ដោយៈ ភ្នំស្វាយ-ទេព មង្គល / បន្ទាយមានជ័យៈ ការពិសោធន៍ លើវត្ថុសំណាក រកវីរុសកូវីដ-១៩ លើអ្នកសង្ស័យជិត ៣០០ នាក់ នៅបន្ទាយមានជ័យ លទ្ធផល បានបង្ហាញថា អវិជ្ជមានទាំងអស់។ នេះបើតាមការអះអាង ដោយលោកប្រធានមន្ទីរ សុខាភិបាលខេត្ត ក៏ដូចជា លោកអភិបាល ខេត្តបន្ទាយមានជ័យ នៅវេលារសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមាជ័យ បានអោយដឹង នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះថាៈ ករណីអ្នកសង្ស័យ មានចំនួន ២៩៣ នាក់ /ស្រី ៩៧ នាក់ ដែលក្រុមឆ្លើយតបបន្ទាន់ (RRT) នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាក រកវីរុសកូវីត ១៩ ថ្ងៃទី១ នៅមហាសាលប្រជុំ នៃសាលាខេត្ត បន្ទាយមានជ័យ គឺកាលពីថ្ងៃទី២៩ វិច្ឆិកា ដើម្បីបញ្ជូនទៅវិជ្ជាស្ថានប៉ាស្ទ័រនោះ លទ្ធផលមកវិញ គឺអវិជ្ជមានទាំងអស់ លើជំងឺកូវីដ ១៩ ហើយនៅថ្ងៃទី២ គឺថ្ងៃទី៣០ វិច្ឆិកា ធ្វើនៅមន្ទីរពេទ្យបង្អែក ក្រុងសុរីសោភ័ណ ក្រុមការងារ កំពុងបន្តស្រាវជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ ផ្សេងទៀត ក្នុងការបង្ការ ទប់ស្កាត់ ការចម្លងកូ0វីដ១៩ ទាំងអស់គ្នា ពោលគឺ មណ្ឌលយកវត្ថុសំណាក នៅមហាសាលប្រជុំ នៃសាលាខេត្តបន្ទាយមានជ័យ ធ្វើតែ ១ថ្ងៃទី២៩ ខែវិច្ឆិកានោះ បានបិទហើយ។
មន្ទីរសុខាភិបាលខេត្ត សូមសំណូមពរ និងអំពាវនាវ ឲ្យមន្ត្រី កងកម្លាំង ប្រជាពលរដ្ឋទាំងឡាយ ត្រូវអនុវត្តន៍តាមវិធានការសុខាភិបាល ក្នុងការថែរក្សា អនាម័យ លាងសំអាតដៃ ឲ្យបានស្អាតជាប្រចាំ ដោយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ គ្រប់ពេលវេលា នៃការធ្វើដំណើរ ចេញទៅក្រៅផ្ទះ ទីសាធារណៈ ហើយរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម ជាដើម ។
ចំពោះ អ្នកដែលពាក់ព័ន្ធ ឬមានរោគសញ្ញាសង្ស័យផ្សេងទៀត សូមអញ្ជើញទាក់ទងទូរស័ព្ទ លេខ ១១៥ ឬមកជួបពិគ្រោះយោបល់ ជាមួយក្រុមគ្រូពេទ្យ ដែលនៅជិតផ្ទះបងប្អូន។
សូមរំលឹកថា តាំងពីថ្ងៃទី១២ ខែវិច្ឆិកា មក លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ (ដែលភរិយាលោក បានឆ្លងមេរោគកូវីដ ១៩) បានរួមដំណើរជាមួយ អគ្គនាយករង កងកម្លាំង ទៅត្រួតពិនិត្យប្រតិបត្តិការ ទទួលការវិលត្រឡប់ នៃអ្នកជាប់ឃុំជាង ១.៦០០ នាក់ នាក្រោយទឺកជំនន់ លិចពន្ធនាគារ ខេត្តបន្ទាយមានជ័យ ។
នៅពេលនោះ អ្នកប៉ះពាល់លោក អគ្គនាយក គឺមានលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោកប្រធានតុលាការ មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហតហត្ថ លោកស្នងការ ស្នងការរង លោកឧត្តមអគ្គានុរក្ស ជាប្រធាន អនុប្រធានពន្ធនាគារ.មន្ត្រីពន្ធនាគារនុរក្ស និងកងកម្លាំង រាប់រយនាក់ និងអ្នកជាប់ឃុំខ្លះទៀត ។ បន្ទាប់ពីនោះ ហើយជាបន្តបន្ទាប់ ឬច្រើនថ្ងៃ មន្ត្រីទាំងនោះ ក៏ទទួលការប៉ះពាល់ផ្ទាល់ និងប្រយោលពីមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំង អ្នកពាក់ព័ន្ធ រាប់រយពាន់នាក់ទៀត ។ ហេតុនេះ អ្នកសង្ស័យ ត្រូវតែយកវត្ថុសំណាក យកទៅធ្វើតេស្ត រកវីរុសកូវីដ ១៩ ។
ដោយឡែក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថាៈ ” សូមជម្រាបជូនថា ការយកសំណាក ២៩៣ នាក់ កាលពីម្សិលមិញ លទ្ធផល អវិជ្ជមាន ទាំងអស់ “។
លោកបានមានប្រសាសន៍បន្តថាៈ ” ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបន្តធ្វើការសំណូមពរ និង អំពាវនាវ ឲ្យប្រជាពលរដ្ឋ របស់យើងទាំងអស់ អនុវត្តន៍តាមវិធានការសុខាភិបាល ក្នុងការថែរក្សា អនាម័យ លាងសំអាតដៃ ឲ្យបានស្អាតជាប្រចាំ ដោយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ គ្រប់ពេលវេលា ពេលធ្វើដំណើរ ចេញទៅក្រៅផ្ទះ ទីសាធារណៈ រក្សាគម្លាតសុវត្ថិភាពសង្គម ។ ទោះបីលទ្ធផល លើកទី១ អវិជ្ជមាន តែត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវជាប់ជានិច្ច ” ៕/V
លទ្ធផលពិសោធន៍ លើវត្ថុសំណាក រកវីរុសកូវីដ-១៩ លើអ្នកសង្ស័យជិត ៣០០ នាក់ នៅបន្ទាយមានជ័យ អវិជ្ជមានទាំងអស់
លទ្ធផលពិសោធន៍ លើវត្ថុសំណាក រកវីរុសកូវីដ-១៩ លើអ្នកសង្ស័យជិត ៣០០ នាក់ នៅបន្ទាយមានជ័យ អវិជ្ជមានទាំងអស់