Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លីកាដូរកឃើញថារដ្ឋាភិបាលប្រើច្បាប់កូវីដ-១៩​ជាអាវុធ​ទប់​ទល់​បុគ្គល​ដែល​កំណត់​ថា​ប្រឆាំង

អង្គការឃ្លាំសិទ្ធិមនុស្សលីកាដូ​ រកឃើញថា រដ្ឋាភិបាល​ឯក​បក្ស បាន​ប្រើ​ច្បាប់​កូវីដ-១៩ ធ្វើជាអា​វុធ​​គំរាមកំហែងសកម្មជនសិទ្ធិមនុស្ស សិទ្ធិមូលដ្ឋាន អ្នកសារព័ត៌​​មាន​ អ្នកមានជម្លោះដីធ្លី និ​​ងសិទ្ធិនយោបាយចំពោះបុគ្គលទាំងឡាយណា​​ដែលគេកំណត់​ថា ជា​ក្រុម​ប្រឆាំង។

នេះបើតាមបាយការណ៍សង្ខេបកម្រាស២៤ទំព័រ ដែល​តាមដានការអនុវត្តច្បាប់កូវីដ-១៩ចា​​​ប់​​​ពីថ្ងៃទី១១មីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ របស់អង្គការលីកាដូ ចេញ​ផ្សាយ​នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ដែល​មាន​ចំណង​ជើង​ថា «ច្បាប់កូវីដ-​១៩​ ត្រូវបាន​ប្រើ​ដើម្បី​​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នកកា​រពារ​សិទ្ធិមនុស្ស ​​​​និង​សកម្មជន​ដទៃទៀត​»។

លីកាដូ បានរំឭកថា ត្រឹម១២ថ្ងៃ នៅ​ដើមឆ្នាំ២០២១ រដ្ឋាភិបាលឯកបក្ស បានព្រាងនិងអនុម័តច្បាប់កូវីដ-១៩ យ៉ាង​តក់​ក្រហល់ ទាំង​មិន​បាន​ពិគ្រោះយោបល់ ជាមួយសង្គមស៊ីវិល និងបានប្រកាសឱ្យប្រើច្បាប់នេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

អង្គការនេះ ចាត់​ទុកការដាក់ឱ្យប្រើប្រាស់ច្បាប់​កូ​វី​ដ​-​១​៩​ទាំងប្រញាប់ប្រញាល់​​ ​​បន្ថែមដោយ​​អនុក្រឹត្យ​ចំនួន​​២ទៀត ​ស្តីពី ​វិធានការ​សុខាភិបាល​ ​និង​វិធានការ​រដ្ឋបាលនោះ​ ​ថាបាន​ផ្តល់​អំណាច​យ៉ាង​​ទូលំទូលាយ​ ​ដើម្បី​ឱ្យអាជ្ញាធរ ​រឹតត្បិត​សិទ្ធិ​សង្គម​ ​សិទ្ធិ​នយោបាយ​ ​និង​សិទ្ធិ​សេដ្ឋកិច្ច​ជា​មូលដ្ឋាន​ មិនអនុលោមតាមគោ​លការណ៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ។

វិធាន​នេះ លីកាដូ ​រក​ឃើញ​ថា ជា​​ឧបសគ្គ​រារាំង​ដល់​សិទ្ធិ​ជួប​ជុំ សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​បង្កើត​សមា​គម សិទ្ធិសារ​ព័ត៌​មាន បំពាន​លើសិទ្ធិជនរងគ្រោះ ដែលបាត់បង់ដីធ្លី និងគំរាមកំហែងដល់សកម្មជនសហជីពដែលជំរុញលក្ខខណ្ឌការងារជាដើម ដែលករណីនេះអ្នកតស៊ូមតិដោយសន្តិវិធីខ្លះ ត្រូវជាប់ពន្ធនាគារ ដោយអាជ្ញាធរសម្អាងលើមាត្រា១១ នៃច្បាប់កូវីដ-១៩នេះ។

លីកាដូ បានគូសបញ្ជាក់ថា៖ «ក្នុង​ពេល​ដ៏​ឆាប់​រហ័ស ច្បាប់​កូវីដ-១៩ ជា​ញឹក​ញាប់ ត្រូវ​បាន​គេ​ប្រើ​ជាឧបករណ៍​ថ្មីមួយ​ នៅក្នុងក្របខណ្ឌ​ច្បាប់​ជាតិ ដែលជាអាវុធប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សអ្នកការ​ពារ​សិទ្ធិ​ដីធ្លី និងសំឡេងអ្នករិះគន់»។

