Views: 1
ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ មេបញ្ជាការយោធា ខេត្តប៊ីញភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម តាមរយៈក្រុមបច្ចេកទេស ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម K៧២ បានប្រគល់មីជាតិ ចំនួន ៥០០ កេស ដល់លោឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់សកម្មភាពមនុស្សធម៌ ជួយដល់អតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ដែលពិធីនេះ បានប្រព្រឹត្តទៅ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ង្វៀន ចុកអាញ់ អនុប្រធានក្រុមការងារបច្ចេកទេសជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម (K៧២) ក្នុងបេសកកម្មនៅខេត្តកំពង់ធំ បានបញ្ជាក់ថាៈ ដោយឃើញពីសកម្មភាពដ៏មមាញឹករបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្នុងការធ្វើសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ មេបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជន វៀតណាម បានសម្រេចជួយឧបត្ថម្ភថវិកា សម្រាប់ទិញមីជាតិរបស់កម្ពុជា ចំនួន ៥០០ កេស ផ្តល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បន្តសកម្មភាព ការងារមនុស្សធម៌បន្តទៀត ។
លោឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះមេបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម ដែលបានជួយផ្តល់គ្រឿងឧបភោគបរិភោគ នៅពេលនេះ ដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយដល់បងប្អូនអតីតយុទ្ធជន និងប្រជាជនដែលមាន ជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ ៕/V/R



