Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា ដឹកនាំប្រជុំពិភាក្សារៀបចំ យន្តការសម្របសម្រួល​ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ

Views: 8

ដោយៈមុនីរ័ត្ន / ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការកំណែទម្រង់ ការងារប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាតំណាងលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា រៀបចំយន្តការសម្របសម្រួល ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តាមប្រព័ន្ធវីដេអូ Zoom ។

លោក ស សុខា បានគូសបញ្ជាក់ថាៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងន័យ ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្ស ឲ្យមានការខិតខំប្រឹងប្រែង សិក្សារៀនសូត្រ និងការលើកកម្ពស់គុណភាពអប់រំ ក្នុងគោលដៅចូលរួមចំណែក អភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក ស សុខា ក៏បានថ្លែងអំណរគុណ ដល់អាណាព្យាបាល សិស្សានុសិស្សទាំងអស់ ដែលបានគាំទ្រទាំងស្មារតី និងធនធានថវិកា ជំរុញលើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ។ ក្នុងនោះដែរ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងនាពេលកន្លងមក បើទោះជាក្នុងរយៈពេលកន្លងមកនេះ នៅគ្រប់ភូមិសិក្សា មិនថា កម្រិតបឋមសិក្សា ឬមធ្យមសិក្សា ទាំងរដ្ឋ និងឯកជន ត្រូវបានបិទដោយសារបញ្ហាកូវីដ-១៩ ជាង២ឆ្នាំកន្លងមកនេះ ។ ក្នុងនោះ មានការបង្រៀនតាម Online រៀនពីចំងាយ តាមរយៈឯកសារ និងស្វ័យសិក្សា។

លោក ស សុខា ប្រធានអង្គប្រជុំ ក៏បានផ្តាំផ្ញើដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៥ ធ្នូ ២០២២ ទាំងអស់ មិនត្រូវធ្វេស ប្រហែស ពោលគឺ ត្រូវពង្រឹងការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងការថែរក្សាសុខភាព អនាម័យ ព្រមទាំងរៀបចំបំពាក់ឧបករណ៍ សម្ភារៈប្រើប្រាស់ ឱ្យបានគ្រប់គ្រាន់ សំដៅការពារដល់ អ្នកមានភារកិច្ច នៅតាមមណ្ឌលប្រឡង រួមទាំងបេក្ខជន ចូលរួមប្រឡង និងភាគីពាក់ព័ន្ធដទៃទៀត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ ណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណា ឱ្យការប្រឡងដំណើរការបានទៅ ដោយរលូន ជោគជ័យ សុក្រិត និងយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ កម្មវិធីកំណែទម្រង់ របស់រាជរដ្ឋាភិបាល ។ ដើម្បីឈានទៅសម្រេចបាន នូវគោលបំណងនេះ ត្រូវទាមទារជាចាំបាច់ នូវការចូលរួមសហការ និងយកចិត្តទុកដាក់ខ្ពស់ ពីភាគីមួយចំនួន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីអប់រំយុវជន និងកីឡារាជធានី ខេត្ត កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងភាគីដទៃទៀត ដោយដាក់ចេញនូវយន្តការច្បាស់លាស់ ទៅលើការងាររដ្ឋបាល បច្ចេកទេស សន្តិសុខ សុវត្ថិភាព និងសុខភាព ព្រមទាំងការចូលរួមពីសំណាក់ គណៈមេប្រយោគ គណៈកម្មការនានា បេក្ខជនប្រឡង អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋទូទៅផងដែរ។

បើតាមរបាយការណ៍ លោកបណ្ឌិត ហួ ឈុនគ្រី ប្រធានគណៈគ្រប់គ្រងកិច្ចការប្រឡង ក្នុងឆ្នាំសិក្សា ២០២១-២០២២ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ បានឱ្យដឹងថាៈ បេក្ខជនបានចុះឈ្មោះប្រឡង រួមមាន ៖ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត ថ្នាក់វិទ្យាសាស្រ្តសង្គម ចំណេះដឹងទូទៅ បេក្ខជនស្វៃរិន បេក្ខជនបំពេញវិជ្ជា បេក្ខជនស្វៃរិន -បំពេញវិជ្ជា បេក្ខជនភាសាអង់គ្លេស និងភាសាបារាំង សរុបទូទាំងប្រទេស មានចំនួន ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់ និងត្រូវបានកំណត់ ចំនួន ២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ។ ចំណែកមណ្ឌលប្រឡង មានចំនួន ២២១ នៅទូទាំងប្រទេស បើធៀបទៅនឹងឆ្នាំសិក្សា ២០២០-២០២១ គឺកើនឡើង ១៧មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ ។ ក្នុងនោះចំនួនមណ្ឌលថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៧៦មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ១៤៥មណ្ឌល និងធ្វើការបែងចែកជា ៣ គឺ មណ្ឌលធំ មណ្ឌលមធ្យម មណ្ឌលតូច ទៅតាមទីតាំងភូមិសាស្រ្ត និងចំនូនបេក្ខជន។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបណ្ឌិត ហួ ឈុនគ្រី អធិការរង នៃអគ្គាធិការដ្ឋាន និងជាប្រធាននាយកដ្ឋាន កិច្ចការប្រឡង ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ ស្ថិតក្រោមក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកការងារអប់រំ សន្តិសុខ សណ្តាប់ធ្នាប់ ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធាន ស.ស.យ.ក. រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕ V / N

Post navigation