មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក សំ ទិត្យសីហា គ្រោងដាក់ពាក្យទៅក្រសួងមហាផ្ទៃជាថ្មី ដើម្បីសុំផ្ទេរកូនក្ដីរបស់ខ្លួនពីពន្ធនាគារខេត្តព្រះវិហារមកភ្នំពេញ ក្រោយពីលិខិតទីមួយផ្ញើទៅក្រសួងកាលពីចុងខែសីហាកន្លងទៅ មិនមានការឆ្លើយតប។
មេធាវីការពារក្ដីកញ្ញា សេង ធារី គឺលោក សំ ទិត្យសីហា និងអតីតមេធាវី លោក ជូង ជូងី ថាការដែលដាក់ពាក្យស្នើសុំនេះ ដោយសារតែការយកកូនក្ដីទៅឃុំនៅកន្លែងឆ្ងាយ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកផ្លូវចិត្តលើកូនក្ដីរបស់ខ្លួន ព្រោះភាពឯកោ ខណៈអ្នកស្គាល់ និងសាច់ញាតិ ព្រមទាំងមេធាវី ជាដើម ពិបាកក្នុងការធ្វើដំណើរទៅជួប ដោយសារមានចម្ងាយឆ្ងាយ។
មេធាវីការពារក្ដីកញ្ញា សេង ធារី គឺលោក សំ ទិត្យសីហា បានប្រាប់វីអូឌីនៅថ្ងៃនេះថា លោកនៅតែបន្តទាមទារក្រសួងមហាផ្ទៃផ្ទេរកូនក្ដីមកកាន់ពន្ធនាគាររាជធានីភ្នំពេញ ដែលងាយស្រួលក្នុងការជួបសាច់ញាតិ។ បន្ថែមពីនេះ លោក សំ ទិត្យសីហា បានបន្ថែមថាក្នុងនាមលោកជាមេធាវី គ្រោងនឹងបន្តនីតិវិធីធ្វើយ៉ាងណាស្នើសុំឱ្យដោះលែងកញ្ញា សេង ធារី ផងដែរ។
លោកថា៖ «តើគាត់ចង់ឱ្យមេធាវីជួយគាត់ ឬអ្វីផ្សេងទៀតដែលគាត់ត្រូវការទៅតាមផ្លូវច្បាប់ទៅជួយគាត់? ហើយអ្វីដែលសំខាន់នោះ ខ្ញុំបានពិនិត្យសំណុំរឿង ហើយខ្ញុំនឹងធ្វើពាក្យស្នើសុំមកឃុំខ្លួនគាត់នៅពន្ធនាគារព្រៃសវិញ»។
អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានឆ្លើយតបទៅកាន់មេធាវីការពារក្ដីកញ្ញា សេង ធារី ឱ្យដាក់លិខិតម្ដងទៀតទៅកាន់ក្រសួងមហាផ្ទៃ ហើយលោកថា ការសម្រេចផ្ទេរ ឬយ៉ាងណា គឺអាស្រ័យលើក្រសួងសាម៉ី។
លោកថា៖ «អាហ្នឹងយកល្អធ្វើលិខិតមួយមកក្រសួងមក! ត្រង់នេះ ខ្ញុំពិបាកឆ្លើយ ដាក់លិខិតមក ហើយក្រសួងនឹងឆ្លើយតបទៅវិញជាលាយលក្ខណ៍អក្សរអ៊ីចឹងទៅ»។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ បានយល់ឃើញជុំវិញករណីកញ្ញា សេង ធារី ថាការដោះលែង ឬយ៉ាងណា គឺអាស្រ័យលើតុលាការរកឃើញភស្ដុតាងកម្រិតណា តែយ៉ាងណា ករណីនេះ លោកយល់ថាជារឿងនយោបាយច្រើនជាង។
លោកបន្ថែមថា មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់ដោះលែងអ្នកទោសនយោបាយ ក្នុងនោះរួមមានកញ្ញា សេង ធារី តាមការស្នើពីប្រធានាធិបតីសហរដ្ឋអាមេរិកនៅឡើយទេ ដូច្នេះលោកយល់ថា ការមិនដោះលែងនេះនឹងអាចធ្វើឱ្យមានផលអវិជ្ជមានទៅលើរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋខ្មែរផងដែរ។
លោកថា៖ «បើមិនពិចារណានៅក្នុងផ្លូវមួយដែលភាគីផ្សេងអាចទទួលយកបាន ពិសេសសហរដ្ឋអាមេរិកហ្នឹង វាច្បាស់ជាមានទំនាក់ទំនងអាក់អន់ចិត្តគ្នាហើយជាពិសេសការពាក់ព័ន្ធនឹងការផ្ដល់នូវជំនួយ ឬក៏ការលើកលែងនូវ GSP អ៊ីចឹងទៅ ឬការដាក់នូវទណ្ឌកម្ម»។
ក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិក លោក ចូ បៃដិន ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងកិច្ចប្រជុំអាស៊ានកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងអ្នកជាប់ឃុំដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយ និងមេធាវីអន្តរជាតិដែលមានសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី ព្រមទាំងស្នើឱ្យបើកលំហសិទ្ធិពលរដ្ឋ សង្គមស៊ីវិល និងសិទ្ធិនយោបាយឡើងវិញ នៅមុនការបោះឆ្នោតឆ្នាំ២០២៣។
កញ្ញា សេង ធារី ជាពលរដ្ឋដើមកំណើតខ្មែរ ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
ក្រៅពីកញ្ញា សេង ធារី ចៅក្រមជំនុំជម្រះ ក៏បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ដាក់ពន្ធនាគារចន្លោះពី៥ទៅ៨ឆ្នាំ ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ថ្ងៃ «៩វិច្ឆិកា» របស់លោក សម រង្ស៊ី។
ក្រោយការប្រកាសសាលក្រមមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីភ្នំពេញបានបញ្ជូនកញ្ញា សេង ធារី ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ក្រោមហេតុផលដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ប៉ុន្តែលោក ជូង ជូងី ដែលជាអតីតមេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ចាត់ទុកការលើកឡើងនេះថាជាហេតុផលដែលមិនអាចទទួលយកបាន៕