Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េ សម្រេចផ្តល់សច្ចាប័នដល់កម្ពុជា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

Views: 2

ដោយ: ពៅនិមល / ភ្នំពេញរដ្ឋសភាកូរ៉េ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជា រួចរាល់ហើយ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី២ របស់កម្ពុជា អាចចូលជាធរមាន នៅ ៦០ ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួននោះ។

ក្រសួងពាណិជ្ជកម្ម បានលើកឡើងថាៈ យោងតាមការចុះផ្សាយរបស់ The Korea Times, សភាកូរ៉េ បានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែល ផងដែរ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថាៈ «រដ្ឋាភិបាលកូរ៉េ នឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ចូលជាធរមាន»។

សូមរម្លឹកថា ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ។ បន្ទាប់ពីសភាកូរ៉េ ផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េ នឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា នៅរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី កម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។

ក្រសួងពាណិជ្ជកម្ម បានរំពឹងថាៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀក បំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២ របស់កម្ពុជា​បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី ទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមពីប្រទេស ចំនួន១៥ រួមមាន ប្រទេសជាសមាជិក អាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន ៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់៕ V / N

រូបថត ( ហ្វេសបុក )

Post navigation