Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ករណីលិចទូកនៅចន្លោះពយសារឺ និងកោះតាង ៖ រកឃើញសាកសពពីរនាក់ និងជួយសង្គ្រោះបាន ១៩នាក់ និងបាត់ខ្លួន២០នាក់

Views: 2

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ជនជាតិចិនជាង ២០នាក់ ដែលបានបាត់ខ្លួនដោយសារការលិចទូកនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចរកឃើញសាកសពស្ត្រីចំនួន ២នាក់ និងជួយសង្គ្រោះបុរសម្នាក់ពីក្នុងទឹក កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ហើយមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយប្រជានេសាទ ដើម្បីស្វែងរកជនរងគ្រោះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះថា “កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ សមត្ថកិច្ចបានស្វែងរកឃើញសាកសពចំនួនពីរនាក់ (ស្រ្តី) និងបានជួយសង្គ្រោះបុរសម្នាក់ពីក្នុងទឹក។ បានន័យថា យើងជួយសង្គ្រោះមនុស្សចំនួន ១៩នាក់ និងស្រង់បានសាកសពស្ត្រី ២នាក់ហើយកំពុងតែសហការជាមួយគ្រប់សមត្ថកិច្ច រួមទាំងប្រជានេសាទ ដើម្បីស្វែងរកជនរងគ្រោះជាបន្តទៀត។ ”។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថា “កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា សមត្ថកិច្ចទទួលបានព័ត៌មានថាមានទូកមួយលិចនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចយើងបានចេញទៅជួយសង្គ្រោះបានមនុស្សចំនួន ១៨នាក់ ។ តាមការបំភ្លឺពួកបានបានអះអាងថា ពួកគេមកពីប្រទេសចិនមានគ្នាចំនួន ៤១នាក់ ក្នុងនោះមានស្រីចំនួន ៣នាក់។

សូមជម្រាបថា ទូកមួយគ្រឿងដែលមានមនុស្សជិះជាង ៤០នាក់ ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឺ និងកោះតាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ក្រោយទទួលបានពត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្រ្គោះ ក្នុងនោះជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួន ដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន ២៣នាក់ទៀត។

បើតាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន ០១គ្រឿង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើមួយគ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរចំនួន ០២នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿងប្រភេទទូកអូសពណ៌បៃតង មានមនុស្សចំនួន០៦នាក់ បានមកទទួលយកតៃកុងខ្មែរ០២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ៕

Post navigation