លើសពីនេះ អង្គការលីកាដូ មើលឃើញ​ថា ច្បាប់​កូវីដ-១៩ ដែល​បង្កើត​ឡើង​ក្រោម​ប្រព័ន្ធ​ដឹក​នាំ​បែបឯកបក្ស​នេះ មិន​បានលើកកម្ពស់សិទ្ធិពលរដ្ឋទេ តែមានគោលដៅពង្រីកអំណាច និងសិទ្ធិសម្រេច ដើម្បីទប់​ទល់​នឹង​បុគ្គលដែលគេកំណត់ថា ជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលតែប៉ុណ្ណោះ។

នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត ឱ្យដឹងបន្ថែមនៅថ្ងៃសុក្រនេះថា ក្រោ យ​ការ​អង្កេត​ទៅលើការរអនុវត្តច្បាប់ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ជាង២ឆ្នាំមកនេះ លីកាដូ ចង់ឃើ​ញ ច្បាប់នេះត្រូវបានកែលម្អឡើងវិញ ចាប់ពីមាត្រា១រហូតមានត្រា១៥ ដើម្បីធានាសិទ្ធិពលរដ្ឋ សិទ្ធិសេ​ដ្ឋកិច្ច សិទ្ធិវប្បធម៌ និងសិទ្ធិនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ។

លោក​​កត់សម្គាល់ថា ការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សនា​ប៉ុន្មានឆ្នាំចុងក្រោយនេះ ជំរុញឱ្យកម្ពុជាខាតបង់ ដូច​ជា វិធានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយ កម្ពុជាត្រូវបានគេទម្លាក់ចំណាត់ថ្នាក់ទៅក្នុង​បញ្ជីខ្មៅ​នៃអំពើជួញដូរមនុស្សឆ្លងដែន​ជាដើម ដែលថាការណ៍នេះ​ជាការទាញទម្លាក់មុខមាត់កម្ពុជាលើ​ឆាក​អន្តរ​ជាតិ។

លោកថា៖ «យើងដឹងស្រាប់ហើយថា កម្ពុជាយើងកំពុងតែមាន​បញ្ហាគោរពសិទ្ធិនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​កាលណាច្បាប់ហ្នឹង​វាតឹងរឹងពេក វារឹតត្បិតសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ វាប៉ះពាល់ច្រើន កន្លង​មក​យើង​ឃើញហើយ វាប៉ះពាល់ទៅដល់ជំនួយសម្រាប់អភិវឌ្ឍន៍​កម្ពុជា​យើង​ តាមរយៈការអនុ​គ្រោះ​ពន្ធ​EBA​ក្តី​GSPក្តី និង​តាម​ជំនួយ​ផ្សេងៗ​ទៀត​ក្តី»។

លីកាដូ បានកត់ត្រាថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ អ្នកស្រី យស់ សោភ័ណ្ឌ និង​អ្នក​ស្រី ឥន សូត្រ តំណាង​​សហគមន៍​សាមគ្គីចេកមាស​ ខេត្ត​ស្វាយ​រៀង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ផាក​ពិន័យ​ម្នាក់ៗ​ ចំនួន ២លានរៀល​ស្មើនឹង ៥០០ដុល្លារ តាមច្បាប់កូវីដ-១៩ ក្រោយ​ចូល​រួម​តវ៉ា​មួយ​ ដោយ​សារ​អ្នកតវ៉ា​មិន​បាន​ពាក់​ម៉ាស ឬ​រក្សាគ​ម្លាត​សង្គម ក្រោមមាត្រា១០និង១១នៃច្បាប់កូវីដ-១៩។

ចន្លោះខែកក្កដា ឆ្នាំ២០២១​ដដែល មនុស្ស​៦នាក់ ត្រូវ​បាន​ចាប់​ខ្លួន​តាម​ច្បាប់​កូវីដ-១៩ ដោយ​សារការ​បញ្ចេញ​មតិ ឬចែកចាយព័ត៌មាន​តាម​បណ្តាញ​សង្គម ដែល​គេ​យល់​ថា​រិះគន់​រដ្ឋាភិ​បាល លើ​ចំណាត់​ការរដ្ឋាភិ​បាល ចំពោះ​ជំងឺ​រាត​ត្បាត តួយ៉ាង​ដូចជា លោក កៅ ពិសិដ្ឋ អ្នកឆ្លើយឆ្លងព័ត៌មាន​គេហទំព័រមួយ​នៅខេត្ត​សៀមរាប គឺ Tannhektar ក្រោយមកត្រូវបានកាត់ទោស ពីបទ ញុះញង់​ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍ បទរារាំងដល់ការអនុវត្តវិធានការតាម​មាត្រា១១នៃច្បាប់កូវីដ-១៩។ លោក ប៉ាន សុភី ជាកម្មករកសិដ្ឋាន​ចឹញ្ចឹមជ្រូកម្នាក់ទៀត ត្រូវ​កាត់​ទោស​ឱ្យជាប់ពន្ធនាគារ១៨ខែ ដែល​គិតត្រឹមខែកក្កដា ឆ្នាំ២០២២នៅ​ជាប់​ឃុំក្នុងពន្ធនាគារនៅឡើយ  រួម​ទាំងវិធានការមួយចំនួនទៀត ពាក់ព័ន្ធមានត្រា១១នៃច្បាប់កូវីដ-១៩​នេះ។

