Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក យ៉ង សាំងកុមារ​ សុំជួបពិភាក្សាផ្ទាល់មាត់ជាមួយសម្តេចតេជោ​ ហ៊ុន​ សែន​

Views: 7

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក​ និងជាអតីតបេក្ខជននាយករដ្ឋមន្ត្រី​នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ បានប្រាប់​រស្មីកម្ពុជាថា​ លោកបានជួបជាមួយរដ្ឋមន្ត្រីកសិកម្មថ្មី បានបង្ហាញពីចេតនារបស់លោក ក្នុងការចូលរួមដោះស្រាយបញ្ហាកសិកម្ម ជាពិសេសផ្នែកទីផ្សារស្រូវអង្ករ។ ក៏ប៉ុន្តែសំបុត្រដែលសុំចូលរួមជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គឺលោកមិនទាន់បានជជែកឆ្លង ជួបពិភាក្សាផ្ទាល់មាត់ជាមួយសម្តេចតេជោ​ ហ៊ុន​ សែន ព្រោះតាមផែនការលោកត្រូវចង់សុំជួបជាមួយសម្តេចតេជោ ជជែកពីចេតនា និងផែនការរបស់លោកសិន។

លោកបន្តថា ប្រសិនជាសម្តេចតេជោ​ ហ៊ុន​ សែន​ ឯកភាពទៅលើចេតនា និងផែនការជាក់លាក់របស់លោក លោកអាចធ្វើការសម្រេចចិត្តចូលរួម ឬមិនចូលរួម ជាផ្លូវការ ហើយនឹងប្រកាសនៅថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០២២​ ខាងមុខនេះ។អ៊ីចឹងសំបុត្រ ដូចជាផ្សព្វផ្សាយមុនពេលបន្តិច។

លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក​ និងជាអតីតបេក្ខជននាយករដ្ឋមន្ត្រី​ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយនេះ លោកបណ្ឌិត យ៉ង សាំង កុមារ បានគូស​បញ្ជាក់ពីមូលហេតុដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។ ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

លោកបញ្ជាក់ថា​ «ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ង សាំង កុមារ នៅក្នុងស្នើសុំចូលរួមជីវភាពនយោបាយនោះ។

ក្រៅតែពីការធ្វើលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូនសម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕សរន

Post navigation