Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ប្រា​យុទ្ធ​អំពាវនាវ​ឱ្យ​បញ្ចប់​ជម្លោះ​ទាក់ទង​នឹង​មួយ​ថៃ​និង​គុន​ខ្មែរ​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការឈ្លោះប្រកែក​គ្នា “​ឥត​ខ្លឹមសារ​” ជុំវិញ​ថា​តើ​ប្រដាល់​ប្រពៃណី​គួរ​ហៅ​ថា​មួយ​ថៃ​ឬ​គុន​ខ្មែរ ជា​ពាក្យ​ដែល​កម្ពុជា​ប្រើ​សម្រាប់​ទទួល​ព្រឹត្តិការណ៍ SEA Games នៅ​ខែ​ឧសភា​។​

​ឧត្តមសេនីយ៍ប្រា​យុទ្ធបា​ន​ថ្លែង​បែប​នេះក្នុង​អំឡុង​ពេល​ចុះ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​មួយ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​នៅ​អគារ​សន្តិ​មន្ត្រី​របស់​វិមាន​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ទិវា​កីឡា​មួយ​ថៃ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃទី ៦ កុម្ភៈ មុន​ពេល​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​។

​ជម្លោះ​ជុំវិញ​ឈ្មោះ​កីឡាប្រដាល់​នេះ​បាន​ផ្ទុះឡើង​នៅ​ពេល​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ SEA Games នាពេលខាងមុខ បាន​ប្តូរ​ឈ្មោះ​ព្រឹត្តិការណ៍​នេះ​ពី​មួយ​ថៃ​ទៅ​គុន​ខ្មែរ ដោយ​លើកឡើង​ថា​ក្បាច់គុន​​បុរាណ​នេះ​មាន​ប្រភព​ដើម​ចេញ​ពី​វប្បធម៌​ខ្មែរ ទោះបីជា​ឈ្មោះ​មួយ​ថៃ​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ក៏​ដោយ​។​

​លោក​ប្រា​យុទ្ធ​បាន​និយាយថា “​មួយ​ថៃ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ថៃ​ជា​យូរ​មក​ហើយ ហើយ​យើង​មាន​មោទនភាព​ចំពោះ​វា​។ ប៉ុន្តែ​វា​មិន​ចាំបាច់​សម្រាប់​យើង​ទៅ​ឈ្លោះ​ជាមួយ​នរណា​នោះទេ​។​គ្មាន​នរណា​​ម្នាក់​អាច​យក​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​បាន​ទេ​។ មិន​ថា​នរណា​និយាយ​អ្វី​នោះ​ទេ វា​មិនគួរ​វិវត្ត​ទៅ​ជា​ជម្លោះ​នោះ​ទេ​។ សូម​បញ្ឈប់​ការឈ្លោះប្រកែក​នេះ​ទៅ​”​។

​នាយករដ្ឋមន្ត្រី​និយាយថា​មានការ​ឈ្លោះ​គ្នា​អំពី​ឈ្មោះ​កីឡាប្រដាល់​នេះ​នៅលើ​បណ្តាញ​សង្គម​។ លោក​និយាយថា “​ការ​ធ្វើ​បែប​នេះ​គ្មាន​ន័យ​នោះទេ​។ យើង​ដឹង​ថា​អ្វី​ជា​អ្វី​ហើយ​”​។

​លោក​ប្រា​យុទ្ធ​បាន​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​ក្បាច់គុន​មួយ​ថៃ ដោយ​បង្អួត​ជំនាញ​ប្រដាល់​របស់គាត់​ជាមួយ​អ្នក​ប្រយុទ្ធ​មួយ​ថៃ ដោយ​ញ៉ាំងឱ្យ​បរិយាកាស​រស់​រវើក និង​ទាក់ទាញ​ការ​ទះដៃ​អបអរ​៕

ក្នុងពេល​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​ក្បាច់គុន​មួយ​ថៃ ​លោក​ប្រា​យុទ្ធ​និយាយថា “​មួយ​ថៃ​” នឹង​នៅតែ​ជា​របស់​ថៃ​ជា​រៀងរហូត​

Post navigation