Views: 4
ដោយៈ សុផល / ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឱ្យជួយជំរុញ ឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពី ផ្អាកកាលពីកំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ ការស្នើបែបនេះ បានធ្វើក្នុងឱកាសលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៊ីរ៉ូ ចូលជួបជម្រាបលាលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលលោក ជិតដល់ពេលផុតអាណត្តិបំពេញបេសកកម្មការទូតនៅកម្ពុជា។

លោកឯកអគ្គរាជទូតជប៉ុនបានឯកភាពចំពោះ លោករដ្ឋមន្ត្រី ថោង ខុន ទោះបីថាលោកចប់អាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជា ក៏ពិតមែនប៉ុន្តែលោកនឹងបន្តខិតខ ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា តទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។
គួរជម្រាបថា នារយៈពេល ១០ខែ ឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវ ទេសចរកម្ពុជា ប្រមាណជាង ៧.០០០ នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង ១៩.០០០ នាក់ ក្នុងរយៈពេលដូចគ្នា៕ V / N