Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងត្បូង​លើកលែងទោស​ប្រធាន​Samsung​ដើម្បី​ជួយ​សេដ្ឋកិច្ច​

Views: 1

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អ្នក​ស្នង​តំណែង​និង​ជា​មេដឹកនាំ​ជាក់ស្តែង​របស់​ក្រុមហ៊ុន Samsung​បានទទួល​ការលើកលែងទោស​ពី​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​ទី​១២​សីហា ។​

​មហាសេដ្ឋី លី ជេ​-​យ៉ុង​(Lee Jae-yong) ដែល​ត្រូវ​បាន​ដាក់ទោស​ចំពោះ​ការផ្តល់​សំណូក​និង​កឹប​កេងលួចបន្លំ​ប្រាក់​កាលពី​ខែ​មករា​ឆ្នាំ​មុន​ត្រូវបាន​លើកលែង​ទោស​ដើម្បី​ផ្តល់​ឳ​កាស​អោយ​​លោក​«​ចូលរួម​ចំណែក​ជម្នះ​វិបត្តិ​សេដ្ឋកិច្ច​» នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋមន្ត្រី​យុត្តិធម៌ ហា​ន់ ដុង​-​ហ៊ូ​ន(Han Dong-hoon)​។​

​លោក​លី មនុស្ស​មាន​ទ្រព្យធន​បំផុត​ទី​២៧៨​នៅលើ​លោក ជាមួយនឹង​ទ្រព្យសម្បត្តិ​៧,៩​ពាន់​លាន​ដុល្លារ ត្រូវបាន​ដោះលែង​មុន​កាលកំណត់​ក្រោម​ការ​តាម​ឃ្លាំង​មើល​របស់​តុលាការ​កាលពី​ខែ​សីហា ឆ្នាំ​២០២១​ក្រោយ​ជាប់គុក​១៨​ខែ គឺ​ពាក់កណ្តាល​នៃ​ទោស​ដើម​របស់​លោក​។​

​អនុប្រធាន​ក្រុមហ៊ុន​Samsung Electronics​លី ជេ​-​យ៉ុង ត្រូវបាន​លើកលែង​ទោស​កាលពី​ថ្ងៃ​សុក្រ​

​ការលើកលែងទោស​នេះ​នឹង​អនុញ្ញាត​អោយ​លោក​វិល​ទៅ​ធ្វើការ​ពេញលេញ ដោយសារតែ​ការដកចេញ​លក្ខខណ្ឌ​ចេញពី​គុក​មុន​កាលកំណត់ ។​

​ក្រសួង​យុត្តិធម៌​បាន​និយាយថា «​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល ថាមភាព​និង​ភាព​ក្លៀវក្លា​នៃ​សេដ្ឋកិច្ច​ជាតិ​បាន​ធ្លាក់ចុះ​កាន់តែ​អាក្រក់​ទៅ និង​មាន​ការបារម្ភ​ថា​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នឹង​អូសបន្លាយ​​រយៈពេល​វែង​»​។​ការលើកលែង​ទោស​លោក​លី និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ដទៃ​ទៀត​កាលពី​ថ្ងៃ​សុក្រ​អាច​នាំអោយ​ប្រទេស​ជា​មាន​កំណើន​ដោយ​ចីរភាព​តាមរយៈ​ការវិនិយោគ​សកម្ម​នៅក្នុង​វិស័យ​បច្ចេក​​វិទ្យា​និង​ការបង្កើត​ការងារ​។​

​លោក​លី អាយុ​៥៤​ឆ្នាំ ត្រូវបាន​លើកលែង​ទោស​ជាមួយ​ធុរជន​បី​រូប​ទៀត រួមមាន​ប្រធាន​ក្រុមហ៊ុន​Lotte Group​លោក ស៊ីន ដុង​-​ប៊ីន​(Shin Dong-bin)​ដែល​ត្រូវបាន​ព្យួរទោស​ពីរ​ឆ្នាំ​កន្លះ​ចំពោះ​​ករណី​សូក​ប៉ាក់​នៅ​ឆ្នាំ​២០១៨​។​

​ក្រសួង​បាន​បន្ថែមថា សរុប​អ្នកទោស​១.៦៩៣​នាក់ រួម​មាន​អ្នកទោស​មាន​ជំងឺ​ដំណាក់កាល​ចុង​ក្រោយ​និង​អ្នក​ជិត​ផុត​រយៈពេល​ជា​ប់​ទោស ស្ថិត​ក្នុង​បញ្ជី​ដោះលែង នៅមុន​ទិវា​រំដោះ​ជាតិ​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​​ចន្ទ​។​ទិវា​នេះ​កត់សំគាល់​ការចុះចាញ់​សង្គ្រាមលោកលើកទីពី​ររ​បស់​ជប៉ុន​នៅ​ឆ្នាំ​១៩៤៥​ដែល​បាន​រំដោះ​កូរ៉េ​ចេញពី​ការ​ក្រប់គ្រង​អាណានិគម​។​វា​ត្រូវ​បាន​ប្រារព្វ​ធ្វើ​រាល់​ឆ្នាំ​ជាមួយ​នឹង​ការដោះលែង​អ្នកទោស​​រាប់រយ​នាក់​៕

Post navigation