhang Lubiao) កម្ពុជា​ស្នើ​ចិន​បី​ចំណុច​ទាក់ទង​នឹង​កសិកម្ម​។​

​បី​ចំណុច​សំខាន់ៗ​នោះ រួមមាន ១. ឯកភាព​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​រួមគ្នា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​អង្ករ ពោត កៅស៊ូ ដំឡូង​មី ចេក ផលិតកម្ម​សត្វ និង​វារីវប្បកម្ម​។ ២. ស្នើ​ដល់​ក្រុមការងារ​ជំនាញ​បន្ថែម​មុខ​ដំណាំ​មាន​សក្តានុពល​ផ្សេងទៀត​ដូចជា ស្វាយ ស្វាយចន្ទី​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​។ ៣.​ស្នើ​ភាគី​ចិន​ព​ន្លឿ​ន​ការបើក​កិច្ចចរចា​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ដទៃទៀត ដូចជា​ម្រេច ទឹកមាត់​ត្រចៀក​កម្ម និង​ទុរេន​។​

​នៅក្នុង​ជំនួប​នោះ លោក រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការ អភិវឌ្ឍ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​កសិកម្ម​ផងដែរ​។ ចំពោះ​វិស័យ​កសិកម្ម លោក​រដ្ឋមន្ត្រី​បាន​ក៏​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ប្រសើរ​រវាង​ប្រទេស​ទាំងពីរ ដោយ​ថ្មីៗ​នេះ​ភាគី​ចិន​បាន​អនុញ្ញាតឱ្យ​នាំចូល​ផ្លែស្វាយ​និង​ត្រី​ប្រា ហើយនឹង​អនុញ្ញាតឱ្យ​នាំចូល​ផ្លែ​មៀន​កម្ពុជា​ឆាប់ៗ​ខាងមុខនេះ​។

​លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​អាច​ពង្រឹង​និង​ពង្រីក​កាន់តែ​រឹងមាំ​ថែម​មួយកម្រិត​ទៀត តាមរយៈ​ការបើក​ការចរចា​លក្ខ​ខ័​ណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ដទៃទៀត ដូចជា​ម្រេច ទឹកមាត់​ត្រចៀក​កម្ម និង​ទុរេន​នាពេល​ខាងមុខនេះ​។​

​ដោយឡែក លោក ចាង លូ​ប៉ាវ ថា បេសកកម្ម​ផ្លូវការ​របស់លោក និង​សហការី​មក​នាពេលនេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​បក​រតិ​ប​ត្តិ​ការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ជួយ គាំទ្រ​លើ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​។ លោក​បាន​បន្តថា ដើម្បីឱ្យ​ការងារ​នេះ​ទទួលបាន​ជោគជ័យ ភាគី​ចិន​បានរៀបចំ​ក្រុមការងារ​ជំនាញ​ថ្នាក់ជាតិ​មួយ​ដែលមាន​សមត្ថភាព និង​បទពិសោធ​ខ្ពស់​ក្នុង​ការរៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។​

​លោក​បន្ថែមថា ការរៀបចំ​ផែនការមេ គឺ​ពិតជា​សំខាន់​ណាស់ ប៉ុន្តែ​ការអនុវត្ត ក៏ដូចជា​ការ​យន្តការ​នៃ​ការអនុវត្ត​គឺ​កាន់តែ​សំខាន់​ថែមទៀត ដូចជា​ការប្រមូល កៀងគរ និង​ប្រើប្រាស់​ធនធាន រួមមាន​ធនធានមនុស្ស ធនធាន​ថវិកា​ជាដើម ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់មូលដ្ឋាន និង​ពី​ថ្នាក់មូលដ្ឋាន​មក​ថ្នាក់ជាតិ​។ ទន្ទឹមនឹងនេះ ក៏ត្រូវ​ធ្វើការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ភាគី​ចិន​ជាពិសេស​លើ​ការរៀបចំ​ផែនការមេ និង​សារៈសំខាន់​នៃ​ការអនុវត្ត តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​។
​លោក​បាន​បន្តថា ដើម្បីឱ្យ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​ដូច​ការ រំពឹងទុក ក៏​ស្នើ​ដល់​ក្រុមការងារ​ជំនាញ​ពី​ក្រសួង​ទាំងពីរ ពិនិត្យ​ពិចារណា​លើ​ការជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការបំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​គ្រប់​ជ្រុងជ្រោយ ដោយ​ផ្តោតជាសំខាន់​លើ​ការផ្សាភ្ជាប់​អ្នក​ផលិត វិស័យ​ឯកជន និង​ទីផ្សារ​តាមរយៈ​ការពង្រឹង​ការងារ​ដាំ​ដុះ ការកែច្នៃ និង​ការ​វេច​ខ្ចប់​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​តាម​តម្រូវការ និង​តម្រូវ​ចិត្ត​របស់​អ្នក​បរិភោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​៕​

Post navigation