Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងធនធានទឹក ជូនដំណឹងស្តីពី ស្ថានភាពភ្លៀង នៅដើមខែធ្នូ

Views: 6

ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានជូនដំណឹងស្តីពី ការព្យាករធាតុអាកាស សម្រាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូថាៈ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពល ខ្សោយ ពីទ្រនុងសម្ពាធខ្ពស់។ ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ទទួលរងឥទ្ធិពល ពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាប រុញមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ ពីខ្ពង់រាបភាគឦសាន បង្កឱ្យមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ ដូចខាងលើ ធ្វើឱ្យតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ អាចមានភ្លៀងធ្លាក់ តិចតួច និងពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។ នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ ។ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ អាចមានភ្លៀងតិចតួច និងពីថ្ងៃទី៣ ដល់ ៦ ខែធ្នូ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា មានពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕/V-PC

Post navigation