Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសាធារណការនិងវិទ្យាស្ថានAgro Paris Tech នៃប្រទេសបារាំង សហការលើការគ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់នាពេលអនាគត

Views: 4

ដោយៈសុផល/ភ្នំពេញ៖នាពេលអនាគត ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងសហការជាមួយវិទ្យាស្ថានAgro Paris Tech នៃប្រទេសបារាំង លើវិស័យអនាម័យ និងការងារទឹកកខ្វក់នៅកម្ពុជា។នេះបើយោងតាមក្រសួងសាធារណការ។

កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតលើវិស័យអនាម័យ និងការងារទឹកកខ្វក់ជាមួយ លោកស្រីMaria Magana នាយិកាវិទ្យាស្ថានAgro Paris Tech និងលោក Wilfried Ligan ប្រធាន គ្រប់គ្រងគម្រោងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួបសម្ដែងការគួរសមពីសំណាក់តំណាងភាគីខាងវិទ្យាស្ថាន Agro Paris Tech ដើម្បីបង្កើតកិច្ចសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូនលើការគ្រប់ គ្រងអនាម័យ និងការងារទឹកកខ្វក់នៅរាជធានីភ្នំពេញ និងរាជធានី-ខេត្តមួយចំនួនផងដែរ។

អង្គប្រជុំបានពិភាក្សាលើការរៀបចំផែនការបណ្ដុះបណ្ដាលរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងកម្មវិធីសិក្សាដើម្បីត្រៀមរៀបចំកិច្ចសហការចុះអនុស្សរណៈយោគ យល់ រវាងវិទ្យាស្ថាន Agro Paris Tech និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញជួបសម្ដែងការគួរសមពីសំណាក់ តំណាងវិទ្យាស្ថាន Agro Paris Tech និងបានបង្ហាញប្តេជ្ញាយ៉ាងមុតមាំលើកិច្ចសហប្រតិបត្តិការនាពេលអនាគតលើការគ្រប់គ្រងអនាម័យ និង ការងារទឹកកខ្វក់ជាមួយវិទ្យាស្ថាននេះ។

ជាមួយគ្នានោះដែរ ភាគីខាងវិទ្យាស្ថាន Agro Paris Tech បានស្នើសុំលោកប្រធានអង្គប្រជុំបង្កើត កិច្ចសហការជាមួយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្អែកទៅលើការបណ្ដុះបណ្ដាល និង កម្មវិធីសិក្សាមួយចំនួន ជាមួយនឹងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផងដែរ។

លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានទទួលយកសំណើរបស់ភាគីAgro Paris Techនិងបានស្នើឱ្យវិទ្យាស្ថាននេះពន្លឿនកិច្ចសហប្រតិបត្តិការឱ្យ បានឆាប់រហ័ស ដើម្បីត្រៀមលទ្ធភាពចុះ អនុស្សរណៈយោគយល់ រវាងវិទ្យាស្ថានAgro Paris Tech និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ៕សរន-PC

Post navigation