Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេបញ្ជាការ​កងទ័ពជើងគោក ៖ “​តម្លៃ​របស់​សិល្បៈ​វប្បធម៌ មាន​ទិដ្ឋភាព​បួន​សំខាន់ៗ ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​”

Views: 3

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ “​យើង​ត្រូវមាន​មោទនភាព​ចំពោះ​ទម្រង់​សិល្បៈ​ដែល​ខ្លួន​យើង​មាន និង​ឱ្យ​តម្លៃ​អ្វីដែល​យើង បាន​ខិតខំ​បង្កើត និង​កសាងបាន​។ ជារួម តម្លៃ​របស់​សិល្បៈ​វប្បធម៌ មាន​ទិដ្ឋភាព បួន សំខាន់ៗ ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​គឺ​៖ (១). សោភ័ណភាព ដែល​សំដៅលើ​ទឹកដៃ គំនិត​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់​សិល្បក​រ កវីនិពន្ធ (២). ខ្លឹមសារ​ដែល​សំដៅលើ​អត្ថន័យ​គុណធម៌ សីលធម៌ គតិ​ធម៌ និង​ឧ​ត្ត​ម​គតិ ដែលមាន​មូលដ្ឋាន ក្នុង​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ (៣). ការបង្ហាញ​ដែល​សំដៅលើ​ការបង្ហាញ​អត្តសញ្ញាណ មួយ ដែល​ពិតប្រាកដ និង​មាន​ប្រវត្តិ​សាវតារ​ត្រឹមត្រូវ (៤). ចំណង់​ចំណូលចិត្ត ដែល​សំដៅ​ទៅដល់​ការទាក់ទាញ ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​មហាជន​”​។​

​នេះ​ជាការ​បញ្ជាក់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​ថ្នាក់ដឹកនាំ​សិល្បៈ សិល្បករ សិល្បការិនី នៃ​សិល្បៈ​ទាំង ៧ ទម្រង់ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នេះ​។​

​មេបញ្ជាការ​កងទ័ពជើងគោក បានបញ្ជាក់​ទៀតថាៈ នៅក្នុង​របត់​សាកលភាវូបនីយកម្ម ដូច​ពេលបច្ចុប្បន្ន តែងមាន​ការផ្សារភ្ជាប់​គ្នា និង​ការចែករំលែក​គ្នា ទៅវិញទៅមក ដែល​ធ្វើឱ្យមាន​ទាំង​ការអភិរក្ស​វប្បធម៌ និង​ការអភិវឌ្ឍ​វប្បធម៌​។ ដូចនេះ យើង​មិនអាច​នៅ ស្ងៀម​នឹងថ្កល់​នោះទេ គឺ​យើង​ត្រូវតែ​ធ្វើដំណើរ​ទៅមុខ ស្រប​ជាមួយនឹង​ការវិវឌ្ឍ​នៃ​សង្គមជាតិ និង​ដោយ​ចាំបាច់​ត្រូវ​ថែរក្សា​ជានិច្ច នូវ​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ ជាអាទិ៍​៖ (១). សាសនា (២). ភាសា (៣). តួអក្សរ​ខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែល​យើង​ត្រូវ​បន្ត​ថែរក្សា កុំឱ្យ​មានការ​បាត់បង់ ទោះបី​ស្ថិតនៅក្នុង​ការអភិវឌ្ឍ យ៉ាងណាក៏ដោយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថាៈ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់ឱកាស និង​សិទ្ធ​សេរីភាព ដល់​បងប្អូន ប្រជាពលរដ្ឋ ជាពិសេស​សិល្បករ សិល្បការិនី​គ្រប់​ទម្រង់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ចំណេះដឹង និង​បទពិសោធន៍​តាមរយៈ​ការ​ចេញទៅ​សិក្សា​នៅ​បរទេស និង​ការចេញ ទៅ​សម្តែង នៅតាម​បណ្តា​ប្រទេស​នានា ជាច្រើន លើ​សកលលោក ជាដើម​។ ជាមួយនេះ រាជរដ្ឋាភិបាល ក៏បាន​រៀបចំ​កសាង​បរិស្ថាន​អនុគ្រោះ​ទាំងឡាយ ដែល​រួមទាំង​មូលដ្ឋាន បទដ្ឋាន​គតិយុត្ត ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ ដើម្បី​ធ្វើយ៉ាងណា បង្កលក្ខណៈ និង​លើកទឹកចិត្ត ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន តាមរយៈ​ការធានា នូវ​សិទ្ធិសេរីភាព របស់​សិល្បករ សិល្បការិនី ក្នុង​ការផលិត និង​បង្កើត​ច្នៃប្រឌិត​ស្នាដៃ​ថ្មីៗ ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​រស់​រវើក​ប្រសើរឡើង​។ ក្នុងន័យនេះ កូន​ខ្មែរ​គ្រប់​ជំនាន់ តទៅ​មុខ មាន​តួនាទី និង​ភារកិច្ច សំខាន់ ដើម្បី​បន្ត​ថែរក្សា និង​អភិរក្ស​កេរដំណែល​សិល្បៈ​វប្បធម៌ ពី​ដូនតា​យើង ហើយក៏​ត្រូវខិតខំ​រិះរក ច្នៃប្រឌិត អភិវឌ្ឍន៍​ស្នាដៃ​បន្ថែមទៀត ឱ្យ​កានតែ​រីកចម្រើន លូតលាស់ ឥតឈប់ឈរ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី​ទាំងអស់ សម្រាប់​ការរៀបចំ​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ដ៏​មាន​អត្ថន័យ​នេះ និង​សូម​អរគុណ ចំពោះ​វីរ​សិល្បករ សិល្បការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លក​សិល្បករ សិល្បការិនី​បន្តវេន និង​តារា​សម្តែង​ទាំងអស់ ដែល​បាន​ខិតខំ​ថែរក្សា​អភិ​វ​ក្ស​កេរដំណែល សិល្បៈ​វប្បធម៌​ខ្មែរ និង​បាន​បន្ត​អភិវឌ្ឍន៍​ស្នាដៃ ឱ្យបាន​កាន់តែ​ខ្ពស់​ឡើង ទៅមុខ​បន្ថែមទៀត សំដៅ​ចូលរួមចំណែក​កសាង​សង្គមជាតិ​មួយ ដែល​ប្រកបដោយ​ភាពសុខដុមរមនា សុភមង្គល និង​សុខសន្តិភាព​៕/V

​រូប​ថ​តៈ​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​

Post navigation