Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងទេសចរណ៍ដាក់ចេញនូវគោលការណ៍ណែនាំពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​រៀបចំ​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ក្នុង​គោលបំណង​លើកកម្ពស់​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ និង​ការពារ​វិស័យ​ទេសចរណ៍​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ក៏​ដូច​ជា បន្ថែម​គុណប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​។

Picture

លោក ហោ សា​រុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​កាលពី​ពេល​កន្លង​មក​ថ្មី​នេះ​ថា​«​ក្រសួងទេសចរណ៍​មានការ​គិតគូរ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ទេសចរណ៍ និង​បាន​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នេះ​មក​ដល់​សុខភាព សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​តាម​រយៈ​ការ​កសាង វិស័យ​ទេសចរណ៍​មួយ​ដែល​គ្មាន​ផ្សែង​បារី​» ។

កន្លង​មក ក្រសួងទេសចរណ៍​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​ក្នុង​ចំណោម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ និង​បាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​ដែល​ក្នុង​នោះ​ក្រសួងទេសចរណ៍​ក៏​ធ្លាប់​បាន​ផ្តល់​ជូន​ពាន និង​បណ្ណ​សរសើរ​ដល់​បណ្តា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ផង​ដែរ​។

Picture

ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​បាន​ធ្វើ​ស្រប​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​ស្តី​ពី​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ ដែល​មាន​គោលបំណង​ជំរុញ​ឲ្យ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លុប​បំបាត់​ការ​ជក់បារី ឬ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​កន្លែង​ដែល​ច្បាប់​បាន​ហាមឃាត់​។

លោក ហោ សា​រុន បាន​បញ្ជាក់​ថា ការ​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​រៀបចំ​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នេះ​នឹង​ជួយ​ពង្រឹង​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា ស្តី​ពី​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ ព្រមទាំង​ជួយ​ឲ្យ​មានការ​ចូលរួម​ពី​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ការ​លើកកម្ពស់​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ធានា​បាន​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ស្អាត និង​បៃតង​។

Picture

ផល​ប៉ះពាល់​ពី​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ត្រូវ​បាន​យកចិត្តទុកដាក់​គិតគូរ​ជាស​កល​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្នុង​តំបន់ ដោយសារ​ផល​ប៉ះពាល់​នេះ​មាន​ទំហំ​ធំធេង ដែល​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​មានការ​ខាតបង់​ដល់​សេដ្ឋកិច្ច បង្កើត​បន្ទុក​សង្គម និង​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត​ផង​។

គោលការណ៍​ណែនាំ​ស្តី​ពី​ការ​រៀបចំ​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​មាន​គោលបំណង ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​មាន​ប្រសិទ្ធភាព តាម​រយៈ​ការ​ចូលរួម​ពី​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ផ្តល់​ការ​ទទួលស្គាល់​ក្រុង ស្រុក ខណ្ឌ ដែល​អនុវត្ត​បាន​ល្អជា​«​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​»៕