Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កសិករខ្លះនៅខេត្តប៉ៃលិនកាប់ស្វាយ និងមៀន មកដាំដំឡូង និងពោតវិញ

កសិករមួយចំនួននៅខេត្តប៉ៃលិន បានផ្លាស់ប្ដូរពីការដាំដំណាំដែលមានរយៈពេលវែង ដូចជាស្វាយ និងមៀនជាដើម មកដាំដំណាំដែលផ្ដល់ផលក្នុងរយៈពេលខ្លីវិញ ដោយសារមានការខាតបង់ប្រាក់កាក់រយៈពេលពីរ បីឆ្នាំជាប់គ្នា។

អង្គុយលើកៅអីជ័រតូចពណ៌ក្រហម ដៃកាន់ទូរសព្ទតាមដានព័ត៌មានសង្គម លោក តេង ទេព  បច្ចប្បន្នរស់នៅភូមិរោងចក្រ សង្កាត់បយ៉ាខា ស្រុកប៉ៃលិន ខេត្តប៉ៃលិន  បានរៀបរាប់ថា លោកបានខាតបង់ប្រាក់ដោយសារដំណាំស្វាយអស់រយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលជាមូលហេតុធ្វើឱ្យលោកសម្រេចចិត្តកាប់ដើមស្វាយទាំងនោះចោល រួចងាកមកដាំពោតវិញ។ បុរសរូបនេះបញ្ជាក់ថា​ ដើមស្វាយរបស់លោកមានចំនួន១ពាន់ដើម ដែលទើបតែកាប់ចោលនៅពាក់កណ្ដាលឆ្នាំនេះ។

លោកបន្ថែមថា៖ «រកអីស៊ីគ្មានហ្នឹង បានខ្ញុំកាប់ វាអត់មានលុយទិញម្ហូបស៊ី(ហូប)ហើយ យើងទុកធ្វើអីទៀត?  បើយើងមិនប្រែប្រួលឱ្យឆាប់ៗទុក អង្គាមគល់ស្វាយអីទៀត?មានអារម្មណ៍អីទេ មានអារម្មណ៍ថាកាប់បណ្ដោយ ទុកក៏អត់ចំណេញ វាអត់មានអីស៊ីទេ បើថាយើងទុកស្វាយនៅ នៅមើលស្វាយហ្នឹងទៅ មានលុយឯណា? អត់មានលុយទេ។ បើយើងកាប់ស្វាយចោល ឆ្នាំក្រោយយើងដាំដំឡូង យើងដាំពោតវិញទៅអាចបានខ្លះ»

បច្ចុប្បន្នវ័យ៦៤ឆ្នាំ មានស្កូវស្ទើរពេញក្បាល និងជាអតីតទាហានផងនោះ លោក តេង ទេព ថា មូលហេតុដែលនាំឱ្យ លោកងាកមកដាំពោតក្រហមវិញនោះគឺដោយសារ លោកសង្ឃឹមថានឹងមិនសូវមានការខាតបង់ប្រាក់បន្ថែមទៀត។ តែទោះយ៉ាងណាក៏លោកមិនរំពឹងថានឹងបានប្រាក់ចំណេញពីការលក់ កសិផលរបស់លោកដែរ ដោយលោកបានលើកឡើងថាទីផ្សារមិនមានស្ថេរភាពហើយតម្លៃកសិផលភាគច្រើនគឺស្ថិតនៅលើមាត់ឈ្មួញកណ្ដាល។

លោកបន្តថា៖«វាអត់ទៀងទេ កសិករវាមិនទៀងទេ ខាតចំណេញអត់ដឹង ចេះតែធ្វើទៅមិនដឹងថាធ្វើអី។ […] វាដូចតម្រូវទីផ្សារដែរ បើយើងដាំពោតមួយឆ្នាំបានពីរដង ពោតណ៎ា ដាំដើមឆ្នាំម្ដងទៅ ចូលខែ៧ ខែ៨ គេដាំមួយសាទៀតហើយ​ ពោតនោះមួយឆ្នាំ២ដង បើយើងដាំដំឡូងមួយឆ្នាំតែម្ដងទេ»។

កសិករម្នាក់ទៀតឈ្មោះ កាន់គា​ ដែលរស់នៅក្នុងភូមិជាមួយបុរសខាងលើ និយាយថា លោកបានកាប់ដើមមៀនប៉ៃលិនរបស់លោកចោលកាលពីដើមឆ្នាំនេះ ដោយសារតែមានបញ្ហាទីផ្សារ។ ម្យ៉ាងទៀត លោកថា ដីរបស់លោកក៏មិនសូវជាអំណោយផលដល់ការដាំដុះដំណាំតាង៉ែនប៉ុន្មានទេ ដោយសារតែប្រភពទឹកមិនគ្រប់គ្រាន់។

