Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួង​ធនធានទឹក ប្រាប់ថា ទ្រនុង​សម្ពាធ​ខ្ពស់ ចាប់ផ្តើម​រុញ​ចុះ​មកពី​ប្រទេស​ចិន​

Views: 2

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១១ ខែតុលា​ថាៈ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​កើតមាន​ជាថ្មី បាន​បន្ត​អូសបន្លាយ កាត់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​និរតី​ខ្សោយ ។ ទន្ទឹមនេះ មាន​ការជួប​ប្រសព្វ​គ្នា រវាង​ទ្រនុង​សម្ពាធ​ខ្ពស់ រុញ​ចុះ​ពី​ប្រទេស​ចិន (​ភាគ​ខាងជើង​) និង​សម្ពាធ​ទាប ដែល​រុញ​ពីក្រោម (​ត្បូង​) ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ការ​ព្យាករ​ខាងលើ បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ភ្លៀង នៅតែ​បន្ត​ធ្លាក់​ជាប់ ជា​បន្តបន្ទាប់ នៅលើ​ផ្ទៃ​ប្រទេស​ ​ដោយ​កនៅ​តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ។ ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង ជាប់​ប្រទេស​វៀតណាម ភ្លៀង​អាច​ធ្លាក់​ច្រើន​ដោយ​អន្លើ ។​

​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា ពី ២១ ទៅ ២៣ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កំរិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ អាចមាន​ភ្លៀង ក្នុង​កំរិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​យោង​លើ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន​ ​និង​បន្ត​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​នឹង​កើតមានឡើង ជាយថាហេតុ​៕/V​

Post navigation