Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ពូទីន សន្យាថាមិនសម្លាប់លោក ហ្សេលេនស្គី

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) និយាយថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សន្យាថានឹងមិនសម្លាប់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Bennett ធ្លាប់ធ្វើជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះរវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន ចាប់​តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង និងជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំផ្សេងទៀតដែលបានជួបជាមួយលោក ពូទីន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែមីនា ឆ្នាំមុន។

ខណៈកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោក Bennett ហាក់ដូចជាមិនសូវមានប្រសិទ្ធភាពដើម្បីបញ្ចប់ការបង្ហូរឈាមដែលកំពុង​អូស​បន្លាយ នៅ​ក្នុង​បទ​សម្ភាសមួយ​របស់លោកដែល​ត្រូវបានបង្ហោះនៅលើបណ្តាញ YouTube កាលពីល្ងាចថ្ងៃ​សៅរ៍ លោក​បាន​បង្ហាញពន្លឺផ្នែក​ការ​ទូត និង​កិច្ចខិតខំប្រឹងប្រែងបន្ទាន់​ដែលកំពុងដំណើរការ ដើម្បីព្យាយាមបញ្ចប់ជម្លោះឱ្យបាន​ឆាប់។

នៅក្នុងបទសម្ភាស​រយៈ​ពេល៥ម៉ោង លោក Bennett និយាយ​ថា លោក​បាន​សួរ​លោក Putin អំ​ពី​ថាតើលោកមានបំណង​សម្លាប់​ប្រធានាធិបតី​អ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ដែរឬទេ។

លោក Bennett បាន​និយាយ​ថា៖ «ខ្ញុំបាន​សួរ​លោក Putin ថា​តើលោក​មាន​គម្រោង​សម្លាប់​លោក Zelenskyy ឬ​ទេ?​ គាត់បាននិយាយថាខ្ញុំនឹងមិនសម្លាប់លោក Zelenskyy ទេ”។»

លោក Bennett បន្តថា៖ «ខ្ញុំបាននិយាយទៅកាន់លោក Putin ថា ខ្ញុំចង់បញ្ជាក់ជាមួយលោក ថាតើលោកសន្យាថានឹងមិនសម្លាប់លោក Zelensky ឬ? គាត់បញ្ជាក់ថាខ្ញុំនឹងមិនសម្លាប់លោក Zelenskyy ទេ”»។

លោក Bennett បានបន្តទៀត​​​ថា ក្រោយមក លោកបានទូរសព្ទទៅលោក Zelenskyy ដើម្បីជូនដំណឹង​ដល់គាត់អំពីការសន្យារបស់លោក Putin

លោក Bennett បាននិយាយជាមួយលោក Zelenskyy ថា៖ «សូមស្ដាប់ខ្ញុំ! ខ្ញុំទើបតែជួបលោក Putin។ គាត់ថា គាត់នឹង​មិន​សម្លាប់​លោក​ទេ»។

លោក  Zelenskyy សួរបញ្ជាក់ថា៖ «ពិតមែន?» លោក​ឆ្លើយថា៖ «១០០% គាត់នឹងមិនសម្លាប់លោកទេ។»  

មិនមានការឆ្លើយតបភ្លាមៗពីវិមានក្រឹមឡាំង ដែលធ្លាប់បានបដិសេធការអះអាងរបស់អ៊ុយក្រែនថារុស្ស៊ីមានបំណងធ្វើឃាតលោក Zelenskyy។

ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) ធ្លាប់បាននិយាយថា លោក ពូទីន គឺជា «អ្នកជំនាញកុហក»

លោក Kuleba បាននិយាយថា៖ «លោក ពូទីន ធ្លាប់បានសន្យាថានឹងមិនកាន់កាប់តំបន់គ្រីមេ មិនបំពានលើកិច្ចព្រម​ព្រៀងទីក្រុងមីនស្ក៍ [Minsk] មិនឈ្លានពានអ៊ុយក្រែន ប៉ុន្តែលោកបានធ្វើរឿងទាំងអស់នេះហើយ។ កុំចាញ់បោក […] រាល់ពេលដែលលោក ពូទីន សន្យាថានឹងមិនធ្វើអ្វីមួយ វាគឺជាផ្នែកមួយនៃផែនការរបស់គាត់»។

លោក Bennett ធ្លាប់ជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រឹមតែ៦ខែ នៅពេលដែលសង្គ្រាមរុស្ស៊ី និងអ៊ុយ​ក្រែន​ បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២​០២២។ នៅពេលនោះ លោកបានដើរតួជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែកិច្ចប្រឹងប្រែងនោះមិនទទួលបានជោគជ័យឡើយ៕