Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្នុង​តំបន់​អាស៊ាន​​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កម្រិត​អំពើ​ពុក​​រលួយ​អាក្រក់​ជាង​គេ​បន្ទាប់​ពី​​មីយ៉ាន់ម៉ា​​​

អង្គការតម្លាភាពអន្តរជាតិ(Transparency International)បានផ្សព្វផ្សាយពីការផ្តល់ចំណាត់ថ្នាក់អំពើពុករលួយឆ្នាំ២០២២ ដោយកម្ពុជាស្ថិតនៅក្នុងលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស ដែលចំណាត់ថ្នាក់នេះបង្ហាញថា ​កម្ពុជានៅតែមានអំពើពុករលួយអាក្រក់ជាងគេ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានផ្តល់ចំណាត់ថ្នាក់អំពើពុករលួយប្រទេសកម្ពុជាឆ្នាំ២០២២ ទទួលបានពិន្ទុ ២៤ លើពិន្ទុអតិបរមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។

របាយការណ៍ដែលផ្សាយនៅលើគេហទំព័ររបស់អង្គការតម្លាភាពកម្ពុជា បានឱ្យដឹងថា លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍អំពើពុករលួយកាលពីឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន ២៣ពិន្ទុ លើពិន្ទុអតិបរិមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥៧។

ប្រភពដដែលបន្តថា ពិន្ទុរបស់កម្ពុជាពេលនេះ បង្ហាញពីការកើនឡើងជាលំដាប់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ពី២០ពិន្ទុ ក្នុងឆ្នាំ២០១៨ ដល់ ២៤ពិន្ទុ ក្នុងឆ្នាំ២០២២។ ទោះបីជាការកើនឡើងពិន្ទុនេះអាចត្រូវបានមើលឃើញថាជាការវិវឌ្ឍល្អក៏ដោយ ប៉ុន្តែលទ្ធផលពិន្ទុនេះនៅតែមានកម្រិតទាបខ្លាំង ដែលបង្ហាញថា មានកិច្ចការងារជាច្រើនទៀតដែលកម្ពុជាត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ​។

លទ្ធផលសន្ទស្សន៍CPIឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោក។ នៅកម្រិតតំបន់ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេទី២ ក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទាបជាងគេទី៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច គឺនៅលើតែប្រទេសមីយ៉ាន់ម៉ា ដែលចំណាត់ថ្នាក់ទី១៥៧ និងកូរ៉េខាងជើង ដែលជាប់ចំណាត់ថ្នាក់ទី១៧១។ លទ្ធផលពិន្ទុរបស់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន គឺមានភាពចម្រុះ ដោយពិន្ទុរបស់ប្រទេសមួយចំនួនមានការធ្លាក់ចុះ។ ប្រទេសមីយ៉ាន់ម៉ាមានការធ្លាក់ចុះពិន្ទុខ្លាំងជាងគេ ពោលគឺថយចុះ ៥ពិន្ទុ បើប្រៀបធៀបទៅនឹងឆ្នាំមុន(ពី ២៨ ដល់ ២៣)។ នេះបានន័យថា មីយ៉ាន់ម៉ា បច្ចុប្បន្ន ត្រូវបានមើលឃើញថា ជាប្រទេសមានពុករលួយបំផុតនៅអាស៊ីអាគ្នេយ៍។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី  បានថ្លែងថា អំពើពុករលួយរបស់កម្ពុជា ល្អជាងប្រទេសមីយ៉ាន់ម៉ាឬភូមា នោះ ​ ដោយសារបច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា ​កំពុងជួបវិបត្តិនយោបាយដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។

ទោះបីជាយ៉ាងណា លោក ប៉ិច ពិសី   បញ្ជាក់ថា អំពើពុករលួយក្នុងកម្ពុជានៅតែស្ថិតនៅកម្រិយអាក្រក់ឬធ្ងន់ធ្ងរ ដដែល បើប្រៀបធៀបនឹងបណ្ដាប្រទេសផ្សេងៗទៀត។

ប្រភពដដែលបន្តថា សន្ទស្សន៍ស្តីពី​អំពើ​ពុករលួយ​ឆ្នាំ២០២២ ​នេះត្រូវ​បានវាយតម្លៃដោយផ្អែកលើផ្នែកសេដ្ឋកិច្ច សិទ្ធិមនុស្ស អភិបាលកិច្ច យុត្តិធម៌សង្គមជាដើម។

លោកផ្ដល់អនុសាសន៍ថា  បញ្ហាអំពើពុករលួយធំកម្ពុជានៅមិនទាន់បានដោះស្រាយនៅឡើយ ដូច្នេះ ដើម្បីកាត់បន្ថយអំពើពុករលួយឱ្យមានប្រសិទ្ធ លុះត្រាតែរដ្ឋាភិបាលកម្ពុជា ពង្រឹងការអនុវត្តច្បាប់អំពើពុករលួយបានពេញលេញ។

ជាមួយគ្នានេះ  លោកថា រដ្ឋាភិបាលត្រូវបើកលំហសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំ សិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីជាដើមឡើងវិញ  ដែលធានាដោយច្បាប់ជាតិនិងអន្តរជាតិ  ហើយដើម្បីធានាថា អ្នកគោរពសិទ្ធិមនុស្ស។

លោកថា៖«នេះជាចំណុចដែលសំខាន់ នៅក្នុងការបើកសិទ្ធិសេរីភាព  ដើម្បីឈានទៅយើងអាចដើរទៅរកអ្នកកាន់អំណាច ត្រូវទទួលខុសត្រូវ រាល់បញ្ហាទី៣ ការពង្រឹងការត្រួតពិនិត្យអំណាច ដែលជាចំណុចសំខាន់ ហើយក្នុងនោះ យើងផ្ដោតទៅលើសិទ្ធិអំណាច ឯករាជ្យភាព ការផ្ដល់ធនធាន ទៅស្ថាប័នត្រួតពិនិត្យអំណាច រួមទាំងរដ្ឋសភា ព្រឹទ្ធសភា  ហើយស្ថានដទៃទៀតដែលដើរតួនាទី ធានានូវតុល្យភាពអំណាច។  ក្នុងនោះ ក៏មានតុលាការផងដែរ ហើយធ្វើដូច្នេះ បានទាល់តែយើងធានា សុចរិកខ្ពស់បំផុត ការបោះឆ្នោតដែលឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាដកពីអ្នកបោះឆ្នោត ដើម្បីឱ្យយើងមានតំណាងពិតប្រាដក នៅក្នុងតួអង្គត្រួតពិនិត្យ»។

យោងតាមការវិភាគបន្ថែមរបស់អង្គការតម្លាភាពកម្ពុជាទៅលើប្រភពទិន្នន័យឬចំណុចវាស់វែងទាំង៨ ដែលត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយរបស់កម្ពុជាបង្ហាញថា ការកើនឡើងពិន្ទុបន្តិចបន្តួចក្នុងឆ្នាំ២០២២ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការស្តារ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពក្រោយវិបត្តិកូវីដ-១៩។ បន្ថែមពីនេះ  ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច លើកកម្ពស់សេវាសាធារណៈ និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសតម្លាភាពសារពើពន្ធ និងការកៀរគរធនធាន។

អង្គការតម្លាភាពកម្ពុជាបន្តថា ទោះបីជាយ៉ាងណាក៏ដោយ កត្តាដែលនៅតែបន្តរារាំងកម្ពុជាមិនឱ្យទទួលបានពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អប្រសើរគួរឱ្យកត់សម្គាល់នោះ គឺការខ្វះខាតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