ក្រសួងយុត្តិធម៌ ដែល​ជា​សេនាធិការរបស់រដ្ឋាភិបាល និងបានចូលរួមតាក់តែងច្បាប់​នេះ ធ្លា​ប់ប្រតិកម្ម​ជាញឹក​ញាប់ ទៅនឹងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែល​រិះគន់ការធ្វើច្បាប់នេះ។

នៅថ្ងៃនេះ​ដែរ អ្ន​កនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលការរកឃើញ​របស់អង្គការលីកាដូនេះ ដោយ​សម្អាង​ថា របាយ​ការណ៍អង្កេតនេះ មើលឃើញតែមួយជ្រុង មិន​បានឆ្លុះបញ្ចាំង​ការពិត ពី​បំណងធ្វើ​​ច្បាប់ និង​អនុវត្តច្បាប់របស់ស្ថាប័នពាក់ព័ន្ធនៃ​រដ្ឋាភិបាលទេ។

លោកថា៖ «ការធ្វើច្បាប់កូវីដ-១៩ហ្នឹង គឺដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ហើយ​វិធាន​ការ​ដែល​ដាក់​ចេញ​ហ្នឹង គឺអនុវត្ត​ជាទូទៅអីចឹង​ទេ​អ្នក​ដែល​ធ្វើ​សកម្មភាព​បំពាន​ទៅ​នឹង​ច្បាប់ហ្នឹង​តែ​ទទួល​ទោស​ទណ្ឌ និងប្រឈមតាមផ្លូវចាប់»។

ក្នុងន័យនេះ លោកពន្យល់​ថា ចំណាត់​ការ​ច្បាប់​​ទៅលើអ្នកបំពានច្បាប់ មិន​មែន​ជា​​កា​រ​​រំលោភ​សិទ្ធិ​​ទេ ចំណែក​ការ​អនុវត្ត​សិទ្ធិ​ហួសពីក្របខណ្ឌច្បាប់មិនមែនជាការអនុវត្តសិទ្ធិទេ។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យ ការតាក់​តែ​​ងច្បាប់ មិន​អាច​ងាក​ចេញពីគោលការណ៍សិទ្ធិមនុស្សបានទេ ហើយ​ខ្លឹម​សារ​នៃច្បាប់ ក៏ត្រូវប្រមូលធាតុ​ចូល​ពីគ្រប់ភាគីពាក់ព័ន្ធដែរ បើពុំដូច្នោះទេច្បាប់នឹងក្លាយជាឧបករណ៍បំបែ​ក​បំបាក់សង្គម ដែលការណ៍​នេះ លោកថា​ រដ្ឋាភិបាលគួរពិចារណាលើ​យន្តការកែលម្អ។

លោកថា៖ «និយាយឱ្យចំ គឺវានឹងបង្កើតឱ្យមានការបែកបាក់ផ្ទៃក្នុងជាតិ សាមគ្គី​ជាតិ​រវាង​ខ្មែរនិងខ្មែរ មិនអាចនិយាយ​គ្នា​បាន ហើយ​អាចមើលគ្នាជាសត្រូវ មិនមែនក្នុងនាមជាតិសាសន៍តែមួយ»។

​របាយការណ៍​​ឆ្នាំ​​២​០​២​១ ​របស់​​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ​បាន​បញ្ជាក់​ថា​ ​មនុស្ស​យ៉ាងតិច​ ​៧​២​៩​​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ច្បាប់​កូ​វី​ដ​-​១​៩​ ​នៅចន្លោះ​ពាក់កណ្តាល​ខែ​មេសា​ ​ដល់​ចុងខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​ជាង​១​០​០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​។

ប្រភពដដែល​បន្តថា ច្បាប់នេះ ត្រូវបានគេប្រើ​ជា​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ ​និង​សកម្មជន​សិទ្ធិ​ការងារ​ ​ក្នុងចំណោម​អ្នកការពារ​សិទ្ធិមនុស្ស​ផ្សេងទៀត។ តែយ៉ាងណា របាយការណ៍នោះ ត្រូវ​បានរដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល៕