អង្គុយលើកៅអីជ័រពណ៌ខៀវ នៅពីមុខតូបលក់ភេសជ្ជៈតូចល្មមរបស់កូនប្រុសលោក កសិករវ័យ៥៦ឆ្នាំរូបនេះនិយាយថា  ដំណាំមៀនប៉ៃលិនដែលលោកបានកាប់ចោលទាំងនោះគឺមានអាយុកាល៨ឆ្នាំស្ថិតលើផ្ទៃដីជាង២ហិកតា ហើយលោកយកដីដែលធ្លាប់ដាំដើមមៀនប៉ៃលិននោះទៅដាំដំណាំដែលឆាប់ផ្ដល់ផលវិញ ដូចជាពោតក្រហម និងដំឡូងមី​ជាមួយផ្ទៃដី២ហិកតាទៀតដែលលោកមានស្រាប់។

លោកបន្តថា នៅពេលលោកងាកមកដាំពោតក្រហម​ដែលជាប្រភេទដំណាំផ្ដល់ផលក្នុងរយៈពេលខ្លីបែបនេះគឺចំណាយអស់ប្រាក់តិចជាងមុន ដោយកាលពីមុន លោកត្រូវចំណាយថវិកាដើម្បីមើលថែទាំដើមមៀនប៉ៃលិនទាំងនោះ ក្នុងមួយហិកតា អស់ជាង២ពាន់ដុល្លារ ក្នុងមួយឆ្នាំៗ។​

លោក កាន់គា​ បន្តទៀតថា៖«អស់តិចជាងក្មួយ មួយហិកតាយើងវាយ(តម្លៃ)ថាគិតទាំងពូជទាំងអីទាំងអស់ វាអស់១លាន(រៀល)ជាង»។

កសិកររូបនេះ សង្ឃឹមថា តម្លៃពោតនៅក្នុងពេលប្រមូលផលខាងមុខនឹងមានតម្លៃថេរ ដូចកាលពីដើមឆ្នាំនេះដែរ ព្រោះឆ្នាំនេះគឺបានតម្លៃល្អជាងឆ្នាំមុន បានធ្វើឱ្យលោកចំណេញបានខ្លះ។

លោកបន្ថែមថា៖«សំខាន់គឺចង់បានទីផ្សារល្អ គឺថាតម្លៃ៥បាតកន្លះឬ ៥បាត៦កាក់ [បាតជារូបិយបណ្ណរបស់ថៃ ១ បាតស្មើប្រមាណ ១០០ រៀល] ចឹងទៅណា ឱ្យបានថេរតែប៉ុណ្ណឹងកសិកយើងវារស់ហើយ ហើយបើចាប់ពី៧បាតទៅ៨បាតហ្នឹងក៏កសិករយើងក៏រស់ដែរ»។

គួររំលឹកផងដែរថា កាលពីអំឡុងខែមិថុនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន លោក សាយ សុផាត បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ចាប់ពីដើមឆ្នាំ២០២២មក ទីផ្សារពោតក្រហម ហាក់មានភាពប្រសើរជាងអំឡុងឆ្នាំ២០២១ ដែលតម្លៃកាលពីឆ្នាំមុនមានប្រមាណ ៥០០រៀល ទៅ ៨០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។ ប៉ុន្ដែបច្ចុប្បន្ន ពោតក្រហម មានតម្លៃ ប្រមាណ ១ ៣០០រៀល ទៅ១ ៤០០រៀល ក្នុង១គីឡូក្រាម។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ បានលើកឡើងថា​ការវាយតម្លៃលក្ខណៈតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនបានឈានដល់ដំណាក់កាលចុងក្រោយ​ដោយទទួលបានផលវិជ្ជមាននិងអាចឈានដល់ការនាំចេញក្នុងរដូវប្រមូលផលខាងមុខនេះ ក្នុងអំឡុងខែសីហា ឬកញ្ញា។

ទាក់ទងនឹងករណីកាប់ដំណាំចាស់ចោល ដូចជា​ ស្វាយ និងមៀននេះ លោក សាយ សុផាត ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តប៉ៃលិនបានប្រាប់វីអូឌីថា ផ្ទៃដីដំណាំទាំងនោះគឺនៅថេរ មិនមានការកើនឡើង ឬថយចុះនោះទេ នៅក្នុងឆ្នាំនេះ ដោយសារកសិករខ្លះគាត់កាប់ដើមចាស់ៗចោល​​ហើយដាំដំណាំដដែល។

លោកថា៖«កាត់ហ្នឹង អ្នកខ្លះគាត់កាត់ដល់គល់តែម្ដង អ្នកខ្លះក៏គាត់បូត ស្លឹកវានៅតូច គាត់ដាំដំណាំពោតកំដរសិន ដល់ពេលដែលគាត់ត្រូវយកផលស្វាយ គាត់យកផលស្វាយបន្តទៀតចឹងទៅណា កាត់កុំឱ្យវាម្លប់ខ្លាំងពេក»។

