Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តភាគឦសាន

Views: 2

ដោយៈម៉ាដេប៉ូ/ មណ្ឌលគិរី-រតនគិរី៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយរដ្ឋបាលខេត្ត មណ្ឌលគិរីនិងរតនគិរីបានចុះបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់សមាជិកគណៈកម្មការខេត្តនៅតំបន់ភាគឦសាននៃប្រទេស​កម្ពុជា ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ។ពិធីនេះបានរៀបចំឡើងកាលពីថ្ងៃទី ២២ និង២៥ ខែវិច្ឆិកា ដោយមានការចូលរួម ពីខាងតំណាងមន្ទីរ អង្គភាពជំនាញ នៃខេត្តមណ្ឌលគិរី និងរតនគិរី។

លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថា រហូតមកដល់បច្ចុប្បន្នមាន សកម្មភាពមួយចំនួននៃគោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មដោយក្រសួង ស្ថាប័ននិងអង្គភាពនានា ព្រោះថាសកម្មភាពទាំងឡាយនោះក៏ត្រូវបានកំណត់ផងដែរនៅក្នុងផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗនៃទិសដៅការងារនិងបេសកកម្មរបស់សាមីអង្គភាពរួចហើយ។ដូច្នេះសកម្មភាពនៅក្នុងគោលនយោបាយមួយនេះ ក៏ដូចជាគោលនយោបាយផ្សេងទៀតផងដែរ។វាពិតជាមិនអាចដាច់ចេញពីសកម្មភាពនានាដែលមាននៅក្នុងផែនការសកម្មភាព នៃសាមីអង្គភាពនោះឡើយ។

លោក រដ្ឋលេខាធិការ សង្ឃឹមថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះហើយ ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ២០១៥-២០២៥ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី នឹងកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត ជួយលើកស្ទួយការគ្រប់គ្រងវិស័យការងារ និងមុខរបរនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្របទៅតាមការប្រែប្រួល និងការផ្លាស់ប្តូរនានានៅក្នុងរចនាសម្ព័នគ្រប់វិស័យនៃសង្គមជាតិ ដែលត្រូវតែវិវត្តខ្លួនឱ្យត្រូវទៅតាមជំហាននីមួយៗ នៃការរីកលូតលាស់ខាងផ្នែកបច្ចេកវិទ្យា និងខាងការប្រែប្រួលខាងចិត្តសាស្រ្តសង្គម ក៏ដូចជាការប្រែប្រួលផ្សេងៗទៀតទាក់ទងទៅនឹងសុខភាព ហើយជាពិសេសគឺរាល់លក្ខខណ្ឌដ៏ចាំបាច់នានានៃការផ្ទេរដំណាក់កាល ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មដែលពឹងផ្អែកលើជំនាញនៅពេលខាងមុខ ដែលទាមទារការលើកកម្ពស់ផលិតភាពការងារ ក្នុងការប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានកំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ធានាភាពខាងជីវភាពរស់នៅ និងភាពសុខដុមនៅក្នុងសង្គម ឱ្យបានសម្របតាមការផ្លាស់ប្តូរថ្មីៗ នាពេលបច្ចុប្បន្ន និងទៅអនាគត។


តំណាងអភិបាលខេត្តទាំងពីរ គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងផ្តល់ការយល់ដឹងបន្ថែមទៀតសម្រាប់គណៈកម្មការខេត្ត ដើម្បីឈានទៅដល់ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនៅថ្នាក់ខេត្ត និងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ ឲ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ជូនថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារកម្ពុជាឆ្នាំ២០១៥-២០២៥ ត្រូវបានបង្កើតឡើងស្របតាមបរិបទនិងស្ថានភាពជាក់លាក់នៃកម្ពុជា ដោយបានពិនិត្យ និង អនុលោមទៅតាមបទប្បញ្ញត្តិនៃអនុសញ្ញានៃអង្គការ អន្តរជាតិខាងការងារ(ILO)ឆ្នាំ១៩៦៤ លេខ១២២ ស្តីពីគោលនយោបាយមុខរបរ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និង មានផលិតផលខ្ពស់ ជូនពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធ៌ម។ គោលនយោបាយនេះ ត្រូវបានរៀបចំស៊ីសង្វាក់គ្នាទៅនឹង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ឈានទៅឧស្សាហកម្មទំនើប ដែលផ្អែកលើជំនាញ មានតម្លៃបន្ថែមខ្ពស់ លើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារខ្ពស់៕សរន

Post navigation