Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ឈាង ចន្ឋី ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង ជំនួសលោក ថោង ចំរើន ត្រូវបានតម្លើងជាទីប្រឹក្សាក្រសួងសង្គមកិច្ច

Views: 1

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថាៈ “បើគ្មានកត្តាសាមគ្គីភាពនោះទេ ការងារតូច ធំ ក៏មិនអាចទទួលជោគជ័យបានដែរ ហេតុនេះប្រធានមន្ទីរ ទើបឡើងចូលកាន់តំណែងថ្មី ត្រូវតែមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទើបការងារ រលូនទៅបាន។

លោករដ្ឋមន្ត្រី បានមានប្រសារបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី កែ ចន្ទ័មុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង មន្ត្រីរាជការ លោកអភិបាលស្រុក និងមេឃុំ ជាច្រើនរូបទៀតផងដែរ។

លោករដ្ឋមន្ត្រី វង់ សូត្រ បានបន្តថាៈ ប្រធានមន្ទីរដែលទើបចូលកាន់តំណែងថ្មី ត្រូវខិតខំសហការជាមួយ មន្ត្រីក្រោមឱវាទ ពិសេសថ្នាក់ដឹកនាំខេត្ត ស្រុក និងអាជ្ញាធរ មូលដ្ឋាន ដើម្បីការងារចំពោះមុខរបស់ខ្លួន។ ជាមួយគ្នានេះ ត្រូវអនុវត្តនូវកម្មវិធី គោលនយោបាយ រាជរដ្ឋាភិបាល និងផែនការរបស់ក្រសួង ដែលបានផ្ដល់ឱ្យ។ ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលផងដែរ។

លោករដ្ឋមន្ត្រី បានបន្ថែមថាៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់។ ជាមួយគ្នានេះ សម្ដេចបានដាក់ចេញនូវផែនការ ជួយដល់ប្រជាពលរដ្ឋ ដែលជួបកង្វះខាត ដោយបានអនុវត្ត នូវកម្មវិធីជួយដល់ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានផ្ទៃពោះ រហូតដល់សម្រាលកូន។ គោលនយោបាយមួយទៀត គឺបានជួយឧបត្ថម្ភដល់ ប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយបញ្ហាកូវីដ ១៩។

ដោយឡែក ថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយថ្មីមួយទៀត គឺជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលមានអតិផរណា មានហានិភ័យខ្ពស់ដែលកម្មវិធីនេះ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិសាកល ។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរ ជួយដល់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា ។

លោករដ្ឋមន្ត្រី បានលើកឡើងថាៈ ប៉ុន្តែសុំតែម៉្យាង បងប្អូនជាមេឃុំ ចៅសង្កាត់ និងពិសេស លោកមេភូមិ ដែលមានមុខនៅព្រឹកនេះ និងជាអ្នកនៅកៀកនឹងប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យមានតម្លាភាព និងមានភាពស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋ មានទំនុកចិត្តបោះឆ្នោតជូនយើង ជាអ្នកដឹកនាំ នៅមូលដ្ឋាន។

សូមបញ្ជាក់ដែរថា ក្នុងពិធីនេះ គឺត្រូវបានប្រកាស លោក ឈាង ចន្ធី ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោក ថោង ចម្រើន ដែលត្រូវបានប្រកាសឡើង ជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុគ្គនីតិសម្បទា ៕/V

Post navigation