ប៉ុន្តែលោកថាផ្ទៃដីដាំពោតក្រហមនៅក្នុងឆ្នាំ២០២២នេះ មានការកើនឡើងជាង២០% ដោយក្នុងឆ្នាំ២០២១មានផ្ទៃដីប្រមាណ៩ពាន់ហិកតា ហើយក្នុងឆ្នាំ២០២២នេះកើនជិតដល់១២០០០ហិតតា។​ ដោយលោកបញ្ជាក់ថា តម្លៃពោតក្រហមក្នុងឆ្នាំនេះ មានស្ថានភាពល្អជាងឆ្នាំមុនៗ ដែលលក់បានត្រឹម៤,៥ ឬ៤,៨បាត ហើយក្នុងឆ្នាំ២០២២នេះ​ អាចលក់បាន៥,៥បាត។  ទោះជាផ្ទៃដីដាំដុះមានការកើនឡើងក្ដី ក៏លោកបានបញ្ជាក់ថា វានៅមិនទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារនៅឡើយទេ ហើយខាងមន្ទីរក៏កំពុងលើកទឹកចិត្តកសិករឱ្យដាំបន្ថែមផងដែរ។

លោកបន្ថែមថា៖«យើងមានផែនការជម្រុញឱ្យគាត់ដាំបន្ថែម  ដោយដំណាំដំឡូងមី វាមានការធ្លាក់ថយ ពាក់ព័ន្ធនឹងការផលិតដំឡូងមី ដល់កម្រិតហើយ ឥឡូវដល់វាធ្លាក់ថយវិញ អ៊ីចឹង យើងពន្យល់ឱ្យគាត់យល់អំពីការដាំដុះ ពីបច្ចេកទេស និងការផ្លាស់ប្ដូរមុខដំណាំ ចឹងបើគាត់ដាំដំណាំហ្នឹងនៅដដែលៗវាធ្វើឱ្យទិន្នផលវាថយចុះ។​ចឹងពន្យល់ឱ្យគាត់ប្ដូរមុខដំណាំ ហើយទៅដាំពោតវិញ»។

ប្រធានមន្ទីរកសិកម្មរូបនេះ ក៏បានអំពាវនាវឱ្យកសិករដែលប្រកបរបរកសិកម្ម គួរយកចិត្តទុកដាក់តាមដានព័ត៌មានស្ដីពីទីផ្សារ រៀបចំផែនការទីផ្សារឱ្យបានត្រឹមត្រូវ ជាពិសេសការដាំដំណាំឱ្យត្រូវតាមរដូវកាល ជៀសវាងការខាតបង់ប្រាក់កាសទៅលើការថែទាំដំណាំខុសពេលខុសរដូវ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានលើកឡើងថា វាជាការល្អមួយដែលខាងមន្ទីរកសិកម្មបានណែនាំឱ្យកសិករក្នុងខេត្តរបស់ខ្លួនចេះដាំដំណាំផ្លាស់ប្ដូរគ្នាបែបនេះ ហើយវាក៏ជាឱកាសសម្រាប់កសិករផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មន្រ្តីសង្គមស៊ីវិលរូបនេះ នៅតែលើកទឹកចិត្តឱ្យមន្ទីរកសិកម្មគួរតែផ្សព្វផ្សាយបន្ថែមទៀតទាក់ទងនឹងការជួយដល់កសិករ ធ្វើយ៉ាងណាឱ្យពួកគេយល់កាន់តែច្បាស់ពីវិធីដាំត្រឹមត្រូវ ទៅតាមក្បួនខ្នាតស្តង់ដារ វិធីសាស្ត្រក្នុងការរៀបចំទីផ្សារ ក៏ដូចជាការផ្សាភ្ជាប់រវាងអ្នកទិញនិងអ្នកដាំ ជាចំណុចល្អ ដែលមន្ទីរអាចជួយទៅដល់កសិករក្នុងការបង្កើនទំនុកចិត្តក្នុងការដាំដុះ។​

លោកថា៖ «ខ្ញុំលើកទឹកចិត្តឱ្យមន្ទីរនិងមន្ត្រី ទៅធ្វើការផ្សព្វផ្សាយនិងជជែកបន្ថែមទៀតនៅក្នុងការជួយដល់កសិករ ពិសេសគឺការផ្សព្វផ្សាយព័ត៌មានពីដំណាំសក្តានុពលដែលពេញនិយមនៅក្នុងទីផ្សារនិងអាចនាំចេញបានលក់ទៅកាន់ក្រៅប្រទេសជាមួយនឹងលទ្ធភាពដែលប្រជាពលរដ្ឋអាចដាំដុះបាន»៕