Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូនដើមកោងកាងចំនួនបីពាន់ដើមត្រូវបានដាំនៅក្នុងទិវាអនាម័យបរិស្ថានជាតិ

Views: 3

ដោយ៖ដេប៉ូ/កែប៖ កូនដើមកោងកាងចំនួនបីពាន់ដើមត្រូវបានដាំកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិនៅក្នុងខេត្តកែប។ការដាំកូនដើមកោងកាងនេះ ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនជម្រកសម្រាប់ជីវៈចម្រុះសមុទ្រគ្រប់ប្រភេទ និងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ។


ថ្លែងក្នុងពិធីនេះរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថាដើមកោងកាងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារ ព្រៃកោងកាងឡើងវិញ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃសម្រាប់ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ ដូចជា ព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ។ ជាមួយនោះដើមកោងកាង មិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះ ប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ ខណៈដែលព្រៃកោងកាង ផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
លោករដ្ឋលេខាធិការបានលើកឡើងថា បច្ចុប្បន្នបញ្ហាប្លាស្ទិកបានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងជាដើម។ សម្រាប់នៅកម្ពុជាយើងវិញ គឺមានសំរាមជាង ១០.០០០ តោន ត្រូវបានចោលក្នុងមួយថ្ងៃៗ ដែលស្មើនឹងជាង៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ប្រភេទសំរាមសរីរាង្គមានចំនួន៦០ភាគរយ, ប្លាស្ទិក២០ភាគរយ និង សំរាមទូទៅផ្សេងៗទៀត។ ចំពោះដំណោះស្រាយ លើបញ្ហាប្លាស្ទិកនេះ គឺអាចសម្រេចទៅបាន អាស្រ័យលើការចូលរួមពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ តួយ៉ាង ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការបដិសេធ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រដល់រដ្ឋបាលខេត្តកែបក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្ស ធនធានធម្មជាតិ។លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងបោសសម្អាតអនាម័យបរិស្ថានដើម្បីខេត្តកែបស្អាត បៃតង និងទាក់ទាញភ្ញៀវទេសចរកាន់តែ ច្រើនថែមទៀត។
លោកអភិបាលខេត្តកែប បានថ្លែងថាខេត្តកែបបានទទួលភ្ញៀវទេសចរយ៉ាងច្រើនក្នុងមួយថ្ងៃៗដែលចាំបាច់យើងត្រូវយកចិត្តទុកដាក់លើការសម្អាតអនាម័យបរិស្ថាន។ ជាមួយគ្នានេះលោកបានជំរុញពលរដ្ឋចូលរួមដាំដើមឈើក្រោមទិសស្លោកពលរដ្ឋម្នាក់ ដើមឈើមួយដើម ដើម្បីភាពបៃតងរបស់ខេត្តកែប៕ N

Post navigation