Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងការងារ ចេញសេចក្តីថ្លែងការណ៍ ជុំវិញពីការឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍

Views: 4

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ការិយាល័យអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ឱ្យដឹងថាៈ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានការឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ។

ការិយាល័យអ្នកនាំពាក្យ បានធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖
១)ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើ បំពានកាតព្វកិច្ច នៃការត្រួតំពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះ ស្រាយវិវាទការងាររួម នោះទេ។
២)ករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានខិតខំ ធ្វើការសម្របសម្រួល ផ្សះផ្សា និងដោះស្រាយ តាមនីតិវិធីច្បាប់ ដោយយកចិត្តទុកដាក់ជាទីបំផុត ហើយដំណើរការ ដោះស្រាយនេះ ដល់ដំណាក់កាលចុងក្រោយ នៃនីតិវិធីដោះស្រាយ វិវាទការងាររួម ដែលត្រូវបានកំណត់ដោយច្បាប់ ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយ ក្រសួងនៅតែបន្តប្រើប្រាស់ នូវយន្តការអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់​ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (អ.គ.ក.ប.) ដើម្បី បន្តសម្របសម្រួលវិវាទនេះ ក្រៅប្រព័ន្ធតុលាការ ស្របតាមឆន្ទៈគូភាគី ដោយគិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្របសម្រួល ចំនួន ២១ លើក ក្នុងនោះ មានអតីតបុគ្គលិក ចំនួន ២៤៩ នាក់ ក្នុងចំណោម ៣៧៣ នាក់ បានយល់ព្រមទទួលយកការទូទាត់ នូវប្រាក់បំណាច់បញ្ចប់ កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណង នៅសល់ត្រឹម ១២៤ នាក់។

ក្រសួងនឹងបន្តរៀបចំកិច្ចប្រជុំ និងសម្របសម្រួល ករណីវិវាទនេះ ជាបន្តទៀត ហើយ ក្នុងករណីដែល ភាគីវិវាទទាំងពីរ នៅតែមិនអាចរកដំណោះស្រាយ និងសម្របសម្រួលគ្នា បាននោះ ក្រសួងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរ យកករណីវិវាទនេះ ប្ដឹងទៅតុលាការ ដើម្បីជម្រះសេចក្តី ស្របតាមបទប្បញ្ញត្តិ នៃការដោះស្រាយវិវាទការងារ រួមជាធរមាន។

ក្រសួងការងារ អំពាវនាវឱ្យភាគីវិវាទ មានការយោគយល់គ្នាខ្ពស់ ក្នុងការចូលរួមដោះស្រាយ បញ្ចប់វិវាទការងារនេះ បន្តសហការជិតស្និទ្ធជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ និងគោរពឱ្យបានម៉ឹងម៉ាត់ នូវច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព​និងច្បាប់ដទៃទៀត ជាធរមាន៕  V / N

Post navigation