Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួង និងអាជ្ញាធរ រួមគ្នាកែច្នៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើទឹកឆា ទៅជាសួនភូតគាមរុក្ខជាតិវិញ

Views: 1

ដោយៈ គង់ហេង / កំពង់ចាម៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ អាជ្ញាធរខេត្តកំពង់ចាម កែច្នៃអតីតស្ថានីយ៍ស្តារព្រៃឈើទឹកឆា ដែលមានផ្ទៃដីជិត ៧០ ហិកតា ទៅជាគម្រោង «សួនភូតគាមរុក្ខជាតិទឹកឆា» វិញ។ បច្ចុប្បន្ន គម្រោងមួយនេះ បានអនុវត្តជំហានទី១ ដែលនឹងចំណាយថវិកា ជាងកន្លះលាន ដុល្លារ សម្រេចបានប្រមាណជាង ៧០ ភាគរយ។

លោក គឹម សុបុណ្យ ជាប្រធានរៀបចំគម្រោង «សួនភូតគាមរុក្ខជាតិទឹកឆា» និងជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ព្រៃចម្ការដាំ និងព្រៃឯកជន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី ២៥ កញ្ញា ម្សិលមិញថា គម្រោងសួន ភូតគាមរុក្ខជាតិទឹកឆា ដែលលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងលោក កែវ អូម៉ាលីស្ស បានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខាងលោក បានចាប់អនុវត្ត កាលពីខែកញ្ញា ឆ្នាំ២០២២ ជាអតីតស្ថានីយ៍ ផ្សព្វផ្សាយ និងស្តារ។

លោកប្រធានរៀបចំគម្រោងសួនភូតគាមរុក្ខជាតិទឹកឆា បានឱ្យដឹងទៀតថាៈ ដោយខាង នាយកដ្ឋានអភិវឌ្ឍន៍ព្រៃចម្ការដាំ និងព្រៃឯកជន សំឡឹង និងពិនិត្យឃើញអតីតស្ថានីយ៍ ផ្សព្វផ្សាយ និងស្តារព្រៃឈើទឹកឆានេះ មានសក្តានុពល គឺនៅជុំវិញមានរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ហើយមនុស្សភាគច្រើន ចូលចិត្តទេសចរ ដោយផ្សារភ្ជាប់ជាមួយ ធម្មជាតិ ដែលអាចកែច្នៃជា «សួនភូតគាមរុក្ខជាតិទឹកឆា» ដើម្បីជាប្រយោជន៍ ទិសដៅទេសចរណ៍ មកលំហែកម្សាន្ត, ជាមជ្ឈមណ្ឌលផ្សព្វផ្សាយ និងអភិរក្សនូវ ប្រភេទរុក្ខជាតិ ដែលមានដោយកម្រ និងជិតផុតពូជ​ហើយក៏ជាការជំរុញឱ្យមាន ការដាំដុះប្រភេទឈើព្រៃ ច្រើនប្រភេទទៀត នៅទីនេះដែលត្រូវអភិរក្ស ហើយនឹងអាចជា តំបន់ផ្គត់ផ្គង់គ្រាប់ពូជឈើព្រៃ និងចំណុចសំខាន់មួយទៀត ក៏អាចជាមជ្ឈមណ្ឌលសិក្សា របស់សិស្ស គាត់អាចមកស្វែងយល់ប្រភេទឈើ ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកអនុប្រធាននាយកដ្ឋានរូបនេះ បានឱ្យដឹងទៀតថា គម្រោងសួនភូតគាមរុក្ខជាតិ ទឹកឆានេះ គឺរួមសហការបង្កើតឡើង ដោយលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ,លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​និងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត ធ្វើការអភិវឌ្ឍកែច្នៃលើផ្ទៃដី សរុបចំនួន ៦៨ ហិកតា ដែលបច្ចុប្បន្ន គម្រោងនេះ អនុវត្តបានប្រមាណជាង ៧០ ភាគរយ៕ V / N

Post navigation